ជាតិ
លោក សម រង្ស៊ី នៅតែ​តាំងចិត្ត​រក​យុត្តិធម៌​ជូន​អ្នកស្លាប់​ដោយសារ​គ្រាប់បែក​ក្នុង​ឆ្នាំ​១៩៩៧
30, Mar 2017 , 11:35 am        
រូបភាព
​ភ្នំពេញ​៖ លោក សម រង្ស៊ី អះអាងថា លោក នឹងមិន​បញ្ឈប់​ការស្វែងរក​យុត្តិធម៌ ឲ្យ​បាតុករ​១៦​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក ក្នុង​ឆ្នាំ​១៩៩៧ នោះឡើយ​។ លោក សង្ឃឹមថា យុត្តិធម៌ នឹង​កើតមាន​ដល់​ជនរងគ្រោះ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។



​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើកឡើងថា លោក មិនអាច​បំភ្លេច​បានទេ ចំពោះ​ព្រឹត្តិការណ៍ នៃ​ការ​គប់​គ្រាប់បែកដៃ​ចំនួន​បួន​គ្រាប់ ដែល​បណ្តាល​ឲ្យ​បាតុករ​ចំនួន​១៦​នាក់ ស្លាប់បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀត រងរបួស កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧​។ កាលនោះ លោក សម រង្ស៊ី គឺជា​អ្នកដឹកនាំ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។​

​តាមរយៈ​ការភ្ជាប់​វីដេអូ (Video Conference) ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​និយាយ​ទៅកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មនុស្ស​ប្រមាណ​ជា​២០០​នាក់​ទៀត ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យឧទ្ទិសកុសល​ដ​ល់​អ្នកស្លាប់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​គ្រប់​បែក​នោះ ថា លោក នៅតែ​ជំរុញ​ឲ្យ​មាន​តុលាការ​ឯករាជ្យ ដើម្បី​ស្វែងរក​ជនល្មើស និង​អ្នក​នៅ​ពីក្រោយ​ខ្នង យកទៅ​ផ្តន្ទាទោស​។ ទោះ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ បាន​កន្លងទៅ​អស់​រយៈពេល​២០​ឆ្នាំ​ហើយក៏​ដោយ លោក សម រង្ស៊ី នៅតែមាន​ភាពជឿជាក់​យ៉ាងខ្លាំង​ថា អ្នក​ដែល​ប្រព្រឹត្ត រួមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​ទទួលទោស នៅ​ថ្ងៃ​ណាមួយ​។​


  
​អតីត​មេបក្ស​ប្រឆាំង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ ក្នុងការ​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ឲ្យ​ទាល់តែ​បាន​។ [….] ខ្ញុំ មាន​ជំនឿ​យ៉ាង​មុះ​មុត ថា យុត្តិធម៌​នឹង​មកដល់​។ យើង នឹង​ទទួលបាន​យុត្តិធម៌​ជាមិនខាន ពីព្រោះ​គ្មានអ្វី ជា​អមតៈ​ទេ នៅក្នុង​លោក​នេះ​។ [ អ្នកប្រព្រឹត្ត ] អំពើអាក្រក់ ត្រូវតែ​ទទួល នៅ​ទីបញ្ចប់ ឬ​នៅពេល​ណាមួយ​ជាពុំខាន​»​។ 

​ចេតិយ​មួយ ត្រូវបាន​កសាងឡើង នៅក្នុង​សួនច្បារ មុខ​វត្ត​បទុម​វ​ត្តី សម្រាប់​ជាទី​តម្កល់​ធាតុ​របស់​បាតុករ​ទាំង​១៦​នាក់ ដែល​បាន​បាត់បង់​ជីវិត ដោយសារតែ​ការ​គប់​គ្រាប់បែក ក្នុង​ឆ្នាំ​១៩៩៧​។ ជា​រៀងរាល់ឆ្នាំ បក្សប្រឆាំង តែងតែ​ប្រារព្ធ​ពិធី​បុណ្យឧទ្ទិសកុសល​ដ​ល់​អ្នក​បាត់​បង់ជីវិត​ទាំងនោះ នៅ​ថ្ងៃទី​៣០ មីនា​៕




Tag:
 សម រង្ស៊ី​
  ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧
© រក្សាសិទ្ធិដោយ thmeythmey.com