ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល មិនបង្កើតមូលនិធិ សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោឡើយ
28, Apr 2024 , 3:19 pm        
រូបភាព
រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
រដ្ឋាភិបាល គ្មានគម្រោងបង្កើតមូលនិធិ ដើម្បីប្រមូលថវិកា សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោឡើយ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសំណេះ​សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ នៅថ្ងៃទី២៨ មេសា



សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា មានសម្បុរសជន ចង់បង្កើតមូលនិធិប្រមូលថវិកា សម្រាប់សាងសង់គម្រោងនេះ។ ប៉ុន្តែរដ្ឋាភិបាល បានត្រៀមថវិកាបម្រុងរួចហើយ សម្រាប់សាង​សង់ព្រែកជីកហ្វូណន-តេជោ ដោយមិនត្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ «ខ្ញុំចង់បញ្ជាក់ថា នៅពេលនេះ យើងមិនមានតម្រូវការឱ្យបងប្អូនចូលរួមជាថវិកានោះទេ។ រាល់គម្រោង​គឺយើងបានគិតគូរពីហិរញ្ញវត្ថុរួចទៅហើយ»។ សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះ ដោយបន្តហាមជនឆ្លៀតឱកាស កុំឱ្យបង្កើតមូលនិធិផ្ដេសផ្ដាសក្រោមលេសគម្រោងព្រែកជីកហ្វូណននេះ ​ដើម្បីកេងប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់រដ្ឋាភិបាល។
 
តែយ៉ាងណាប្រមុខរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋចូលរួមចលនាគាំទ្រលើគម្រោងព្រែកជីកហ្វូណននេះ ដើម្បីផលប្រយោជន៍ជាតិ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ទោះបីជាគ្មានទុនពីបរទេស ក៏កម្ពុជានៅតែធ្វើគម្រោងព្រែកជីកហ្វូណននេះ ឱ្យជោគជ័យដែរ ព្រោះវាជាច្រកសេដ្ឋកិច្ចថ្មី ដែលអាចឱ្យកម្ពុជាដកដង្ហើមដោយខ្លួនឯង ដោយមិនចាំបាច់ដកដង្ហើមតាមច្រមុះគេទៀត។
 
គម្រោងព្រែកជីកនេះ នឹងជួយអភិវឌ្ឍន៍តំបន់ភូមិភាគនិរតី។ គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះ ចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់​រយៈពេល៤ឆ្នាំ។ គម្រោងនេះ ឆ្លង​កាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែល​មានប្រជាជនសរុប ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ បើតាមផែនការនោះ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤។
 
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជាការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ,ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
 

Tag:
 ហ៊ុន ម៉ាណែត
  ព្រែកជីកហ្វូណន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com