ជាតិ
ពលរដ្ឋមានសិទ្ធិថត និងប្ដឹង បើនគរបាលចរាចរណ៍ពិន័យខុសគោលការណ៍ សកម្មភាពមន្រី្តនគរបាលចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
× ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិអ្នក នាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ពលរដ្ឋ មានសិទ្ធិថត និងប្ដឹងនគរបាលចរាចរណ៍ទៅតុលាការ ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬមិនសុខចិត្ត ពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍របស់នគរបាល។
ដ្បិតបានបើកដៃឲ្យពលរដ្ឋមានសិទ្ធិតតាំងជាមួយនគរបាលក្តី ប៉ុន្តែ លោក ហ៊ាង សុទ្ធាយុត្តិ ក៏អះអាងដែរថាពលរដ្ឋត្រូវតែចេះច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងងាយជជែក ជាមួយនគរបាលដែលប្រព្រឹត្តិខុសគោលការណ៍ ឬឆ្លៀតឱកាសរកប្រាក់ចូលហោប៉ៅខ្លួននោះ។ លោក បញ្ជាក់ថា៖ «ពលរដ្ឋត្រូវដឹងច្បាប់ចរារចរណ៍ឲ្យច្បាស់ ពេលនគរបាលណាខុស គឺយើងដឹង ហើយអាចមានសិទ្ធថត និងប្ដឹងបាន។ ហើយបើពលរដ្ឋមិនពេញចិត្ត រាល់ការផ្អាករបស់នគរបាល អាចមានសិទ្ធថត ប្ដឹង និងកត់ឈ្មោះ។ សំខាន់ឲ្យតែស្គាល់ឈ្មោះនគរបាល និងអង្គភាព ហើយតុលាការ ជាអ្នករកខុសត្រូវឲ្យតាមច្បាប់»។
ទន្ទឹមនឹងនេះ ពលរដ្ឋក៏អាចរាយការណ៍ទៅថ្នាក់ដឹកនាំនៃអង្គភាពនគរបាលបានដែរ បើឃើញនគរបាលណាម្នាក់ អនុវត្តខុសច្បាប់ ដើម្បីឲ្យថ្នាក់លើដោះស្រាយបញ្ហាដែលកើតមាន ឬចាត់វិធានការតាមគោលការណ៍ស្ថាប័ន។ នេះបើតាម លោក ហ៊ាង សុទ្ធាយុត្តិ។
នគរបាលចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាថ្មី ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ គិតពីថ្ងៃទី១ ឧសភា មកដល់ចុងខែមិថុនានេះ មានយានយន្តសរុបជាង ៧ម៉ឺនគ្រឿង ត្រូវបាននគរបាលចរាចរណ៍ឃាត់ផាកពិន័យ ក្នុងនោះមានទោចក្រយាន និងត្រីចក្រយានយន្តជាង៥ម៉ឺនគ្រឿង។ ដោយឡែក ក្នុងខែមិថុនានេះ គិតពីទី១ ដល់ទី២៦មិថុនានគរបាលឃាត់បានយានយន្តល្មើស ជិត៣ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង ២.១ ម៉ឺនគ្រឿង។
ជុំវិញការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ នៅក្នុងខែឧសភា មាននគរបាលចរាចរណ៍៥រូប ត្រូវបានដកតំណែង និងផ្អាកការងារបណ្តោះអាស្ន្ន ដោយសារតែមិនធ្វើការគោលការណ៍ណែនាំ ពេលចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com