ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង បកស្រាយតបការរិះគន់ លើអ្នកបើកឡានក្រុង ដែលដឹកភ្ញៀវទម្លាក់តាមផ្លូវ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រូបភាពពីហ្វេសប៊ុកលោក ឃួង ស្រេង
× ភ្នំពេញ៖ វីដេអូរថយន្តសាលាក្រុង ដែលដឹកភ្ញៀវចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមដងផ្លូវនោះ ត្រូវបានចែកចាយលើបណ្ដាញសង្គម ដោយអមជាមួយការរិះគន់យ៉ាងខ្លាំង។ ពលរដ្ឋបារម្ភថា ភ្ញៀវដែលត្រូវបានទម្លាក់ចុះតាមផ្លូវនោះ មានជំងឺកូវីដ-១៩ ហើយមិនបានធ្វើចត្តាឡីស័ក។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញមុខបកស្រាយតបការរិះគន់ និងព្រួយបារម្ភរបស់មហាជននេះ។
លោក ឃួង ស្រេង បានអះអាងថា ស្ថានការណ៍ជាក់ស្ដែង គឺមិនដូចវីដេអូខ្លីនោះទេ ។ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អ្នកបើករថយន្តក្រុង បានជូនភ្ញៀវដែលចូលមកកម្ពុជាទាំងនោះ ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារហើយ។ លោក បានពន្យល់ថា ក្រោយពីមានករណីនេះ លោកបានសាកសួរទៅខាងអ្នកបើករថយន្តនោះ ដោយរូបគេបានបកស្រាយថា មិនបានទម្លាក់ភ្ញៀវចោលតាមផ្លូវ ដោយពុំគិតពីហានិភ័យឆ្លង និងវិធានការការពារជំងឺកូវីដ-១៩ឡើយ។
បើតាមលោក ឃួង ស្រេង ការឈប់រថយន្តក្រុងនោះ ដោយសារភ្ញៀវចង់យកអីវ៉ាន់ផ្ញើទុកនៅសាច់ញាតិប៉ុណ្ណោះ។ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរាជធានីភ្នំពេញរូបនេះ បានបកស្រាយដូច្នេះថា៖«ករណីហ្នឹងគឺមានការភ័ន្តច្រឡំទេ។ តៃកុងឡាន គាត់ពិតជាឈប់តាមផ្លូវមែន ប៉ុន្តែគាត់អត់ដាក់មនុស្ស(ចុះ)ទេ គាត់(ភ្ញៀវ)សុំឲ្យយកហ្គីតាចេញមួយ។ ដល់អ៊ីចឹងវីដេអូដែលគេថតបាននោះ គេឃើញមនុស្សចេញចូល។ ការពិតមិនមែនចេញចូលទេ គ្រាន់តែដើរចេញពីក្នុងឡានមកយកហ្គីតាដែលគេ(ភ្ញៀវ)ផ្ញើពីអាមេរិកមកឲ្យទៅអ្នកផ្ទះគាត់ ដែលមកទទួលទេ។ គាត់យកហ្គីតាឲ្យបងប្អូនគាត់មុន ដោយគាត់មិនចង់យកហ្គីតាតាមខ្លួន ។ហើយគាត់(ភ្ញៀវ)ហ្នឹង ក៏បន្តទៅធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួង»។
តែយ៉ាងណាលោក ឃួង ស្រេង ក៏ព្រមានចាត់វិធានការលើអ្នកបើករថយន្តសាលាក្រុងណា ដែលហ៊ានទម្លាក់ភ្ញៀវតាមផ្លូវ ដោយមិនបញ្ជូនទៅធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងដែរ។«បើខ្ញុំតាមដានឃើញរឿងហ្នឹង ខ្ញុំនឹងដាក់ទោសគាត់ទៅតាមវិធានកូវីដ-១៩ហើយ។ ការព្រមានរបស់ខ្ញុំនេះ ខ្ញុំចង់ជម្រាបជូនទៅតៃកុងឡានរបស់ខ្ញុំ ឲ្យប្រុងប្រយ័ត្នលើបញ្ហានេះ កុំប្រើមនោសញ្ជេតនា ព្រោះវាជារឿងការពារជំងឺឆ្លង។ ថ្ងៃក្រោយខ្ញុំបានណែនាំអស់ហើយថាមិនត្រូវដាក់អីវ៉ាន់តាមផ្លូវទេ។ ពីព្រោះបើសិនជាមានអ្នកកូវីដក្នុងខ្លួន អ៊ីវ៉ាន់ហ្នឹងក៏អាចចម្លងទៅមនុស្សបានដែរ»។ នេះជាការអះអាងរបស់លោកអភិបាលក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com