អន្តរជាតិ
THAAD៖ ចិន​ប្រាប់​អាមេរិក​ថា ពេល​គិតពី​បញ្ហា​សន្តិសុខ​ខ្លួនឯង ក៏ត្រូវ​គោរព​សន្តិសុខ​គេ​ផង​
30, Mar 2017 , 4:00 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព Xinhua)
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព Xinhua)
​ពីដំបូង ការពង្រាយ​ប្រព័ន្ធ​ការពា​មី​ស៊ី​ល​អាកាស (THAAD) នៅ​កូរ៉េខាងត្បូង​ពី​សំណាក់​អាមេរិក គឺ​ដើម្បី​ការគំរាមកំហែង​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស​កូរ៉េខាងជើង​។ ក្រៅពី​ការការពារ​ខ្លួន ចិន និង​រុស្ស៊ី បែរជា​មើលឃើញ​ការពង្រាយ​នេះ ជាការ​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជុំវិញ​ពិភពលោក​របស់​អាមេរិក​ដើម្បី​ការពារ​សន្តិសុខ​របស់​ខ្លួន​ដែរ​។ ឯ​ចិន​វិញ គឺ​ជំទាស់​ដាច់ខាត​ការពង្រាយ​នេះ ព្រោះ​ប៉ះពាល់​ប្រយោជន៍​សន្តិសុខ​ខ្លួន ហើយ​ជារឿយៗ​ក៏​ប្រាប់​ឲ្យ​អាមេរិក​បញ្ឈប់​គម្រោង​ពង្រាយ​នេះ​ទៅ​។​



​តាំងពី​ដើមទី​មក ចិន និង​រុស្ស៊ី មិន​ពេញចិត្ត​ទាល់​សោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង ដែលជា​ការពង្រឹង​ប្រព័ន្ធ​ការពារ​អាកាស​លើ​ពិភពលោក​។ នេះ​ក៏​ព្រោះតែ អាមេរិក​មិន​ត្រឹមតែ​ប្រឹង​ពង្រឹងសមត្ថភាព​ការពារ​មី​ស៊ី​ល​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ តែ​ក៏បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅតាម​ទីតាំង​ដទៃទៀត ក្នុង​គោលដៅ​ការពារ​សន្តិសុខ​ខ្លួនឯង បើទោះជា​គេឯង​មិន​ពេញចិត្ត​ក៏ដោយចុះ​។​

​ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា ការដោះស្រាយ​បញ្ហា​មី​ស៊ី​ល​នេះ ត្រូវធ្វើ​ដោយ​ប្រយ័ត្នប្រយែង ដ្បិត​ជាប់​ពាក់ព័ន្ធ​ស្ថិរភាព​ពិភពលោក និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។ តាមពិតទៅ ទាំង​ក្រុង​វ៉ាស៊ីនតោន ទាំង​ក្រុង​សេ​អ៊ូ​ល សុទ្ធតែ​ប្រាប់​មូលហេតុ​ដែល​នាំ​ដល់​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នេះ គឺ​អ្វីៗ​បណ្ដាលមកពី​សកម្មភាព​ព្រហើន​របស់​ក្រុង​ព្យុងយ៉ាង​ទាំងអស់​។ ប៉ុន្តែ​ក្រុង​ប៉េកាំង នៅតែ​ចាត់ទុក THAAD ជា​គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​ខ្លួន​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក មន្ត្រី​នាំពាក្យ​ដដែល​នេះ បាន​រិះគន់ថា ប្រទេស​ណា​ដែល​ការពារ​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន ក៏​គួរ​គិតដល់​ផលប្រយោជន៍​សន្តិសុខរ​បស់​ប្រទេស​ផ្សេង​ដែរ​។ ប្រទេស​នោះ ក៏​គួរ​អនុវត្ត​គោលការណ៍​រក្សា​ស្ថិរ​រ​ភាព​ពិភពលោក និង​រួមគ្នា​ជាមួយ​ប្រទេស​ដទៃទៀត ដើម្បី​រក្សា​សន្តិសុខ​អន្តរជាតិ ការទុកចិត្ត​គ្នា​ទៅវិញទៅមក ជាពិសេស​ចូលរួម​កិច្ចសហប្រតិបត្តិការ​ដែល​គ្រប់ភាគី​ទាំងអស់​ឈ្នះ​។​

​ចិន ក៏​ព្រមាន​ថា ទង្វើ​ឯកតោភាគី​របស់​អាមេរិក​ដែល​ប្រឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មិន​ខ្វល់​ពី​គេឯង នឹង​ប៉ះពាល់​ដល់​ការ​ដំណើរ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​អាច​ឈានដល់​ការកកើត​ឡើងវិញ​សម័យកាល​នៃ​ការប្រណាំង​ប្រជែង​សព្វាវុធ និង​ការបំផ្លាញ​តុល្យភាព​តំបន់​ទៀតផង​។ ចិន ក៏​ប្រឆាំង​ដាច់ខាត​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD នៅក្នុង​តំបន់​ដែរ ហើយក៏​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​មាន​កូរ៉េខាងត្បូង​ជាដើម ស្ដាប់​ការព្រួយបារម្ភ​របស់​ខ្លូន និង​បញ្ឈប់​ការពង្រាយ THAAD បន្ទាន់​។​

​យ៉ាងណាក្ដី បើទោះជា​មានការ​ជំទាស់​ក្ដី គ្រឿង​បង្គុំ​ដំបូង​របស់​ប្រព័ន្ធ​ការពារ​អាកាស​នេះ បាន​ទៅដល់​ទឹកដី​កូរ៉េខាងត្បូង​រួចស្រេច​ហើយ និង​រង់ចាំ​សម្ភារ​មួយចំនួនទៀត មុននឹង​ដំឡើង​តែម្ដង​។ កូរ៉េខាងត្បូង​ក៏​ប្រាប់​ចិន​រួច​ដែរ​ថា ខ្លួន​នឹង​បន្ត​គម្រោង​ពង្រាយ​នេះ​ដដែល​ដើម្បី​ការពារ​ខ្លួន មិនមែន​គំរាម​ប្រទេស​ផ្សេង​ឡើយ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង ចេះតែធ្វើ​សកម្មភាព​បង្កហេតុ​ជា​ញឹកញាប់ និង​មិន​ចុះ​ញ៉ម​សម្ពាធ​អន្តរជាតិ​អ្វី​ទាំងអស់​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងត្បូង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com