អន្តរជាតិ
​អាមេរិក​នឹង​កែទម្រង់​បេសកកម្ម​រក្សា​សន្តិភាព UN ដើម្បី​បន្ថយ​ការ​ខ្ជះខ្ជាយ​និង​បង្កើន​ប្រសិទ្ធភាព​
30, Mar 2017 , 2:13 pm        
រូបភាព
​បេសកជន​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ព្រមាន​ថា វា​នឹងមាន​ការត្រួតពិនិត្យ​ស៊ីជម្រៅ​មួយ​លើ​រាល់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ដើម្បី​កែទម្រង់​និង​ធានា​ពី​ប្រសិទ្ធភាព​និង​បន្ថយ​ការ​ខ្ជះខ្ជាយ​ធនធាន​។ ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ប្រទេស​មួយចំនួន​ដែល​មិនចាំបាច់​នឹងត្រូវ​បញ្ចប់ ហើយ​អង្គការសហប្រជាជាតិ​ត្រូវ​ផ្តោតលើ​ការរក្សា​សន្តិភាព​នៅ​តំបន់​ដែល​គ្មាន​សន្តិភាព​ពិតប្រាកដ​វិញ​។



​ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​ក្រុមប្រឹក្សា​នៃ​ទំនាក់ទំនង​អន្តរជាតិ (CFR) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​បញ្ជាក់ថា  អាមេរិក​នឹង​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ខែមេសា​ដើម្បី​ត្រួតពិនិត្យ​ស៊ីជម្រៅ​លើ​ការបំពេញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​លោកស្រី​បាន​ប្រាប់​អ្នកជំនាញ​ដែលមាន​វត្តមាន​ក្នុង​វេទិកា​នោះ​ថា គោលដៅ​ចម្បង​នៃ​ការត្រួតពិនិត្យ​នេះ​គឺជា​អ្វីដែល​អាមេរិក​ចង់បាន​ព្រោះ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន​មិនមាន​ប្រសិទ្ធិភាព​និង​ខ្ជះខ្ជាយ​។

«​ខ្ញុំ​មក​អង្គការសហប្រជាជាតិ​នេះ​ដោយមាន​គោលដៅ​ចម្បង​បង្ហាញ​ប្រជាជន​អាមេរិក​ពី​តម្លៃ​នៃ​ការវិនិយោគ​ក្នុង​ស្ថាប័ន​អន្តរជាតិ​នេះ​»​។​

​បេសកជន​ពិសេស​អាមេរិក​រូបនេះ​បាន​ពន្យល់ថា លោកស្រី​បានចាប់ផ្តើម​ជជែក​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres  រួចរាល់​ហើយពី​បញ្ហា​នេះ​។ លោកស្រី​សង្កត់ធ្ងន់ថា អាមេរិក​និង​អង្គការ​សហ​ប្រជា​តិ​កំពុង​ស្វែងរក​វិធី​សមស្រប​ដើម្បី​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការរក្សា​សន្តិ​ភាពមិន​ត្រឹមតែ​ចំណាយ​តិច​ទេ តែ​រក្សាបាន​គណនេយ្យភាព និង ប្រសិទ្ធភាព​ថែមទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាមេរិក​ចង់​ឲ្យ​ការអន្តរាគមន៍​រក្សា​សន្តិភាព​នេះ​មាន​ផែនការ​ចាកចេញ​ច្បាស់លាស់​ផង​។​

​ដើម្បី​ធានាថា ប្រតិបត្តិ​ការរក្សា​សន្តិភាព​នេះ​មិន​ខ្ជះខ្ជាយ​លុយ​និង​មាន​ប្រសិទ្ធភាព​លោកស្រី Nikki Haley បានប្រកាសថា ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ប្រទេស​មួយចំនួន​ដែល​មិនចាំបាច់​នឹងត្រូវ​បញ្ចប់ ក្នុងនោះ​មាននៅ​ហៃ​ទី និង​កូ​ឌី​វ័រ​។

