កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា​ស្ថិត​ក្នុងចំណោម​២០​ក្រុម​ហាលអាវ ក្រោយ​ឆ្លងកាត់​ត្រឹម​២​ប្រកួត​
25, Mar 2019 , 12:27 pm        
រូបភាព
 ឆ្លងកាត់​ត្រឹម​២​ប្រកួត​ក្នុង​ពូ​ល​នីមួយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ AFC U23 Championship 2020 យើង​បាន​រកឃើញ​ក្រុម​ដែល​ត្រូវ​ហាលអាវ​រហូតដល់​ទៅ​២០​ក្រុម​ឯណោះ ក្នុងចំណោម​ក្រុម​ទាំង​៤៣​។ កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​ប្រកួត​ជម្រុះ​ពូ​ល H ក៏​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​ដែរ​ក្រោយ​បរាជ័យ​ទាំងពីរ​ប្រកួត​។​

 
​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​លពី A ដល់ K នៃ​ពានរង្វាន់ AFC U23 Championship បានសម្រេច​ចំនួន ២​ប្រកួត​រៀងៗ​ខ្លួន​រួចរាល់​ហើយដោយ​ក្នុងនោះ​២០​ក្រុម​ត្រូវ​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត ខណៈ​២៣​ក្រុម​ទៀត​ត្រូវ​ប្រជែង​គ្នា​នៅ​ជំនួប​លើក​ទី​៣ ដើម្បី​សម្រេចយក​១៦​ក្រុម​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ ឆ្នាំ​២០២០​។​
 
២០​ក្រុម​ដែល​ហាលអាវ​រួមមាន កម្ពុជា ឆាយ​នី​ស​តា​យ​ប៉ិ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ ទី​ម័​រ​ខាងកើត ម៉ា​កាវ ម៉ុង​ហ្គោ​លី ឥណ្ឌា កូ​វ៉ែត កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម៉ា​ល់​ឌី​វ លី​បង់ យេ​មែន តួ​កមេ​នី​ស្ថាន ស្រីលង្កា បង់​ក្លា​ដែ​ស ណេ​ប៉ាល់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
 
​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់ ក្នុងចំណោម​១១​ពូ​ល មាន​៩​ពូ​ល​ឯណោះ​ដែលមាន​ក្រុម​ចំនួន​២​បាន​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​ដ្បិត​ពួកគេ​បរាជ័យ​ទាំងពីរ​ប្រកួត​រៀងខ្លួន​។ លើកលែងតែ​ពូ​ល H មានតែ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ប៉ុណ្ណោះ​ដែល​ហាលអាវ​មុនគេ ខណៈ​៣​ក្រុម​ទៀត​រួមមាន ហុងកុង កូរ៉េខាងជើង និង​សិង្ហ​បុរី ត្រូវ​ប្រជែង​គ្នា​នៅ​ប្រកួត​ចុងក្រោយ​ដើម្បី​ដណ្តើម​លេខ​១ និង​លេខ​២​ល្អ​បំផុត​។​
​ដោយឡែក​ពូ​ល  F ពិសេស​ជាងគេ​គឺមាន​តែ​៣​ក្រុម​ប្រកួតប្រជែង ដ្បិត​ប៉ា​គី​ស្ថាន​ដកខ្លួន​។ ពូ​ល​នេះ​ឥណ្ឌា​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​ក្រោយ​បរាជ័យ​ទាំងពីរ​ប្រកួត​។ ដោយសារ​មាន​៣​ក្រុម ដូច្នេះ​ពូ​ល​នេះ​មានតែ​២​ប្រកួត​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​ទី​២​ពិ​បាន​នឹង​ប្រជែង​យក​ក្រុម​លេខ​២​ល្អ​បំផុត​ជាមួយ​លេខ​២​ពូ​ល​ដទៃ​។​
 
​ព្រឹត្តិការណ៍ AFC U23 Championship គឺ​ត្រូវ​ជ្រើស​រើសយក​១៦​ក្រុម​ដើម្បី​ទៅ​ប្រជែង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ថៃ​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០​។ ក្នុងចំណោម​១៦​ក្រុម​គឺ​ត្រូវ​ជ្រើស​រើសយក​១១​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១​ពី​ការប្រកួត​ជម្រុះ​ទាំង​១១​ពូ​ល ហើយ​៥​ក្រុម​ទៀត​គឺ​ត្រូវ​ជ្រើស​យកតាម​ការផ្ទៀងផ្ទាត់​រវាង​ក្រុម​លេខ​២​តាម​ពូ​ល​នីមួយ​ដែលមាន​ពិន្ទុ​និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​ជាងគេ​។ ទាំងនេះ​គឺ​ក្នុង​លក្ខខណ្ឌ​ដែល​ថៃ​បាន​ចំណាត់ថ្នាក់​ទី​១​ក្នុង​ពូ​ល​។​
 
​ប៉ុន្តែ​ប្រសិនបើ​ថៃ​បាន​ចំណាត់ថ្នាក់​លេខ​២ ឬ​ក្រោម​នេះ​ក្នុង​ការប្រកួត​ជម្រុះ​នេះ នោះ​មានន័យថា​ក្រុម​លេខ​២​ល្អ​បំផុត​ត្រូវ​បន្ថយ​សល់​តែ​៤​ក្រុម​ប៉ុណ្ណោះ​ព្រោះ​ត្រូវ​ទុក​មួយ​កៅអី​ឲ្យ​ថៃ​ដែលជា​ម្ចាស់ផ្ទះ​៕
 
 

Tag:
 បាល់ទាត់​
  AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com