ជាតិ
ក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាត់ចំណាយប្រតិបត្តិការដែលមិនចាំបាច់
× ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកាត់ព្យួរទាំងស្រុង ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធ របស់រដ្ឋបាលរាជធានី-ខេត្ត ឱ្យរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវផ្អាករាល់គម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធនេះ។ នេះបើយោងតាមសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
បើតាមក្រសួងសេដ្ឋកិច្ច វិចារណកម្មចំណាយនេះ គឺធ្វើឡើងក្នុងស្មារតី នៃការគ្រប់គ្រង ថវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ ដោយផ្អែកលើស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ និងស្ថានភាពនៃតម្រូវការផ្នែកចំណាយរហូតដល់ដំណាច់ឆ្នាំ២០២៤ និងផ្អែកលើមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅក្នុងសារាចរណ៍ដដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្ត ចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ក្នុងកម្រិត ៦៦ ០០០ លានរៀល ដែលស្មើនឹងជាង ១៦ លានដុល្លារ។ ផ្អែកលើតួលេខវិចារណកម្ម រដ្ឋបាលរាជធានី ខេត្តទាំង៥ ត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ឬផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញា ចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធីអនុកម្មវិធី និងចង្កោមសកម្មភាពដែល ពាក់ព័ន្ធតាមការចាំបាច់។
ចំណែកឯរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌដទៃផ្សេងទៀត ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្ត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់។
សម្រាប់ រដ្ឋបាលឃុំ-សង្កាត់វិញ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាព ដែលរងផលប៉ះពាល់ពីការកាត់ព្យួរឥណទាន ដែលទទួលបានពីការ បែងចែកចំណូលសារពើពន្ធ របស់រដ្ឋបាលរាជធានី ខេត្ត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការអនុវត្ត ការប្រមូលចំណូលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្នុង ករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងនឹងពិនិត្យលទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមចំណូលដែលប្រមូល បានជាក់ស្តែង ដោយផ្តោតលើចំណាយអភិវឌ្ឍន៍មូលដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com