ជាតិ
ការបើកប្រាក់​អតីតភាព​ការងារ​២០១៩-២០២០ របស់​កម្មករ ត្រូវ​ពន្យារពេល​
03, Jun 2020 , 9:32 am        
រូបភាព
កម្មករនៅក្រៅម៉ោងធ្វើការ នៅខេត្តបន្ទាយមានជ័យ (រូបតំណាង, ប្រភពពីទំព័រហ្វេសប៊ុករបស់សម្ព័ន្ធសហជីពចលនាកម្មករ)
កម្មករនៅក្រៅម៉ោងធ្វើការ នៅខេត្តបន្ទាយមានជ័យ (រូបតំណាង, ប្រភពពីទំព័រហ្វេសប៊ុករបស់សម្ព័ន្ធសហជីពចលនាកម្មករ)
ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រាប់​ឲ្យ​ម្ចាស់​រោង​ក​ច្រ​និង​ម្ចាស់​សហគ្រាស ពន្យារពេល​បើកប្រាក់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដល់​កម្មករនិយោជិត​ដោយ​លើក​ទៅ​បើក​នៅក្នុង​ឆ្នាំ​២០២១​វិញ​។ ចំពោះ​ចំណាត់ការ​នេះ មេ​សហជីព មិន​គាំទ្រ​ឡើយ ដោយសារ​ស្ថានភាព​របស់​កម្មករនិយោជិត កំពុង​ខ្វះខាត​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។


​តាមរយៈ​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​២ មិថុនា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ អះអាងថា ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន រដ្ឋាភិបាល សម្រេច​ឲ្យ​ម្ចាស់​រោងចក្រ​និង​ម្ចាស់​សហគ្រាស ពន្យារពេល​បើកប្រាក់​បំ​ណា​ច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ដល់​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង ស្បែកជើង​។ លោក បន្តថា ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០ ម្ចាស់​រោង​ក​ច្រ​និង​ម្ចាស់​សហ​គ្រា​គ្រប់​វិស័យ ក៏ត្រូវ​ពន្យារពេល​បើក​ដែរ ពោលគឺ​ត្រូវ​បើក​ក្នុង​ឆ្នាំ​២០២១​។ 
 
​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ទទួលស្គាល់ថា អំឡុងពេល​កូ​វីដ​១៩ ទាំង​និយោជក និង​កម្មករនិយោជិត សុទ្ធតែ​ជួប​ការខ្វះខាត ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា លោក​មិន​គាំទ្រ​ការពន្យារ​ពេ​លើក​ប្រាក់​អតីតភាព​ការងារ​ឡើយ​។ លោក បកស្រាយ​ថា ភាពខ្វះខាត​របស់​កម្ម​ករ​និយោជិត អាច​គ្មាន​ប្រាក់​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ​ឬ​ខ្វះ​ស្បៀងអាហារ ដែល​ខុសគ្នា​ឆ្ងាយ​រវាង​ការខ្វះខាត​របស់​និយោជក ដោយ​គ្រាន់តែ​មិនបាន​ផលចំណេញ​។ 
 
​លោក មានប្រសាសន៍ថា​៖«​ពេល​រដ្ឋាភិបាល ចេញ​សេចក្ដីសម្រេច​ម្ដង មិនបាន​ជជែក​ជាមួយ​សហជីព​ឬ​កម្មករ ហើយ​ចេះតែ​ចេញ​បែប​ហ្នឹង ខ្ញុំ​គិតថា​កម្មករ​យើង​ប៉ះពាល់​រង​ការលំបាក​ខ្លាំងណាស់ មិនគួរ​ធ្វើ​សេចក្ដីសម្រេច​ផ្សេងៗ ដោយ​គិតថា​និយោជក​ពិបាក​បែប​ហ្នឹង​ទេ គួរតែ​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​មុន​ចេញ​សេចក្ដីសម្រេច​»​។ លោក បន្ថែមថា ប្រាក់​បំណាច់​អតីតភាព​នេះ មិន​ច្រើន​ទេ ដែល​ជាម​ធ្យោ​ម អាច​បាន​ប្រមាណ​១៥០​ដុល្លារ ក្នុង​ម្នាក់ និង​អាស្រ័យ​លើ​ប្រាក់ខែ​នៃ​កម្មករនិយោជិត​។ ប៉ុន្តែ​មេ​សហជីព​រូបនេះ អះអាងថា ប្រាក់​ទាំងនេះ គឺ​សំខាន់​សម្រាប់​កម្មករនិយោជិត​ណាស់ ព្រោះ​វា​ជួយ​សម្រួល​មួយផ្នែក​ដល់​ការរស់នៅ​របស់​ពួកគេ​៕ 

Tag:
 កម្មករ​កាត់ដេរ​
  ប្រាក់​អតីតភាព​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com