អន្តរជាតិ
អ្វី​ជា​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ដែល​ត្រួសត្រាយ​ផ្លួ​វ​ឲ្យ​អង់គ្លេស​លែងលះ​ជាមួយ​អឺរ៉ុប​?
30, Mar 2017 , 10:05 am        
រូបភាព
រូបភាព៖ NBC News
រូបភាព៖ NBC News
​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon  ហើយ​នៅ​ថ្ងៃ ២៩​មីនា ។ ការអនុវត្ត​តាម​មាត្រា​នេះ នឹងធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស បាត់បង់​សិទ្ធិ​ពិសេស​របស់ខ្លួន ដែល​ផ្ដល់​ដោយ​ធម្មនុញ្ញ​អឺរ៉ុប និង​ក្លាយជា​រដ្ឋ​ដំបូង​បំផុត​ដែល​ចាក​ចេញពី​សហភាព​នយោបាយ​ដែលមាន​អាយុកាល ៦០​ឆ្នាំនេះ​។​



​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ចែង​ពីបទ​បញ្ញត្តិ​នានា នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប របស់​រដ្ឋ​ជា​សមាជិក​ណាមួយ​។ មាត្រា​នេះ ហាក់ដូចជា​មានន័យ​ទូលាយ ដែល​នេះ​ទំនង​មានន័យថា អ្នក​ដែល​សរសេរ​បញ្ញត្តិ​នេះ មិន​នឹកស្មានថា មាន​រដ្ឋ​ជា​សមាជិក អាច​ចាកចេញ ពេលអនាគត​នោះឡើយ​។ សន្ធិសញ្ញា Lisbon បាន​ក្លាយជា​ច្បាប់ ក្នុង​ខែធ្នូ ឆ្នាំ​២០០៩ និង​ត្រូវបាន​ចុះហត្ថលេខា ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល នៃ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​។​

​នៅក្នុង​មាត្រា​៥០  នេះ មាន​ចំណុច​សំខាន់ៗ​ចំនួន​៥​។ ប្រការ​ទីមួយ ចែងថា​៖« រដ្ឋ​ជា​សមាជិក​ណាមួយ អាច​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​បាន ដោយយោង​ទៅតាម​ច្បា​ប់ធ​ម្មនុញ្ញ​នៃ​រដ្ឋ​ជា​សមាជិក​នោះ​»​។

​ប្រការ​ទី​ពីរ នៃ​មាត្រា​ដដែល និយាយថា​៖« រដ្ឋ​សមាជិក ដែល​បានសម្រេច​ដកខ្លួន ត្រូវ​ផ្ដល់ដំណឹង​ទៅកាន់​ក្រុមប្រឹក្សា​អឺរ៉ុប ពី​បំណង​ចាកចេញ​របស់ខ្លួន​។ ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប សហភាព​អឺរ៉ុប ចរចា​និង​សម្រេច​កិច្ចព្រមព្រៀង ជាមួយ​រដ្ឋ​សមាជិក​នោះ ដើម្បី​រៀបចំ​ដំណើការ​ចាកចេញ និង​ពិចារណា​លើ​ទំនាក់ទំនង​ពេលអនាគត រវាង​រដ្ឋ​សមាជិក និង​សហភាព​អឺរ៉ុប​។ កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចរចា ដោយ​ផ្អែកលើ​មាត្រា​២១៣ នៃ​សន្ធិសញ្ញា​នៃ​ការប្រព្រឹត្តទៅ​សហភាព​អឺរ៉ុប​។ កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​សម្រេច​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប ជាមួយនឹង​សំឡេង​ភាគច្រើន បន្ទាប់ពី​មានការ​យល់ព្រម​ពីស​ភា​អឺរ៉ុប​»​។​

​ចំណែក​ប្រការ​ទី​បី សរសេរថា​៖ «​សន្ធិសញ្ញា​ទាំងឡាយ នឹងមិន​អាចអនុវត្ត​លើ​រដ្ឋ​សមាជិក​នោះ ដោយ​រាប់​ពីថ្ងៃ​ដែល​កិច្ចព្រមព្រៀង​ដកខ្លួន ចូល​ជា​ធរមាន​។ ក្នុងករណី​ដែល​កិច្ចព្រមព្រៀង​មិនអាច​សម្រេចបាន សន្ធិសញ្ញា​ទាំងនោះ នឹងមិន​អាចអនុវត្ត​បាន នៅក្រោយ​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ការជូនដំណឹង ដូច​មាន​ក្នុង​ចែង​ចំណុច​ទីមួយ ប្រសិន​ក្រុមប្រឹក្សា​អឺរ៉ុប ដោយមាន​ការយល់ព្រម​ពី​សមាជិក​ពាក់ព័ន្ធ មិនបាន​សម្រេច ជា​ឯកច្ឆន្ទ​ឲ្យ​បន្ត​រយៈ​ពេលនេះ​ទេនោះ​»​។​

​ប្រការ​ទី​បួន នៃ​មាត្រា​៥០ ដដែល​បន្តថា ៖«​សម្រាប់​គោលបំណង​នៃ​ចំណុច​ពីរ និង​ចំណុច​បី សមាជិក​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប ឬ​សមាជិក​នៃ​ក្រុមប្រឹក្សា​ដទៃ ដែល​តំណាង​ឲ្យ​រដ្ឋ​សមាជិក​ដែល​ចាកចេញ មិនអាច​ចូលរួម​ក្នុងការ​ពិភាក្សា​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​ដទៃ ឬ​ការសម្រេចចិត្ត​ណាមួយ​នោះទេ​»​។ 

​ប្រការ​ចុងក្រោយ​នៃ​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ចែងថា​៖ «​ប្រសិន​រដ្ឋ​ណាមួយ ដែល​បាន​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប ហើយ​ស្នើ​ចង់​ចូលរួម​វិញ សំណើ​របស់​រដ្ឋ​នោះ ត្រូវអនុវត្ត​តាម​នីតិ​វិធី ចែង​ក្នុង​មាត្រា​៤៩»៕   


Tag:
 ​អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com