«​យើង​នឹង​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ហៃ​ទី ព្រោះ​តាម​ស្ថានការណ៍​បច្ចុប្បន្ន​វា​មិនត្រូវ​ការប្រតិបត្តិ​ការ​នេះ​ទៀត​ទេ​។ ហើយ​យើង​ក៏​នឹង​បញ្ចប់​ការងារ​របស់​យើង​នៅ​កូ​ឌី​វ័រ និង​លី​បេ​រី​ដែរ​។ ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​រក្សា​សន្តិភាព​នៅ​តំបន់​ដែល​គ្មាន​សន្តិភាព​ពិតប្រាកដ​វិញ​»​។

​ពាក់ព័ន្ធ​ការអន្តរាគមន៍​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​វិញ អគ្គរដ្ឋទូត​អាមេរិក​រូបនេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា វា​នឹងមាន​ការកាត់បន្ថយ​ពិត​ឬ​អត់​ទេ ប៉ុន្តែ​គេ​អាច​យល់បាន​ថា​អាមេរិក​ចង់​ឲ្យ​មានការ​បន្ថយ ។ ក្រុមប្រឹក្សាសន្តិសុខ​នឹង​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ដើម្បី​កំណត់ថា វា​នឹងមាន​ការបន្ថយ​ចំនួន​កងទ័ព​មួក​ខៀវ​ទាំង ១៩០០០​នាក់​ដែល​ឈរជើង​នៅ​កុង​ហ្គោ​នោះ​ឬ​អត់​។​

​តំណាង​អាមេរិក​នេះ​បាន​អះអាងថា វា​ជា​រឿង​មិន​សមរម្យ​ឡើយ​ដែល​អង្គការសហប្រជាជាតិ​ជួយ​រដ្ឋាភិបាល​កុង​ហ្កោ​ដែល​ពុករលួយ ហើយ​រំលោភបំពាន​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​។​លោកស្រី​មិន​ចង់​ឲ្យ​រឿង​បែបនេះ​បន្ត​កើតមានឡើង​ទៀត​ទេ វា​ចាំបាច់​ត្រូវ​ដោះស្រាយ​។​

​យ៉ាងណាក៏ដោយ មន្ត្រី​ទូត​បារាំង​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​បានបង្ហាញ​ក្តីបារម្ភ​និង​ជំទាស់​ចំពោះ​គម្រោង​បន្ថយ​ទ័ព​អង្គការសហប្រជាជាតិ​នៅ​កុង​ហ្គោ​។ ប្រមុខ​អង្គការសហប្រជាជាតិ​ក៏​យល់ឃើញ​ដូចគ្នា​ព្រោះ​កុង​ហ្គោ​នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ចុងឆ្នាំ​នេ​ហ ដែល​វា​ចាំបាច់​ត្រូវមាន​ការបង្កើន​កងក​ម្លាំ​ង​ទ័ព​ជាពិសេស​មន្ត្រ​ប៉ូលិស​ដើម្បី​ធានា​សន្តិសុខ និង​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​ផង​។​

​ដោយឡែក ស្រប​ពេលដែល​អាមេរិក​ចង់​ឲ្យ​មានការ​កែទម្រង់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ  លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក Nikki Haley ក៏បាន​បញ្ជាក់​ផងដែរ​ថា លុយ​ជំនួយ​អាមេរិក​គាំទ្រ​ការចំណាយ​សម្រាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នឹងត្រូវ​កាត់បន្ថយ​នៅពេល​ខាងមុខនេះ​។ អាមេរិក​រួមចំណែក​ផ្តល់​វិភាគទាន ៧,៩​ពាន់​លាន​ដុល្លារ​ក្នុង​ប្រតិបត្តិ​ការដែល​ស្មើ ២៩​ភាគរយ ហើយ​វា​នឹងត្រូវ​បន្ថយ​មក​ត្រឹម ២៥​ភាគរយ​ប៉ុណ្ណោះ​៕

Tag:
 អាមេរិក​
 Nikki Haley
  UN
  ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com