ជាតិ
សង្គមជាតិ
មន្ត្រី ពន្យល់ពីការធ្វើបណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជនក្រីក្រដែលទទួលបានអំណោយ និងថវិកា ពីរាជរដ្ឋាភិបាល រូបភាពពីក្រសួងផែនការ
× ភ្នំពេញ៖ ពលរដ្ឋក្រីក្រ ដែលអាចទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលបាន គឺតម្រូវឲ្យមានបណ្ណសមធម៌ (បណ្ណក្រីក្រ ) ដើម្បីឲ្យកុំឲ្យមានជនខិលខូចក្លែងបន្លំធ្វើជាជនក្រីក្រ។ ដើម្បីទទួលបានបណ្ណសមធម៌ ពលរដ្ឋត្រូវមានអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ។ ក្នុងករណីមិនមានឯកសារទាំងនេះទេ ពលរដ្ឋអាចសុំការបញ្ជាក់ពីមេភូមិ ឬ ឃុំ-សង្កាត់។
លោក អ៊ុច គឹមនី អនុប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ពលរដ្ឋដែលមានសិទ្ធិទទួលបានថវិកាពីរាជរដ្ឋាភិបាល គឺពលរដ្ឋដែលមានមានបណ្ណសមធម៌បញ្ជាក់ពីភាពក្រីក្រ ដើម្បីជៀសវាងការក្លែងបន្លំពីជនណាម្នាក់។ តែមុននឹងទទួលបានបណ្ណ ពលរដ្ឋត្រូវមានឯកសារមួយចំនួន រួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ហើយត្រូវបង្ហាញពីទីលំនៅ និងស្ថានភាពជាក់ស្តែង។
បើតាម លោក អ៊ុច គឹមនី ពលរដ្ឋក្រីក្រណាដែលមិនមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើបណ្ណសមធម៌ទេ ពលរដ្ឋអាចទៅសុំឲ្យមេភូមិ ឬមេឃុំ ឬក៏ចៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ថាជាជនក្រីក្រពិតប្រាកដមែន។ លោក បន្តថា ដើម្បីជៀសវាងការក្លែងបន្លំ មន្ទីរផែនការនៅតាមតំបន់នីមួយៗ នឹងចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋក្រីក្រ។
រូបភាពពីក្រសួងផែនការ
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីផ្នែកសង្គមកិច្ចរូបនេះ មានប្រសាសន៍ថា៖«ពលរដ្ឋក្រីក្រដែលត្រូវបានសម្ភាសពីមន្ទីរផែនការរបស់រាជធានីខេត្តនីមួយៗ ត្រូវជាប់នៅក្នុងកម្រិតក្រីក្រ១ ឬក៏ក្រីក្រ២ ទើបពួកគាត់អាចចូលទៅក្នុងកម្មវិធីឧបត្ថម្ភទឹកប្រាក់ពីរាជរដ្ឋាភិបាលបានហើយ។ តែបើគាត់សម្ភាសអត់ជាប់ក្នុងកម្រិតក្រីក្រ១ ឬក្រីក្រ២ទេ ពួកគាត់មិនអាចទទួលបានថវិកាឡើយ»។
ក្រសួងផែនការ បានប្រកាសលេខទូរសព្ទ២ខ្សែ គឺ០៩៥ ៣៦៣ ៦៨៨ និង ០១២ ៣៩១ ០១៦ ដើម្បីឲ្យពលរដ្ឋក្រីក្រ រាយការណ៍ក្នុងករណីពលរដ្ឋបាត់បណ្ណសមធម៌ ឬបណ្ណរហែក ឬក្នុងករណីដែលពលរដ្ឋមិនបានទទួលថវិកា។ ជាមួយគ្នានេះដែរ ក្រសួង នឹងសហការជាមួយនឹងក្រុមការងារមន្ទីរ និងអាជ្ញាធរ ចុះត្រួតពិនិត្យលើភាពមិនប្រក្រតីណា ដែលកើតឡើងក្នុងដំណើរការធ្វើបណ្ណសមធម៌។
លោក អ៊ុច គឹមនី អះអាងថា មានពលរដ្ឋជិត១ម៉ឺនគ្រួសារហើយដែលទទួលបានបណ្ណសមធម៌ និងមានពលរដ្ឋជិតមួយលាននាក់ហើយដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕
Tag:
ក្រសួងផែនការ
បណ្ណសមធម៌
ថវិកា
ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com