ជាតិ
អ្នកជំនាញ​៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការដាក់ទោសទណ្ឌ​ក្រៅ​ផ្លូវច្បាប់​ពី​មហាជន​
30, Mar 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ អ្នកជំនាញ​លើកឡើងថា អយុត្តិធម៌​សង្គម និង​ការខ្វះ​ការទុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ជំរុញ​ឲ្យ​ពលរដ្ឋ​ជ្រើស​រើសយក​វិធានការ​ផ្ទាល់ខ្លួន ដើម្បី​ដាក់ទោស​លើ​ជនល្មើស ជាជាង​រង់ចាំ​ការដោះស្រាយ​ពី​អាជ្ញាធរ​។​



​វីដេអូ​ជាច្រើន​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ  ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ នៅក្នុង​វីដេអូ​នោះ បុរស​អ្នកបើកបរ​រថយន្ត Camry ម្នាក់ បាន​ព្យាយាម​បើករថយន្ត​គេច បន្ទាប់ពី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៣​នាក់ បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​-​ស្រាល​។​

​វីដេអូ​ទាំងនោះ​បង្ហាញថា នៅលើ​កំណាត់​ផ្លូវ​នៃ​មហាវិថី​ព្រះមុន្នីវង្ស​ដ៏​អ៊ូអរ ត្រង់ចំណុច​វិទ្យាល័យ​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃកើតហេតុ​នោះ បុរស​ដែលជា​អ្នកបើករថយន្ត​ត្រូវបាន​អ្នកដំណើរ​តាម​ដងផ្លូវ​ជាច្រើន​នាក់ ទាញ​ទម្លាក់​ចេញពី​រថយន្ត ហើយ​ព្រួត​គ្នា​វាយដំ ទាត់​ធាក់ រហូត​ហូរឈាម​ជោគ​ខ្លួន បែក​មុខ បែក​មាត់​ស្ទើ​មើល​លែង​ស្គាល់ មុនពេល​មាន​អន្តរាគមន៍​ពី​មន្ត្រីប៉ូលិស​។ រីឯ រថយន្ត​បង្កហេតុ​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយកម្ទេច ខូចខាត​ស្ទើរ​ទាំងស្រុង​ថែមទៀត​។​

​ការសហការ​គ្នា​រវាង​ហ្វូង​មហាជន ក្នុង​ការដាក់ទោសទណ្ឌ​ក្រៅ​ផ្លូវច្បាប់​ទៅលើ​ជនល្មើស តាមរយៈ​ការ​ព្រួត​គ្នា វាយដំ ច្រំ​ធាក់ រហូតដល់​ជនល្មើស​ស្ទើរ​បាត់បង់​ជីវិត មិនមែនជា​ករណី​ថ្មី​នៅ​កម្ពុជា​នោះទេ​។ កន្លងមក​មាន​ករណី​ខ្លះទៀត​ដែល​ជន​ប្រព្រឹត្ត​បទល្មើស​ស្លាប់បាត់​បង់ជីវិត ដោយសារ​ការដាក់ទោស​ពី​តុលាការ​មហាជន មុនពេល​មានការ​អន្តរាគ​ម៍​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​នៅ​កម្ពុជា ការសម្លាប់​ដោយ​ហ្វូងមនុស្ស អាច​ផ្តើមចេញពី​អំពើចោរកម្ម ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួច​មាន​ចេតនា​រត់គេចខ្លួន ដើម្បី​គេចចេញ​ពី​ការទទួលខុសត្រូវ ឬ​រង​ការ​ចោទថា បុគ្គល​ណាមួយ​ចេះ​អំពើ​អាប​ធ្មប់​ជាដើម​។​



​ករណី​ទាំងនេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​កើតឡើង ដោយសារ​ការបាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ អ្នកជំនាញ បង្ហាញ​ការសោកស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង ក៏ប៉ុន្តែ​ពួកគេ​ស្នើ​កុំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អំពើហិង្សា ឬ​ទណ្ឌកម្ម​ក្រៅ​ផ្លូវច្បាប់​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​។​

​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ ឲ្យ​ដឹងថា ជន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​កាល​ពីថ្ងៃ​ចន្ទ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ ការដកហូត​ប័ណ្ណបើកបរ​រថយន្ត ការពិន័យ​ជា​ប្រាក់​និង​ការផ្តន្ទាទោស​បន្ថែម​មួយចំនួនទៀត ដែលមាន​កំណត់​ក្នុង​ក្រមព្រហ្មទណ្ឌ​។​

