អន្តរជាតិ
អ្នកស្លាប់ដោយសារកម្តៅនៅថៃ កើនដល់ ៦១នាក់
10, May 2024 , 4:19 pm        
រូបភាព
និស្សិតថៃដើរនៅតាមដងផ្លូវនៅតំបន់ Siam Square ក្នុងក្រុងបាងកក។ រូបភាព AFP
និស្សិតថៃដើរនៅតាមដងផ្លូវនៅតំបន់ Siam Square ក្នុងក្រុងបាងកក។ រូបភាព AFP
ក្រសួងសុខភិបាលថៃ នៅថ្ងៃទី១០ ខែឧសភា បានបញ្ចេញទិន្នន័យអ្នកស្លាប់ពាក់ព័ន្ធនឹងកម្តៅដ៏ក្តៅនៅក្នុងប្រទេស បានកើនដល់ ៦១នាក់។ ចំនួននេះ គឺច្រើនជាងឆ្នាំមុនជិត ២ដង។



មួយរយៈចុងក្រោយ បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានប្រឈមអាកាសធាតុក៏ក្ដៅ ដោយមានសីតុណ្ហភាពដល់ ៤៤អង្សា។ ថៃក៏ជាប្រទេសមួយរងកម្តៅដ៏ខ្លាំងផងដែរ ដោយសីតុណ្ហភាពនៅខេត្តភាគខាងជើង Lampang មានប្រមាណ ៤៤,២អង្សា។ 
 
ពាក់ព័ន្ធនឹងអាកាសធាតុដ៏អាក្រក់បែបនេះ មនុស្សជាច្រើនបានបាត់បង់ជីវិត បើទោះកន្លងមកអាជ្ញាធរ បានចេញសេចក្តីណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងកាត់បន្ថយការចេញទៅក្រៅក្តី។
 
«ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី១០ ខែឧសភាថា មនុស្សចំនួន ៦១នាក់ បានស្លាប់ ដោយសារកម្តៅនៅក្នុងខ្លួនខ្លាំង ចាប់តាំងពីដើមឆ្នាំ២០២៤មក បើធៀបនឹង ៣៧ករណី នៅក្នុងឆ្នាំ២០២៣»។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃបែបនេះ។​
 
ក្នុងពេលមានសីតុណ្ហភាពដ៏ខ្ពស់បែបនេះ តំបន់ភាគខាងជើង ដែលទទួលរងកម្តៅក្តៅខ្លាំង មានអ្នកស្លាប់ច្រើនជាងគេ។ 
 
ទន្ទឹមនេះ លោក Apichart Vachiraphan នាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានព្រមានប្រជាជន ដែលមានជំងឺចេញទៅខាងក្រៅច្រើន ដើម្បីការពារខ្លួនពីអាកាសធាតុក្តៅខ្លាំង និងបង្ការផលប៉ះពាល់ដល់សុខភាព។ 
 
កន្លងមក អង្គការអាកាសធាតុពិភពលោករបស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថា បាតុភូតEl Nino នឹងធ្វើឱ្យមានអាកាសធាតុក្តៅប្លែកពីឆ្នាំមុនៗ ដោយតំបន់អាស៊ីរងគ្រោះជាងតំបន់ផ្សេង៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com