ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មួយចំនួន សប្បាយចិត្ត នៅពេលដែលរដ្ឋាភិបាល សម្រេចឲ្យជាប់ស្វ័យប្រវត្តិដោយមិនកំណត់និទ្ទេស។ ប៉ុន្តែសិស្សខ្លះទៀត មិនទាន់ពេញចិត្តនឹងលទ្ធផលរបស់ខ្លួនឡើយ ដោយពួកគេចង់ឲ្យក្រសួងយកលទ្ធផលប្រចាំឆមាសលើកទី១ និងទី២មកកំណត់ជានិទ្ទេស ទើបបញ្ជាក់ពីសមត្ថភាពខ្លួន។
យុវសិស្សមួយចំនួន ដែលបានប៉ងប្រាថ្នាចង់បាននិទ្ទេសខ្ពស់ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ពួកគេសោកស្តាយដែលមិនបានប្រឡង និងមិនអាចយកនិទ្ទេសដែលស័ក្តិសមនឹងសមត្ថភាពរបស់ខ្លួន។ ប៉ុន្តែសិស្សមួយចំនួនទៀត ហាក់មិនមានការតវ៉ាឡើយ។
ជាសិស្សស្វ័យរិន និងបំពេញវិជ្ជា ក្រោយប្រឡងធ្លាក់បាក់ឌុប ២ឆ្នាំមកហើយ នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ យុវជន គីម តាំងឃុន បាននិយាយថា ខ្លួនពិតជាសប្បាយចិត្តនៅពេលដែលមានឱកាសជាប់បាក់ឌុបដោយស្វ័យប្រវត្តិនេះ។ យុវសិស្សស្វ័យរិនរូបនេះ បានរៀបរាប់ដូច្នេះថា៖«ការជាប់បាក់ឌុបឆ្នាំនេះវាជាសំណាងមួយសម្រាប់ខ្ញុំដែរ។ ពីព្រោះខ្ញុំអាចបន្តទៅរៀននៅផ្នែកច្បាប់នៅតាមសកលវិទ្យាល័យនីមួយៗបាន»។
មិនខុសគ្នានោះទេ យុវតី ហួរ ម៉េងហួត ក៏យល់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងក្រសួងអប់រំ ពិតជារឿងមួយដ៏ត្រឹមត្រូវ និងសមស្រប ក្នុងការធានាដល់សុវត្ថិភាពសិស្សានុសិស្ស និងទុក្ខលំបាកសិស្ស ក្នុងបរិបទកូវីដ-១៩នេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ យុវសិស្ស នៅវិទ្យាល័យឫស្សីកែវ បាននិយាយដូច្នេះថា៖«ខ្ញុំសប្បាយចិត្ត
បើខ្ញុំប្រឡង ប្រហែលជាអត់បានលទ្ធផលល្អទេ។ បើសិនជាប្រឡងយើងអាចនឹងងាយឆ្លងជំងឺកូវីដ-១៩។ (ក្រសួងអប់រំ) គាត់ធ្វើអ៊ីចឹង(សម្រេចឲ្យជាប់ស្វ័យប្រវត្តិ) អ្នកខ្លះគេអត់ពេញចិត្តទេ។ តែខ្ញុំមិនមែនជាសិស្សពូកែអ្វីទេ គាត់ចេញអ៊ីចឹងក៏ល្អដែរ ដើម្បីធានាសុវត្ថិភាពសិស្ស»។
ផ្ទុយពីការយល់ឃើញរបស់យុវសិស្សទាំងពីរនេះ យុវសិស្ស គឹម ឡុងណាហ៊ាង ដែលសិក្សានៅវិទ្យាល័យបាក់ទូក ហាក់បីអន់ចិត្តទៅវិញទេ ក្រោយពីទទួលបានដំណឹងថា ខ្លួនជាប់ការប្រឡងបាក់ឌុបដោយស្វ័យប្រវត្តិ ។ «ខ្ញុំស្តាយនៅពេលដែលការខិតខំរៀនរបស់ខ្ញុំតាំងពីដើមឆ្នាំ ខ្ញុំអត់ទាន់បានបញ្ចេញសមត្ថភាពឲ្យអស់»។ នេះជាការលើកឡើងរបស់យុវសិស្ស ឡុងណាហ៊ាង។
