ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ថា ឯកឧត្តម កឹម សុខា នៅតែ​ជា​ប្រធាន​បក្ស ដោយ​គ្មាន​ការប្រែប្រួល​ឡើយ​
30, Mar 2017 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ឯកឧត្តម កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​ដោយ​មិនមាន​ការប្រែប្រួល​អ្វី​ឡើយ បើទោះជា​បញ្ហា​សមាជ​បក្ស​កំពុងស្ថិត​នៅក្នុង​ភាពចម្រូងចម្រាស​គ្នា ដែល​ក្រសួងមហាផ្ទៃ សម្គាល់​ឃើញ​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ក្តី​។


 
​ក្រសួងមហាផ្ទៃ បានកត់សម្គាល់​ឃើញថា សមាជ​វិសាមញ្ញ និង​លក្ខន្តិក​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​អ្វីដែល​បញ្ហា​ទេ​។ តែ​អ្វីដែល​ក្រសួងមហាផ្ទៃ​ជំទាស់​នោះ គឺ​ការជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពិនិត្យមើល​ឡើងវិញ​។​
 
​ត្រង់ចំណុច​នេះ គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ក្រោយ​ពិនិត្យមើល​លិខិត និង​ប្រើពេល​បកស្រាយ​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ​ហើយ​នោះ ករណី​ជ្រើសរើស​មេដឹកនាំ​បក្ស ដែលមាន​ឯកឧត្តម កឹម សុខា ជា​ប្រធាន​នេះ គ្មាន​បញ្ហា​អ្វីដែល​ត្រូវ​ចោទ​នោះទេ​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សង្កត់​ថា ឯកឧត្តម កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស ដោយ​គ្មាន​ការប្រែប្រួល​អ្វី​ឡើយ​។​
 
​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកកាសែត ជុំវិញ​ភាពចម្រូងចម្រាស​នៃ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នោះ លោក អេង ឆៃអ៊ាង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទោះយ៉ាងណា​ក៏​គាត់​(​កឹម សុខា​) នៅតែ​ជា​ប្រធាន​។ ទាំង​លក្ខន្តិកៈ​បក្ស​ចាស់​ក៏​គាត់​អាច​ធ្វើជា​ប្រធាន និង​លក្ខន្តិកៈ​ថ្មី (​ពីរ​) ក៏​គាត់​ជា​ប្រធាន​»​។​
 
​បើតាម​លោក អេង ឆៃអ៊ាង គណបក្ស​លោក នឹង​បន្ត​អនុវត្ត​ការងារ​ជាធម្មតា ដោយ​មិនមាន​ការសើរើ​ធ្វើ​សមាជ​បក្ស​ជាថ្មី​ម្ដងទៀត​នោះទេ​។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ស្នើសុំ​ជួប​បកស្រាយ​បញ្ហា​សមាជ​បក្ស​ជាមួយ​ក្រសួងមហាផ្ទៃ​បន្តទៀត​ដែរ​។​
 
​កាលពី​ថ្ងៃទី​២ មីនា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សមាជ​វិសាមញ្ញ ដោយបាន​បោះឆ្នោត​ជ្រើសតាំង​ឯកឧត្តម កឹម សុខា ជា​ប្រធាន លោក ប៉ុល ហំ​ម លោកស្រី មួរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ធ្វើជា​អនុប្រធាន​។​
 
​ជុំវិញ​បញ្ហា​នេះ​ក្រសួងមហាផ្ទៃ ចាត់ទុក​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បានធ្វើ​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ក៏​មិនបាន​បកស្រាយ​បញ្ជាក់​អ្វី​ច្រើន​ដែរ ដោយ​លោក​គ្រាន់តែ​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ប្រការ​៤៧ ត្រេ​ទី​២​នៃ​លក្ខន្តិកៈ​គណបក្ស ដោយ​អណ​ត្តិ​នៅសល់​មាន​រយៈពេល​តិចជាង​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ ដែល​លោក សម រង្ស៊ី បាន​លាលែង​ចេញពី​តំណែង​ប្រធាន​គណបក្ស នៅ​ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ​២០១៧​។ លោក ប្រាក់ សំអឿន ក៏​មិនទាន់​អាច​បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹង​ចាត់វិធានការ​បែបណា​ដែរ ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ បើសិនជា​មិនមាន​ការកែប្រែ​ក្បាលម៉ាស៊ីន​បក្ស​នោះ​។​
 
​ថ្លែង​ចំពោះមុខ​អ្នកកាសែត ក្រោយ​ជំនួប​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​សាមី​គណបក្ស​(CNRP) គាត់​យកទៅ​មើលទៅ​លក្ខន្តិកៈ​ចែង​ច្បាស់​ហើយ​។ មើល​តែ​លក្ខន្តិកៈ​នេះ គាត់​យកទៅ​ធ្វើទៅ​…​។ ហើយ​វា​នឹងមាន​វិធានការ​ជា​បន្តបន្ទាប់​ទៀត តែ​ខ្ញុំ​មិនទាន់​ដឹង​ទេ វា​អាស្រ័យ​លើ​គណបក្ស​គាត់​។ ក្រសួងមហាផ្ទៃ​អត់​មាន​ដាក់​កំណត់​អ្វី​ទេ តែ​សំខាន់​ឲ្យ​តែ​គាត់​អនុវត្ត​ទៅតាម​ស្មារតី​លិខិត​ពីរ​ចំណុច បើ​គាត់​អនុវត្តតាម វា​នឹង​ចប់​រឿង​»​។​
 
​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស កាលពី​ថ្ងៃទី​២ មីនា ឯកឧត្តម កឹម សុខា ក៏បាន​ទទួល​សារ​ជូនពរ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ សម្ដេច ហ៊ុន សែន បាន​សរសេរ​ក្នុង​លិខិត​យ៉ាងខ្លី​ថា​៖«​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម មាន​សុខ​ភាពល្អ និង​សុភមង្គល​ក្នុង​គ្រួសារ​»​។​
 
​ត្រង់ចំណុច​នេះ លោក ប្រាក់ សំអឿន បាន​និយាយថា ករណី​ដែល​សម្ដេច ហ៊ុន សែន ចេញ​សារ​គាំទ្រ​ឯកឧត្តម កឹម សុខា ធ្វើជា​ប្រធាន​បក្សប្រឆាំង​នោះ គឺជា​រឿង​មួយ​ផ្សេង​ដោយឡែក​។ ចំណែក​ក្រសួងមហាផ្ទៃ​វិញ គ្រាន់តែ​ជា​ស្ថាប័ន​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ​៕
 

Tag:
 អេង ឆៃអ៊ាង
 ​កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com