កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកាសែត​ម្នាក់​សួរ Schweinsteiger ថា គេ​អាច​នាំ​ក្លិប Chicago Fire ឈ្នះ World Cup ដែរ​ទេ​?
30, Mar 2017 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
Bastian Schweinsteiger ខ្សែបម្រើ​ថ្មី​នៃ​ក្លិប Chicago Fire នៃ​ក្របខណ្ឌ Major League Soccer (MLS) របស់​អាមេរិក​មាន​អារម្មណ៍​ភាំង​យ៉ាងខ្លាំង​នា​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ពុធ​កន្លងមក ដោយ​អ្នក​សារ ព័​ត៌ មាន​ម្នាក់ បាន​សួរថា តើ​រូបគេ​អាចជួយ​ឲ្យ​ក្លិប Chicago Fire ឈ្នះ​ពាន World Cup ដូចជា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ ដែរ​យ៉ាងណា​។​



​អតីត​កីឡាករ​ឆ្នើម​នៃ​ក្លិប Bayern Munich និង Manchester United មានការ​ស្រពិចស្រពិល​យ៉ាងខ្លាំង​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន​ម្នាក់ ដែល​បែងចែក​មិន​ច្បាស់​ទាក់ទង​នឹង​ការប្រកួត​របស់​ក្លិប និង​ក្រុម​ជម្រើសជាតិ​។ នៅពេល​ដែលមាន​សំណួរ ថា តើ​រូបគេ​អាច​នាំ Chicago Fire ឈ្នះ FIFA World Cup ដែរឬទេ​? Schweinsteiger មិនបាន​ឆ្លើយ​ភ្លាមៗ​ឡើយ គេ​បាន​ងាក​សួរ​សហការី​បន្ថែម បន្ទាប់មក​មាន​សហកា​រី​ម្នាក់​និយាយ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា World Cup គឺ​សម្រាប់​ក្រុម​ជម្រើសជាតិ មិនមែន​ក្លិប​នោះឡើយ​។​

​បន្ទាប់ពី​គិត​មួយសន្ទុះ អ្នកយកព័ត៌មាន​បាន​បង្វែរ​សំណួរ ដោយ​ដូរ​ពី World Cup ទៅ MLS Cup វិញ​។ ទាក់ទង​នឹង​បញ្ហា​នេះ អតីត​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​វ័យ ៣២​ឆ្នាំ  មិនទាន់​ហ៊ាន​អះអាងថា នឹង​ឈ្នះ​ពានរង្វាន់​ណាមួយ​សម្រាប់ Chicago Fire នោះឡើយ​។​

Schweinsteiger គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ដែល​បានឈ្នះ World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល ហើយ​បាន​លេខ​៣​នៅ​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១០​។ ជាមួយ​ក្លិប Bayern Munich គេ​បានឈ្នះ​ពាន Bundesliga ៨​លើក និង UEFA Champions League ១​លើក​៕


Tag:
 ​បាល់ទាត់​
  Chicago Fire
  World Cup
  Bastian Schweinsteiger
© រក្សាសិទ្ធិដោយ thmeythmey.com