ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជាប់​ស្វ័យប្រវត្តិ​ដោយ​គ្មាន​និទ្ទេស​៖ សិស្ស​ខ្លះ​ពេញចិត្ត សិស្ស​ខ្លះ​ចង់​ឲ្យ​ក្រសួង​កំណត់​និទ្ទេស តាម​ពិន្ទុ​ឆមាស​
18, Dec 2020 , 9:29 pm        
រូបភាព
រូបពីឆ្វេងជា​រូ​បយុវសិស្ស គឺម​ ឡុងណាហ៊ាង រូបកណ្តាល ជាយុវសិស្ស ចៅ សុខស្រីពេជ្រ និងរូប​ខាង​ស្តាំជា​រូប​យុវសិស្ស ហួរ ម៉េងហួត​
រូបពីឆ្វេងជា​រូ​បយុវសិស្ស គឺម​ ឡុងណាហ៊ាង រូបកណ្តាល ជាយុវសិស្ស ចៅ សុខស្រីពេជ្រ និងរូប​ខាង​ស្តាំជា​រូប​យុវសិស្ស ហួរ ម៉េងហួត​
ដោយ:
​ភ្នំពេញ​៖ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) មួយចំនួន សប្បាយចិត្ត នៅពេលដែល​រដ្ឋាភិបាល សម្រេច​ឲ្យ​ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​កំណត់​និទ្ទេស​។ ប៉ុន្តែ​សិស្ស​ខ្លះទៀត មិនទាន់​ពេញចិត្ត​នឹង​លទ្ធផល​របស់ខ្លួន​ឡើយ ដោយ​ពួកគេ​ចង់​ឲ្យ​ក្រសួង​យក​លទ្ធផល​ប្រចាំឆមាស​លើក​ទី​១ និង​ទី​២​មក​កំណត់​ជា​និទ្ទេស ទើប​បញ្ជាក់​ពី​សមត្ថភាព​ខ្លួន​។

 
​យុវ​សិស្ស​មួយចំនួន ដែល​បាន​ប៉ងប្រាថ្នា​ចង់បាន​និទ្ទេស​ខ្ពស់ សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​សោកស្តាយ​ដែល​មិនបាន​ប្រឡង និង​មិនអាច​យក​និទ្ទេស​ដែល​ស័ក្តិសម​នឹង​សមត្ថភាព​របស់ខ្លួន​។ ប៉ុន្តែ​សិស្ស​មួយចំនួនទៀត ហាក់​មិនមាន​ការតវ៉ា​ឡើយ​។​
 
​ជា​សិស្ស​ស្វ័យរិន និង​បំពេញវិជ្ជា ក្រោយ​ប្រឡង​ធ្លាក់​បាក់​ឌុប ២​ឆ្នាំ​មកហើយ នៅ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ យុវជន គីម តាំង​ឃុន បាន​និយាយថា ខ្លួន​ពិតជា​សប្បាយចិត្ត​នៅពេលដែល​មានឱកាស​ជាប់​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ​នេះ​។ យុវ​សិស្ស​ស្វ័យរិន​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការជាប់​បាក់​ឌុប​ឆ្នាំនេះ​វា​ជា​សំណាង​មួយ​សម្រាប់​ខ្ញុំ​ដែរ​។ ពីព្រោះ​ខ្ញុំ​អាច​បន្តទៅ​រៀន​នៅ​ផ្នែក​ច្បាប់​នៅតាម​សកល​វិទ្យាល័យ​នីមួយៗ​បាន​»​។ 
 
​មិន​ខុសគ្នា​នោះទេ យុវតី ហួរ ម៉េង​ហួត ក៏​យល់ថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល និង​ក្រសួង​អប់រំ ពិតជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ និង​សមស្រប ក្នុងការ​ធានា​ដល់​សុវត្ថិភាព​សិស្សានុសិស្ស និង​ទុក្ខលំបាក​សិស្ស ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ យុវ​សិស្ស នៅ​វិទ្យាល័យ​ឫស្សីកែវ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត 
​បើ​ខ្ញុំ​ប្រឡង ប្រហែលជា​អត់​បាន​លទ្ធផល​ល្អ​ទេ​។  បើសិនជា​ប្រឡង​យើង​អាច​នឹង​ងាយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ (​ក្រសួង​អប់រំ​) គាត់​ធ្វើ​អ៊ីចឹង​(​សម្រេច​ឲ្យ​ជាប់​ស្វ័យប្រវត្តិ​) អ្នកខ្លះ​គេ​អត់​ពេញចិត្ត​ទេ​។ តែ​ខ្ញុំ​មិនមែនជា​សិស្ស​ពូកែ​អ្វី​ទេ គាត់​ចេញ​អ៊ីចឹង​ក៏​ល្អ​ដែរ ដើម្បី​ធានា​សុវត្ថិភាព​សិស្ស​»​។​
 