«​ទុក​ឲ្យ​ច្បាប់​កាត់ទោស​គាត់​ល្អ​ជាង ព្រោះ​នៅក្នុង​ច្បាប់​ចរាចរណ៍​ក៏មាន​ចែង​ដែរ​ថា អ្នកបើកបរ​ខ្ចី​ខ្ជា អ្នកបើកបរ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ គេ​អាច​កាត់ទោស​ក្នុង​មាត្រា​៨៥ និង​ក្រមព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ដែល​អ្នក​បង្កឡើង បើសិនជា​យើង​កាត់ទោស​ដោយ​ខ្លួនឯង មិនមែន​ច្បាប់​ទេ​។ ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​។ ទី​២ ទុក​ឲ្យ​ច្បាប់​ជា​អ្នក​កាត់ទោស​គាត់​ឲ្យ​បាន​ត្រឹមត្រូវ ជាជាង​យើង​បង្ក​របួសស្នាម​ផ្សេងៗ​ដល់​ជនល្មើស​»​។​

​លោក អ៊ា ចរិយា អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ថ្លែងថា ករណី​ដែល​បានកើត​ឡើង​នេះ អាច​ហ្នឹង​ទប់ស្កាត់ ឬ​កាត់បន្ថយ​បាន បើសិន​មានការ​អប់រំ​អំពី​ចរាចរណ៍​បាន​ទូលំទូលាយ និង​ការ​រឹតបន្តឹង​ច្បាប់​ដោយ​អាជ្ញាធរ​នោះ​។​

«​ការដែល​ប្រជាពលរដ្ឋ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ​នៅពេលដែល​គាត់​បង្កហេតុ អាចមាន​ផល​អាក្រក់​ទៅ​ថ្ងៃ​ខាងមុខ ដោយសារ​អ្នកបើកបរ​អាច​នឹង​យក​លេស គេច​ពី​សុវត្ថិភាព គាត់​ព្យាយាម​បើក​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​កន្លែង​ខាងមុខ​ត​ទៀត​។ ហើយ​មួយទៀត បើសិនជា​មិនមាន​គ្រោះថ្នាក់​អី​ខាងមុខ វា​អាចធ្វើ​ឲ្យ​អ្នកបង្ក​គាត់​គេចខ្លួន យករួចខ្លួន​តែម្តង​»​។​

​លោក អ៊ា ចរិយា បន្តថា ជារឿយៗ​នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង ការអន្តរាគមន៍​ពី​អាជ្ញា​ធរមាន​ភាពយឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ដាក់ទោស​ជនល្មើស​ក្រៅ​ផ្លូវច្បាប់​។​

«​ដោយសារតែ​ពួកគាត់​អត់​មាន​ជំនឿ​លើ​អាជ្ញាធរ ចឹ​ង​គាត់​ស្វែងរក​យុត្តិធម៌​ដោយ​ខ្លួន​គាត់ ដោយសារ​គាត់​មើលឃើញ​ករណី​មួយចំនួន អ្នក​បង្កហេតុ​រួចខ្លួន គាត់​មិន​ទទួលទោស​ទៅតាម​ច្បាប់​។ ទី​២ ពេល​កើតហេតុ យើង​ឃើញ​អាជ្ញាធរ​មកដល់​កន្លែង​កើតហេតុ​យឺត ធ្វើ​ឲ្យ​មហាជន​ចាំ​យូរពេក ទ្រាំ​មិនបាន ក៏​ប្រើប្រាស់​អំពើហិង្សា​ជាដើម​»​។​

​យ៉ាងណាក៏ដោយ លោក អ៊ា ចរិយា លើកឡើងថា ប្រជាពលរដ្ឋ​គួរតែ​ចូលរួម​ឃាត់ខ្លួន​អ្នកបង្ក​ហេតុ ទុក​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​មិនគួរ​ប្រើប្រាស់​អំពើហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​នោះទេ​។​



​លោក យ៉ង គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព យល់ថា​ការ​ព្រួត​គ្នា​វាយដំ​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​នោះ គឺជា​ការប្រព្រឹត្ត​បទល្មើស​នៅក្នុង​បទល្មើស ដែល​អាច​បង្កចលាចល​ក្នុងសង្គម​។​

«​អ្នក​បើកឡាន​ហ្នឹង​បាន​បង្កើត​បទល្មើស​មួយ​ហើយ បើក​បញ្ច្រាស បើក​ទៅបុក​គេ​ឲ្យ​ស្លាប់​ជា​បទល្មើស​ហើយ​។ ប៉ុន្តែ​សោកស្តាយ ដែល​អ្នក​[​ពលរដ្ឋ​]​ជ្រុលដៃ ជ្រុលជើង​ទៅ​វាយ​អ្នកបើកបរ​រហូតដល់​ជិត​ស្លាប់​។ ហ្នឹង​ក៏​ជា​បទល្មើស​មួយទៀត​ដែរ ជា​ការពិតទៅ​។ យើង​មានការ​សោកសៅ សោក​ស​ង្រែ​ង​ដល់​ជនរងគ្រោះ​ហើយ ក៏ប៉ុន្តែ​យើង​ក៏​មិន​ចង់ឃើញ​អ្នកដទៃ​ធ្លាក់ខ្លួន​ទៅក្នុង​អំពើ​ល្មើស​ដែរ​។ កាលណា​សាធារណជន គាត់​ដើរតួនាទី​ជំនួស​តុលាការ គេ​បារម្ភ​ថា​សង្គម​នោះ​ទៅជា​ច្របូកច្របល់​»​។​