យុវសិស្ស ឡុងណាហ៊ាន ដែលបានប្ដេជ្ញាចិត្ត យកនិទ្ទេសB នៅក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ យល់ឃើញថា ការសម្រេចឲ្យសិស្សជាប់ស្វ័យប្រវត្តិនេះ អាចជាគំរូមិនល្អសម្រាប់សិស្សជំនាន់ក្រោយផងដែរ។ យុវសិស្ស គឹម ឡុងណាហ៊ាង បានរៀបរាប់ដូច្នេះថា៖«ការសម្រេចចិត្តឲ្យសិស្សទី១២ជាប់ទាំងអស់ដោយស្វ័យប្រវត្តិឆ្នាំនេះ អាចប៉ះពាល់ដល់អារម្មណ៍សិស្សមួយចំនួន វាក៏អាចប៉ះពាល់ដល់សិស្សប្អូនជំនាន់ក្រោយដែរ។ វាអាចនឹងជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយពួកគេអាចនឹងលះបង់នូវសេចក្តីព្យាយាម ហើយបែរជាបណ្តែតបណ្តោយខ្លួន គិតថាមិនបាច់ប្រឹងក៏ជាប់ដូចសិស្សច្បងឆ្នាំសិក្សា២០២០ដែរ»។
សម្រាប់យុវតី ចៅ សុខស្រីពេជ្រ នៃសាលារៀនវេសឡាញន៍សាខាច្បារអំពៅវិញ ក៏សាកស្តាយដែលខ្លួនមិនបានបញ្ចេញសមត្ថភាពប្រឡងបាក់ឌុបឆ្នាំនេះដែរ។ «ខ្ញុំខំប្រឹងតាំងពីដើមឆ្នាំមកហើយ ខំរៀនគួរបន្ថែមផង និងខំរៀនខ្លួនឯងផង ដែលមានបំណងបាននិទ្ទេសល្អ ប៉ុន្តែឥឡូវបានជាប់ការប្រឡងដោយគ្មាននិទ្ទេស»។ នេះជាការលើកឡើងរបស់យុវតី សុខស្រីពេជ្រ។
ទាំងយុវសិស្ស គឹម ឡុងណាហ៊ាង និងយុវតី ចៅ សុខស្រីពេជ្រ សុទ្ធតែយល់ឃើញដូចគ្នាថា ការសម្រេចឲ្យបេក្ខជនបាក់ឌុបទាំងអស់ ជាប់ស្វ័យប្រវត្តិដោយមិនកំណត់និទ្ទេសនេះ វានឹងធ្វើឲ្យពួកគេ និងសិស្សពូកែដទៃទៀត បាត់បង់ឱកាសទទួលបានអាហារូបករណ៍ និងជំនាញនៅតាមសកលវិទ្យាល័យក្នុងស្រុក និងក្រៅស្រុកជាដើម។ ដោយសារមើលឃើញបញ្ហានេះ ទើបយុវសិស្សទាំងពីរ ស្នើឲ្យក្រសួងអប់រំ កំណត់និទ្ទេសទៅតាមលទ្ធផលប្រចាំឆមាសទី១ និងទី២របស់បេក្ខជនប្រឡងបាក់ឌុប ដើម្បីឲ្យសិស្សដែលខិតខំរៀន ហើយប្រឡងបានពិន្ទុខ្ពស់នោះ «ស្ងប់ចិត្ត»។
ប៉ុន្តែសម្រាប់យុវតី ហួរ ម៉េងហួត សិស្សនៅវិទ្យាល័យឫស្សីកែវ ដែលយល់ស្របតាមការសម្រេចចិត្តរបស់ក្រសួងនោះ គិតថា ការយកពិន្ទុឆមាសទាំងពីរលើកបូកចូលគ្នានោះ វាផលវិបាកទៅវិញទេ ព្រោះតែសាលារៀនខ្លះ មិនបានប្រឡងឆមាសផង ដោយសារកូវីដ-១៩នេះ។ «សាលាខ្លះអត់មានការប្រឡងឆមាស ហើយគ្រាន់តែបូកពិន្ទុប្រចាំខែយកមកបូក។ ហើយបើបូកពិន្ទុពួកគេ ពួកគេអាចនឹងមានអ្នកឆ្លាក់ច្រើន។ ដូច្នេះការសម្រេចចិត្តរបស់ក្រសួង វាជាដំណោះស្រាយដល់ល្អសម្រាប់សិស្សានុសិស្ស»។នេះជាការយល់ឃើញរបស់យុវតី ម៉េងហួត។