​ផ្ទុយ​ពី​ការយល់ឃើញ​របស់​យុវ​សិស្ស​ទាំងពីរ​នេះ យុវ​សិស្ស គឹម ឡុង​ណា​ហ៊ាង ដែល​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក ហាក់បី​អន់ចិត្ត​ទៅវិញ​ទេ ក្រោយពី​ទទួលបាន​ដំណឹង​ថា ខ្លួន​ជាប់​ការប្រឡង​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ ។ «​ខ្ញុំ​ស្តាយ​នៅពេលដែល​ការខិតខំ​រៀន​របស់ខ្ញុំ​តាំងពី​ដើមឆ្នាំ ខ្ញុំ​អត់​ទាន់​បាន​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​»​។ នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស ឡុង​ណា​ហ៊ាង​។ 
 
​យុវ​សិស្ស ឡុង​ណា​ហ៊ាន ដែល​បាន​ប្ដេជ្ញាចិត្ត យក​និទ្ទេស​B នៅក្នុង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ យល់ឃើញថា ការសម្រេច​ឲ្យ​សិស្ស​ជាប់​ស្វ័យប្រវត្តិ​នេះ អាចជា​គំរូ​មិនល្អ​សម្រាប់​សិស្ស​ជំនាន់​ក្រោយ​ផងដែរ​។ យុវ​សិស្ស គឹម ឡុង​ណា​ហ៊ាង បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការសម្រេចចិត្ត​ឲ្យ​សិស្ស​ទី​១២​ជាប់​ទាំងអស់​ដោយ​ស្វ័យប្រវត្តិ​ឆ្នាំនេះ អាច​ប៉ះពាល់​ដល់​អារម្មណ៍​សិស្ស​មួយចំនួន វា​ក៏​អាច​ប៉ះពាល់​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ដែរ​។ វា​អាច​នឹង​ជះឥទ្ធិពល​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ហើយ​ពួកគេ​អាច​នឹង​លះបង់​នូវ​សេចក្តី​ព្យាយាម ហើយ​បែរជា​បណ្តែតបណ្តោយ​ខ្លួន គិតថា​មិនបាច់​ប្រឹង​ក៏​ជាប់​ដូច​សិស្ស​ច្បង​ឆ្នាំ​សិក្សា​២០២០​ដែរ​»​។ 
 
​សម្រាប់​យុវតី ចៅ សុខ​ស្រី​ពេជ្រ នៃ​សាលារៀន​វេស​ឡាញ​ន៍​សាខា​ច្បារអំពៅ​វិញ ក៏​សាក​ស្តាយ​ដែល​ខ្លួន​មិនបាន​បញ្ចេញ​សមត្ថភាព​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះដែរ​។ «​ខ្ញុំ​ខំប្រឹង​តាំងពីដើម​ឆ្នាំ​មកហើយ ខំរៀន​គួរ​បន្ថែម​ផង និង​ខំរៀន​ខ្លួនឯង​ផង ដែលមាន​បំណង​បាន​និទ្ទេស​ល្អ ប៉ុន្តែ​ឥឡូវ​បាន​ជាប់​ការប្រឡង​ដោយ​គ្មាន​និទ្ទេស​»​។ នេះ​ជាការ​លើកឡើង​របស់​យុវតី សុខ​ស្រី​ពេជ្រ​។​
 
​ទាំង​យុវ​សិស្ស គឹម ឡុង​ណា​ហ៊ាង និង​យុវតី ចៅ សុខ​ស្រី​ពេជ្រ សុទ្ធតែ​យល់ឃើញ​ដូចគ្នា​ថា ការសម្រេច​ឲ្យ​បេក្ខជន​បាក់​ឌុប​ទាំងអស់ ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​កំណត់​និទ្ទេស​នេះ វា​នឹងធ្វើ​ឲ្យ​ពួកគេ និង​សិស្ស​ពូកែ​ដទៃទៀត បាត់បង់​ឱកាស​ទទួល​បាន​អាហារូបករណ៍ និង​ជំនាញ​នៅតាម​សកល​វិទ្យាល័យ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាដើម​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​យុវ​សិស្ស​ទាំងពីរ ស្នើ​ឲ្យ​ក្រសួង​អប់រំ កំណត់​និទ្ទេស​ទៅតាម​លទ្ធផល​ប្រចាំឆមាស​ទី​១ និង​ទី​២​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប ដើម្បី​ឲ្យ​សិស្ស​ដែល​ខិតខំ​រៀន ហើយ​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​នោះ «​ស្ងប់ចិត្ត​»​។ 
 