​បើតាម​លោក យ៉ង គឹមអេង មាន​កត្តា​ផ្សំ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជ្រើស​រើសយក​ការ​កាត់សេចក្តី​ដោយ​វិធានការ​ផ្ទាល់ខ្លួន ជាជាង​រង់ចាំ​ការសម្រេច​ពី​អាជ្ញាធរ​នោះ ជាអាទ៍​អយុត្តិធម៌​សង្គម អំពើពុករលួយ អសន្តិសុខ និង​សម្ពាធ​សង្គម​នានា​។​

​លោក​ថា ការណ៍​នេះ​អាច​បង្ក​ឲ្យ​ប្រជាជន​បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួនឯង ខ្វះ​ភាព​អត់ធ្មត់ និង​ខ្វះ​ការ​អធ្យាស្រ័យ​គ្នា ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ដាក់ទណ្ឌកម្ម​ក្រៅ​ផ្លូវច្បាប់​ដោយ​មហាជន​នោះ​។​

«​ប្រហែលជា​ប្រជាពលរដ្ឋ​គាត់​មានការ​នឿយណាយ មាន​ការមិនទុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​យើង​ផង​។ បញ្ហា​អយុត្តិធម៌​សង្គម ការជឿជាក់​លើ​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋ​ក៏​ជា​មូលហេតុ​មួយ​។ មួយទៀត បញ្ហា​ស្មុគស្មាញ ជីវភាព​រស់នៅ ក៏​ជា​មូល​ហ​តុ​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​ដែរ ភាពក្រីក្រ​ចំណាកស្រុក ភាព​បែកបាក់​គ្នា ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង​មាន​បញ្ហា​ផ្លូវ​ចិត្តច្រើន​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា​ជារឿយៗ​រដ្ឋាភិបាល​តែងតែ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​យល់​អំពី​បញ្ហា​ច្បាប់ និង​សិទ្ធិមនុស្ស​។ ក៏ប៉ុន្តែ លោក​ថា ពេលខ្លះ​មន្ត្រីប៉ូលិស និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនអាច​ទប់ស្កាត់​កំហឹង​របស់​មហាជន​ដែល​កើតមានឡើង​ភ្លាមៗ​នោះទេ​។​

​លោក សុខ ឥសាន ប្រៀបធៀប​ករណីនេះ​ទៅនឹង​រឿង​អក្ស​សិ​ល្បិ៍​ខ្មែរ​យ៉ាង​ដូច្នេះ​៖

«​បើតាម​កម្រិត​ច្បាប់ មិនត្រូវ​វាយ​ដល់​ស្លាប់​ទេ​។ ក៏ប៉ុន្តែ បើ​និយាយ​តាម​សីលធម៌ សតិអារម្មណ៍​របស់​ព​ល​រដ្ឋ គេ​ទប់​មិន​ឈ្នះ​។ ទាំងអស់គ្នា​អត់ទ្រាំ​មិនបាន ព្រោះ​ទាំងអស់គ្នា​ហ្នឹង​មិនមែនជា​ព្រះពុទ្ធ មិនមែនជា​ព្រះ​វេសន្តរ​ទេ​ដែល​អាច​ទប់ចិត្ត​បាន​នោះ​។ ទោះបី​ព្រះ​វេសន្តរ​ជិត​ត្រាស់​ទៅហើយ ឃើញ​តា​ជូជក់​វាយ​កូន​នៅ​នឹង​មុខ ក៏​អត់ទ្រាំ​មិនបាន​ដែរ​»​។​

​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​ចេញផ្សាយ​ដើមឆ្នាំ​២០១៧​នេះ រកឃើញថា នៅក្នុង​ឆ្នាំ​២០១៦ ការសម្លាប់​ដោយ​ហ្វូងមនុស្ស​នេះ កើតឡើង​ចំនួន​៣​ករណី ក្នុងនោះ​បង្ក​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​។ រីឯ​ក្នុង​ឆ្នាំ​២០១៥​វិញ ការសម្លាប់​ដោយ​ហ្វូងមនុស្ស​នេះ កើតឡើង​ចំនួន​៧​ករណី ក្នុងនោះ​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​។​

​បើទោះជា​ចំនួន​នេះ​មានការ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក៏​អ្នកជំនាញ​សិទ្ធិមនុស្ស បង្ហាញ​ក្តីបារម្ភ​ចំពោះ​ករណី​ដែល​បាន​កើតឡើង​នាពេល​កន្លងមក ដោយសារ​ករណី​ទាំងនេះ​គឺជា​អំពើ​ល្មើសច្បាប់ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com