លោក ហេង វ៉ានដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លើកទឹកចិត្តសិស្សពូកែ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០ថា កុំថ្នាំងថ្នាក់នឹងនិទ្ទេស ព្រោះវាជា«ឆ្នាំស៊យ និងសំណាង» នៅក្នុងវិស័យអប់រំនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៧ ធ្នូ ដូច្នេះថា៖«ចំពោះសិស្សពូកែ សិស្សខំរៀន សូមកុំឲ្យមានអារម្មណ៍ថ្នាំងថ្នាក់ សោកស្ដាយ គឺគួរតែគិតគូរដល់ជីវិតរស់នៅក្នុងសង្គមទាំងមូល ហើយចាត់ទុកជាឆ្នាំសំណាង ឆ្នាំស៊យមួយសម្រាប់យើង។ តែយើងបានមកវិញដោយក្ដីសុខសប្បាយ ឆ្ងាយពីកូវីដ-១៩»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា ក្រសួងនៅតែសម្រេចឲ្យ«ជាប់ស្វ័យប្រវត្តិដោយមិនកំណត់និទ្ទេស» ដដែល ហើយបើមានការប្រែប្រួលនោះ ក្រសួងនឹងជូនដំណឹងតាមក្រោយ។
ចុះបើក្រសួងអប់រំ នៅតែសម្រេចដដែល តើបេក្ខជនប្រឡងទាំងនេះ អាចចូលសិក្សាទៅតាមជំនាញដែលខ្លួនស្រឡាញ់ នៅតាមសកលវិទ្យាល័យល្អៗដែរទេ ? តើសាកលវិទ្យាល័យទាំងនោះ អាចផ្ដល់អាហារូបករណ៍ដល់បេក្ខជនប្រឡងដែរអត់? ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាលោក ហេង វ៉ាន់ដា ក៏មិនអាចបញ្ជាក់ពីចំណុចនេះបានដែរ ដោយលោកឲ្យរង់ចាំមើលការសម្រេចពេលក្រោយ។ «ហើយខ្ញុំជឿជាក់ថាតាមសកលវិទ្យាល័យប្រាកដជាគេមានការបញ្ចុះថ្លែ ឬផ្ដល់អាហារូបករណ៍ដូចឆ្នាំមុខអ៊ីចឹង»។ នេះបើតាមលោក ហេង វ៉ាន់ដា។
កាលពី១៥ ខែធ្នូ ក្រសួងអប់រំ បានប្រកាសឲ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជាប់ស្វ័យប្រវត្តិដោយមិនកំណត់និទ្ទេស។ ការប្រកាសរបស់ក្រសួងអប់រំ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ព្រលយពីសេចក្តីសម្រេចបែបនេះ។
សូមបញ្ជាក់ថា សិស្សានុសិស្សដែលបានជាប់ការប្រឡងបាក់ឌុបដោយស្វ័យប្រវត្តិនៅឆ្នាំនេះមានជាង១២ម៉ឺននាក់ ក្នុងនោះស្រីជាង៦,៣ម៉ឺននាក់៕