កីឡាអន្តរជាតិ
អន្តរជាតិ
កន្សែងជូតមាត់ដែលមានកំណត់ហេតុ​ Messi នៅ Barca ដាក់ឱ្យដេញថ្លៃ ចាប់ពី៣០ម៉ឺនដុល្លារ
09, May 2024 , 2:29 pm        
រូបភាព
កន្សែងជូតមាត់មួយ ដែលអ្នកឃ្លាំមើលកីឡាករថ្នាល់​របស់ក្លិប Barcelona បានសរសេរកំណត់ហេតុ ក្នុងការចុះកិច្ចសន្យានាំយកកីឡាករវ័យ ១៣ឆ្នាំ Lionel Messi ត្រូវបានដាក់ដេញថ្លៃ ចាប់ពី ៣សែនដុល្លារឡើងទៅ។



កន្សែងជូតមាត់ ត្រូវបានសរសេរកំណត់ហេតុ កាលពីខែធ្នូ ឆ្នាំ ២០០០ នៅពេលដែលលោក Carles Rexach ប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានចូលព្រមជាមួយនឹងភ្នាក់ងារកីឡាករ លោក Horacio Gaggioli ដើម្បីនាំយកកីឡាករយុវជនអាហ្សង់ទីន Lionel Messi។ Messi មកដល់ពេលនេះក៏នៅតែបន្តឈ្មោះជាកីឡាករដែលស៊ុតគ្រាប់បាល់ច្រើនជាងគេបង្អស់ប្រចាំក្លិប Barcelona ទោះចាកចេញច្រើនឆ្នាំក៏ដោយក្តី។
 
ការសរសេរនៅលើកន្សែងដែលបានដាក់ឱ្យមានការដេញថ្លៃ  ដែលបង្ហាញពីការសន្យារបស់ភ្នាក់ងាកីឡាករ នឹងនាំយក Messi ទៅ Barcelona ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនដេញថ្លៃ Bonhams ថាជា៖«ស្នាមទឹកប៊ិកដែលសរសេរនៅកន្សែងជូនមាត់ស្តងដាអេស្ប៉ាញ។»។ បើតាមការអះអាងរបស់ Bonhams គ្រាន់តែបើកឱ្យមានការដេញថ្លៃភ្លាម កន្សែងមួយនេះត្រូវបានគេផ្តល់តម្លៃដំបូង ២២០,០០០ផោន (២៧៤,៨២៤ដុល្លារ) ភ្លាម។ 
 
ការបើកលក់កន្សែងដែលមានកំណត់ត្រាកែប្រែវាសនា Messi នេះ នឹងត្រូវបើកឱ្យដេញថ្លៃតាមប្រព័ន្ធអនឡាញ ហើយនឹងបិទនៅថ្ងៃទី១៧ ខែឧសភា ដោយតម្លៃចាប់ផ្តើមដំបូងពីចន្លោះ ៣សែនដុល្លារ ទៅ ៥សែនដុល្លារ។
 
​«វាមិនដែលជាប់កាតព្វកិច្ចផ្លូវច្បាប់នោះទេ ប៉ុន្តែតាមអារម្មណ៍វាតំណាងឱ្យការតភ្ជាប់ដ៏ស៊ីជម្រៅមួយ ឬក៏រឿងរ៉ាវដំបូងបង្អស់ដ៏ស៊ីជម្រៅ ដែល Messi បានមកកាន់ក្លិប Barcelona។
ប្រសិនបើអ្នកស្រលាញ់បាល់ទាត់ អ្នកនឹងដឹងស្ទើរទាំងអស់ពី Lionel Messi ហើយអ្នកនឹងដឹងថាគេត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ពូកែគ្រប់ជំនាន់។ ប្រសិនបើអ្នកចង់បានចំណែកនៃសកម្មភាពនោះ នេះគឺជារឿងដែលអ្នកត្រូវតែទទួល។»។ នេះបើតាមសម្តីរបស់លោក Marc Sands នាយកផ្នែកទីផ្សារក្រុមហ៊ុនដេញថ្លៃ Bonhams។
 
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Messi បានជួយក្រុម Barcelona ឈ្នះពានរង្វាន់ចំនួន ៣៥ ពេលគេប្រកបអាជីពក្នុងទឹកដីអេស្ប៉ាញ។ Messi បានបង្ហាញខ្លួនលេងចំនួន ៧៨២ប្រកួត​ និងបានស៊ុតបាល់ ៦៧៤គ្រាប់ ឱ្យក្រុមរហស្សនាមអ្នកមានបុណ្យ ហើយនៅឆ្នាំ ២០២១ Messi បានចាកចេញពី Barcelona ក្រោយរួមរស់រយៈពេល ១៧ឆ្នាំ និងបច្ចុប្បន្នគេកំពុងប្រកបអាជីពនៅក្លិប Inter Miami៕

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com