ជាតិ
ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ដឹងគុណ និង​បួងសួង​ឲ្យ​លោក រី​ច​ឆ្នឺ​រ ឆាប់​ជា​
30, Mar 2017 , 8:19 pm        
រូបភាព
​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ បាន​បង្ហោះ​សារ​រំលឹក​នឹក​គុណ និង​ជូនពរ​ឲ្យ​លោក រី​ច​ឆ្នឺ​រ ឲ្យ​ឆាប់​ជាសះស្បើយ បន្ទាប់ពី​ដឹងថា ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​រូបនេះ​ធ្លាក់ខ្លួន​ឈឹ​។ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស    ប៊ុ​ក សារ​ជូនពរ​ទាំងនេះ ត្រូវបាន​បង្ហោះ​ក្នុង​រូបភាព​ផ្សេងៗ​គ្នា មានដូចជា​ការ​រចនា​រូប​ជា​វីដេអូ និង​សំណេរ​ជូនពរ​ភ្ជាប់​នឹង​រូបថត​លោក រី​ច​ឆ្នឺ​រ​។​



​ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​បង្ហោះ​វីដេអូ​ជាង​មួយ​នាទី ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្ហាញ​ពី​សកម្មភាព​របស់លោក រី​ច​ឆ្នឺ​រ ក្នុង​បេសកកម្ម​សង្គ្រោះ​កុមារ​កម្ពុជា​។ ជាមួយនឹង​វីដេអូ​នេះ ភិក្ខុ គូ សុភាព បាន​សរសេរ​ដូច្នេះ​ថា​៖«​ចូលរួម​ចែករំលែក​បុណ្យ​កុសល​អ្នក ជូន​លោក​វេជ្ជបណ្ឌិត Beat Richner ឱ្យបាន​ឆាប់​ជាសះស្បើយ​ពី​រោគាពាធ​។ លោក​វេជ្ជបណ្ឌិត​ឋិត​នៅក្នុង​បេះដូង​ប្រជាជន​ខ្មែរ​គ្រប់រូប​»​។

​លោក ជា ច័ន្ទ បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក៏បាន​បែរបន់​ឲ្យ​លោក​វេជ្ជបណ្ឌិត​ឆាប់​ជា​ពី​ជំងឺ និង​មាន​សុខភាព​ល្អ ដើម្បី​បន្ត​បេសកកម្ម​ជួយ​ជិវិត​កុមារ​កម្ពុជា​តទៅទៀត​ដែរ​។ ក្នុង​សំណេរ អម​នឹង​រូបថត​របស់លោក រី​ច​ឆ្នឺ​រ ដែល​កំពុង​ចោមរោម​ដោយ​កុមារ​ជាច្រើន​នាក់​នោះ លោក ជា ច័ន្ទ​បរិបូរណ៍ ក៏បាន​ឆ្លៀត​រំលឹក​គុណ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​សង្គ្រោះ​ជីវិត​កូនប្រុស​ម្នាក់​របស់ខ្លួន​ដែរ​។    

​លោក ឧកញ៉ា ហុង ពី​វ ដែល​បានផ្តល់​ទឹកប្រាក់​ជាច្រើន​ដល់​មន្ទីរ​គន្ធបុប្ផា​នៅ​មួយរយៈ​ចុងក្រោយ​នេះ​បាន​បង្ហោះ​រូប​របស់ខ្លួន ជាមួយ​លោក វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ ចំនួន​៤​សន្លឹក ក្រោយ​ដឹងថា​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ ធ្លាក់ខ្លួន​ឈឺ​។ ក្រៅតែពី​ការជូន​ពរ​ឲ្យ​លោក ជោគជ័យ​ក្នុងការ​ព្យាបាល ឧកញ៉ា ហុង ពី​វ បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត ជួយ​បួងសួង​ឲ្យ លោក វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ ឆាប់​ជាសះស្បើយ​ដែរ​។​

​កញ្ញា សុខ ពិសី តារាចម្រៀង បានសរសេរថា​៖ «​បារម្ភ​ដល់​លោក​វេជ្ជ​ប​ណ្ឌិត​ចិត្តធម៌​ណាស់​ កុមារ​ខ្មែរ​ទាំងអស់​ចាំ​ផ្ដល់​កម្លាំងចិត្ត​ជូន​លោក​ ​ស៊ូ​ស៊ូ my hero»​។​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង និស្សិត​ទាំង​អស់នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានសរសេរថា​៖ «​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ជួយ​ថែរក្សា​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​សម្រាក​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វី​ស សូម​ឆាប់​បានជា​សះស្បើយ និង​មាន​សុខ​ភាពល្អ​ឡើងវិញ​»​។​

​ដូចគ្នា​ដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ក៏បាន​បង្ហោះ​សារ​រំលឹក​នឹក​គុណ និង​ជូនពរ​ឲ្យ​លោក រី​ច​ឆ្នឺ​រ ឲ្យ​ឆាប់​ជាសះស្បើយ​។ ដ្បិតតែ​សំណេរ​ផ្សេងគ្នា ប៉ុន្តែ​ស្ថិត​ក្នុងន័យ​បួងសួង​ឲ្យ ស្ថាបនិក មន្ទីរពេទ្យ​គន្ធបុប្ផា ឆាប់​ជា និង​មាន​សុខភាព​ល្អ​។ អ្នក​ស្រឡាញ់​លោក រី​ច​ឆ្នឺ​រ មួយចំនួន​បាន​ប្រើ Hastag លើ​បណ្តាញ​សង្គម #BeatRichner #PrayforBeatRichner ដោយ​បួងសួង​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​។​

​លោក បេ​អាត រិច​ឆ្នឺ​រ បាន​ធ្លាក់ខ្លួន​ឈឺ និង​ប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​តំណែង​នេះ នឹង​ផ្ទេរ​ទៅ​ឲ្យ លោក ភី​ត​ធឺរ ស្ទូ​ដឺរ ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​។ ទោះជា​កំពុង​ញ៉ាំ​ញី​ដោយ​ជំងឺ​ក៏ដោយ លោក រិច​ឆ្នឺ​រ បាន​អះអាងថា មន្ទីរពេទ្យ​នេះ​នឹង​នៅ​បន្ត​ដំណើរការ​ទៅមុខ​ដោយ​ឯករាជ្យ​ដូច​ពីមុន ពោល​គឺជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​កុមារ និង​មាតា ដោយ​មិន​គិត​ប្រាក់ និង​គុណភាព​ខ្ពស់​៕

Tag:
 បេ​អាត រី​ច​ឆ្នឺ​រ​
 ​​​​​​ គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com