ជាតិ
យ៉ានតាមដងផ្លូវ
ធុងឈើ​មួយ ពី​សតវត្សទី២០ ក្លាយ​ទៅ​ជា​តុ​សម្រាប់​ DJ
17, Apr 2024 , 10:04 am        
រូបភាព
ភ្នំពេញ៖ ធុង​បុរាណធ្វើអំពី​ឈើ១គ្រឿង ត្រូវ​បាន​គេ​ដាក់​តាង​លម្អ នៅ​ជាន់​លើនៃសាខា​ហាង​កាហ្វេ TEMPLE ដែលស្ថិតនៅ​សង្កាត់​​បឹង​កេងកង១ ខណ្ឌ​បឹងកេងកង ​ រាជធានី​ភ្នំពេញ។ គ្មាន​នរណា​ដឹង​ច្បាស់​ថា ធុងឈើចាស់​នេះមាន​អាយុកាល​ប៉ុន្មាន​ ពី​ព្រោះ​តាំង​ពី​ដើម​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​​ធុងប្រភេទនេះ​មាន​រាង​​ស៊ីឡាំង​ប៉ោង​ដូច​គ្នា។



យ៉ាង​ណាក៏ដោយ អាចសន្និដ្ឋានថា គេ​បាន​ផលិត​ធុងឈើ​ នៅ​ហាងកាហ្វេ TEMPLEនេះ នា​សតវត្ស​ទី២០ ពីព្រោះតាមធម្មតា​គេ​ធ្វើ​ធុងឈើ មិន​លាប​ថ្នាំ​ការពារ​វែនី មិន​លាប​ថ្នាំ​ពណ៌លើ​កង់​ដែក​ទេ។ ក៏ប៉ុន្តែ​ធុង​នេះ ឈើ​វា​ចាស់ ហើយ​​គេ​បាន​លាប​ថ្នាំវែនី​ផង លាប​ពណ៌​ក្រហម​លើ​ដែកផង តាំង​ពីយូរហើយ​ព្រោះ​សភាព​វាមិន​មែនថ្មី​ទេ។ ធុង​ឈើ​នេះ​មាន​កម្ពស់​ប្រ​ហែល​១ម៉ែត្រ និង​ទទឹង​​ប្រហែល​៦០សង់ទីម៉ែត្រ។ គេ​ធ្វើ​ធុងឈើ ដើម្បី​​ផ្ទុក​ធាតុ​រាវ ប៉ុន្តែធុង​ឈើ​នេះក្លាយ​ទៅ​ជា​តុ សម្រាប់​ DJ ចាក់ឌីស​វិញ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖


បុរាណវិទូ​បាន​ឃើញ​រូបគំនូរ ដែល​មាន​ធុងឈើរក្សាអាយុ គូរ​កាលពី​សតវត្ស​ទី​៦ មុន​គ្រឹស្តសករាជ។ គឺ​ជនជាតិដើម រែត ដែល​បាន​បង្កើត​ធុងប្រភេទ​នេះ។ ជនជាតិ​នេះ​មាន​វត្តមាន​លើ​ជួរភ្នំ​អាល នៅ​ទ្វីប​អឺរ៉ុប។ ដោយឡែក​ជនជាតិ​ រែត​ បាន​បាត់បង់​អស់​រលីង ក្នុង​សតវត្ស​ទី១។ ពី​ដើមគេ​ប្រើ​ធុង​ឈើ​ ដើម្បី​រក្សា​អាយុ និង​ដើម្បី​ដឹក​ធាតុ​រាវ។ កាល​ពី​២០០០ឆ្នាំ​មុន ដោយសារអធិរាជ​រ៉ូម៉ាំង ការ​ប្រើ​ធុងឈើ​បាន​រាលដាល​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ។

រយៈ​ពេល ១ ០០០ឆ្នាំ ការ​ប្រើ​ធុងឈើ​បានរីកសាយ​​​ដល់ទូទាំង​ទ្វីប​អឺរ៉ុប។ ហើយ​​​កាល​ពី​ពេលពលរដ្ឋនៅ​អឺរ៉ុប​ ចាប់​ផ្ដើម​ជិះ​សំពៅ​ ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក គេ​បែរ​ទៅ​ប្រើ​ធុង​ឈើ​ទូទាំង​ពិភពលោក។ សម័យ​នោះគេ​មិន​មែន​ប្រើ​ធុងឈើ​សម្រាប់​ដឹក​ស្រាប៊ីយែរ ស្រា​ទំពាំងបាយជូរ ឬ​ទឹក​ផឹកប៉ុណ្ណោះ​ទេ គឺ​គេ​ប្រើ​ដឹកទំនិញ​គ្រប់​មុខ​ទាំង​អស់ ពី​ព្រោះ​ដោយសារ​រាង​មូល​វា​ស្រួល​រុញ។ ក៏​ប៉ុន្តែ​មក​ដល់​សតវត្ស​ទី២០ គេ​បង្កើត​ប៉ាលែត និង​កុងតឺណ័រ ដែល​ស្រួល​ប្រើ​ជាង​ទៅ​ទៀត។ នេះ​ជា​មូលហេតុដែល​បាន​ធ្វើ​ឱ្យបច្ចុប្បន្ន ​គេ​ប្រើ​ធុងឈើ​សម្រាប់​តម្រូវការ​ដូច​បុរាណកាល គឺ​ដើម្បី​ផ្ទុក​ស្រា​ទំពាំងបាយជូរ ពី​ព្រោះ​ឈើ​ជា​ធាតុ​ធម្មជាតិ ដែល​ជួយ​ឱ្យ​ស្រា​ទំពាំងបាយជូរ​មាន​រសជាតិ​ឆ្ងាញ់។


ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជា មួយ​​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រា សាទ​​៕ ​

អត្ថបទទាក់ទង



Tag:
 ធុងឈើ
  វត្ថុចាស់ៗ
  វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com