កម្ពុជាមានស្ថិរភាពនយោបាយ លំនឹងសេដ្ឋកិច្ច និងមានកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត រួមទាំងការលើកចិត្ត និងអនុគ្រោះពន្ធនានាពីរដ្ឋាភិបាល។ លើសពីនេះ កម្ពុជាបាន និងកំពុងសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើន ដើម្បីផ្តល់ភាពងាយស្រួសដល់វិស័យឯកជនក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយបែបនេះទៅកាន់អ្នកវិនិយោគជប៉ុន។
រយៈពេល៣ថ្ងៃ ពោលពីថ្ងៃទី៧ដល់៩ឧសភា លោក ស៊ុន ចាន់ថុល បានដឹកនាំវិនិយោគិនកម្ពុជាទៅជួបផ្ទាល់អ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញ និងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា។ នាអំឡុងពេលបំពេញបេសកកម្មនៅទឹកដីប្រទេសជប៉ុន លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ជាមួយប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន និងជាមួយប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានដឹកនាំធ្វើសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់ម្ចាស់សហគ្រាសជប៉ុនប្រមាណ១០០នាក់ ផងដែរ។
អនុប្រធានទី១ របស់CDCរូបនេះ បានរំលេចនូវសក្តានុពលសំខាន់ៗរបស់កម្ពុជា ទាំងស្ថិរភាពនយោបាយ លំនឹងសេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត រួមទាំងការលើកទឹកចិត្ត និងអនុគ្រោះនានាពីរដ្ឋាភិបាល ទៅកាន់វិនិយោគិនជប៉ុន។ លើសពីនេះ កម្ពុជាបាន និងកំពុងសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ដើម្បីផ្តល់ភាពងាយស្រួសដល់ការ ធ្វើធុរកិច្ច និងពាណិជ្ជកម្មរបស់វិស័យឯកជន។ នេះបើយោងការចុះផ្សាយរបស់ CDC។
កម្ពុជាសព្វថ្ងៃមានកំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ព្រលានយន្តហោះអន្តរជាតិ រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត នឹងលេចចេញរូបរាងជាបន្តបន្ទាប់។ ជាពិសេស កម្ពុជានឹងចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វ៊ូណនតេជោក្នុងប្រវែង១៨០គីឡូម៉ែត្រនៅចុងឆ្នាំ២០២៤ ដែលគម្រោងនេះ នឹងផ្តល់ផលចំណេញតម្លៃដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ ក្រោយសាងសង់រួច។
ជំនួបការងាររវាងវិនិយោគិនកម្ពុជា និងវិនិយោគជប៉ុននៅតូក្យូ នាថ្ងៃទី៨ឧសភា។ រូបថត៖ CDC
បន្ទាប់ពីធ្វើបទបង្ហាញរួច លោក ស៊ុន ចាន់ថុល សង្ឃឹមថា៖ « វិស័យឯកជននឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា»។
ដើម្បីជំរុញការវិនិយោគបន្ថែមពីសំណាក់វិនិយោគិនជប៉ុន លោក ស៊ុន ចាន់ថុល បានស្នើទៅកាន់ Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)ឱ្យបង្កើនកិច្ចសហការ សំដៅលើការពង្រីកការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតបលោកប្រធាន JETRO បានបង្ហាញនូវការសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដឹកនាំដោយលោក ស៊ុន ចាន់ថុលមកកាន់ប្រទេសជប៉ុន។ លើសពីនេះ លោក Norihiko បានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថា៖ « គម្រោងវិនិយោគជប៉ុនដែលកំពុងមាននៅកម្ពុជា នឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុន ដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត»។
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងផ្តោតសំខាន់លើការទូតសេដ្ឋកិច្ចសម្រាប់ការងារក្រៅប្រទេស ដើម្បីប្រយោជន៍ជាតិ។ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកទំនាក់ទំនងរវាងអ្នកធុរកិច្ច និងអ្នកធុរកិច្ច ឬទំនាក់ទំនងរវាងអ្នកវិនិយោគនិងវិនិយោគ គឺជាកត្តាសំខាន់សម្រាប់ការចងចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យរឹងមាំ។ «នេះដែលយើងត្រូវរុញផ្នែកនេះឱ្យមែនទែន»។ សម្តេចបានអះអាងបែបនេះក្នុងពិធីប្រកាសដំណើរការជាផ្លូវការនូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី៩ឧសភា។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រឿងសេដ្ឋកិច្ច គឺអត់មានភ្ជាប់នឹងលក្ខខណ្ឌនយោបាយអ្វីឡើយ។ ហេតុដូច្នេះ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ងាយស្រួល ជាងការជំរុញផ្នែការទូត ឬមួយទំនាក់ទំនងផ្នែកនយោបាយ។ សម្តេចបន្ថែមថា៖«ប្រសិនបើផ្នែកកាទូតមានបញ្ហា! ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច គឺជាចំណងមួយដែលថែរក្សានូវលំនឹង ឬមួយក៏មិនទប់មិនអាចឱ្យមានការផ្ទុះនូវអ្វីដែលធ្ងន់ធ្ងរ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទាំងពីរប្រទេស តាមរយៈអ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសនីមួយៗ។ នេះហើយជាគោលដៅធំ នៅក្នុងជំរុញការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ»។
លោក ស៊ុន ចាន់ថុល ប្រគល់អនុវស្សាវរីយ៍ដល់លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នាថ្ងៃទី៩ឧសភា។ រូបថត៖ CDC
កាលពីថ្ងៃទី២ឧសភា ក្រុមហ៊ុនរបស់ប្រទេសជប៉ុន តូយ៉ូតា បើកសម្ពោធជាផ្លូវការនូវរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមទុនជិត៣៧លានដុល្លារអាម៉េរិក។ រោងចក្រនេះ ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION ប្រទេសជប៉ុន និងក្រុមហ៊ុន គង់ នួនគ្រុបនេះ មានសមត្ថភាពដំឡើងរថយន្តបានចំនួន ១ ៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងឆ្នាំ២០២៤។
គួរជម្រាបថា ក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលបានការវិនិយោគថ្មីៗ ចំនួន១២៨គម្រោង ដែលមានទំហំទុនប្រមាណ ២ ៥០០លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ អាចបង្កើតការងារជូនពលរដ្ឋបានជាង១៣ម៉ឺនកន្លែង៕