​ប៉ុន្តែ​សម្រាប់​យុវតី ហួរ ម៉េង​ហួត សិស្ស​នៅ​វិទ្យាល័យ​ឫស្សីកែវ ដែល​យល់ស្រប​តាម​ការ​សម្រេចចិត្ត​របស់​ក្រសួង​នោះ គិតថា ការយក​ពិន្ទុ​ឆមាស​ទាំង​ពីរលើក​បូក​ចូលគ្នា​នោះ វា​ផលវិបាក​ទៅវិញ​ទេ ព្រោះតែ​សាលារៀន​ខ្លះ មិនបាន​ប្រឡង​ឆមាស​ផង ដោយសារ​កូ​វីដ​-១៩​នេះ​។ «​សាលា​ខ្លះ​អត់​មានការ​ប្រឡង​ឆមាស ហើយ​គ្រាន់តែ​បូក​ពិន្ទុ​ប្រចាំខែ​យកមក​បូក​។ ហើយ​បើ​បូក​ពិន្ទុ​ពួកគេ ពួកគេ​អាច​នឹងមាន​អ្នក​ឆ្លាក់​ច្រើន​។ ដូច្នេះ​ការសម្រេចចិត្ត​របស់​ក្រសួង វា​ជា​ដំណោះស្រាយ​ដល់​ល្អ​សម្រាប់​សិស្សានុសិស្ស​»​។​នេះ​ជាការ​យល់ឃើញ​របស់​យុវតី ម៉េង​ហួត​។​
 
​លោក ហេង វ៉ានដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា លើកទឹកចិត្ត​សិស្ស​ពូកែ ដែលជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០២០​ថា កុំ​ថ្នាំងថ្នាក់​នឹង​និទ្ទេស ព្រោះ​វា​ជា​«​ឆ្នាំ​ស៊យ និង​សំណាង​» នៅក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​
 
​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៧ ធ្នូ ដូច្នេះ​ថា​៖«​ចំពោះ​សិស្ស​ពូកែ សិស្ស​ខំរៀន សូមកុំ​ឲ្យ​មាន​អារម្មណ៍​ថ្នាំងថ្នាក់ សោកស្ដាយ គឺ​គួរតែ​គិតគូរ​ដល់​ជីវិត​រស់នៅ​ក្នុងសង្គម​ទាំងមូល ហើយ​ចាត់ទុកជា​ឆ្នាំ​សំណាង ឆ្នាំ​ស៊យ​មួយ​សម្រាប់​យើង​។ តែ​យើង​បានមក​វិញ​ដោយ​ក្ដី​សុខ​សប្បាយ ឆ្ងាយ​ពី​កូ​វីដ​-១៩»​។ 
 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម​ថា ក្រសួង​នៅតែ​សម្រេច​ឲ្យ​«​ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​កំណត់​និទ្ទេស​» ដដែល ហើយ​បើ​មានការ​ប្រែប្រួល​នោះ ក្រសួង​នឹង​ជូនដំណឹង​តាម​ក្រោយ​។​
 
​ចុះបើ​ក្រសួង​អប់រំ នៅតែ​សម្រេច​ដដែល តើ​បេក្ខជន​ប្រឡង​ទាំងនេះ អាច​ចូល​សិក្សា​ទៅតាម​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ នៅតាម​សកល​វិទ្យាល័យ​ល្អៗ​ដែរ​ទេ ? តើ​សាកលវិទ្យាល័យ​ទាំងនោះ អាច​ផ្ដល់​អាហារូបករណ៍​ដល់​បេក្ខជន​ប្រឡង​ដែរ​អត់​?   ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​លោក ហេង វ៉ាន់ដា ក៏​មិនអាច​បញ្ជាក់​ពី​ចំណុច​នេះ​បានដែរ ដោយ​លោក​ឲ្យ​រង់​ចាំមើល​ការសម្រេច​ពេល​ក្រោយ​។ «​ហើយ​ខ្ញុំ​ជឿជាក់ថា​តាម​សកល​វិទ្យាល័យ​ប្រាកដជា​គេ​មានការ​បញ្ចុះ​ថ្លែ ឬ​ផ្ដល់​អាហារូបករណ៍​ដូច​ឆ្នាំ​មុខ​អ៊ីចឹង​»​។ នេះ​បើតាម​លោក ហេង វ៉ាន់ដា​។​
 
​កាលពី​១៥ ខែធ្នូ ក្រសួង​អប់រំ បានប្រកាស​ឲ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និង​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​កំណត់​និទ្ទេស​។ ការប្រកាស​របស់​ក្រសួង​អប់រំ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ព្រលយ​ពី​សេចក្តីសម្រេច​បែបនេះ​។​
 
​សូមបញ្ជាក់ថា សិស្សានុសិស្ស​ដែល​បាន​ជាប់​ការប្រឡង​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំនេះ​មាន​ជាង​១២​ម៉ឺន​នាក់ ក្នុងនោះ​ស្រី​ជាង​៦,៣​ម៉ឺន​នាក់​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com