អន្តរជាតិ
កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក ក្រោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ហៅ គីម ជុង​អ៊ុន ជា​ក្មេង​កន្ធាត់​ល្ងីល្ងើ​
30, Mar 2017 , 5:59 pm        
រូបភាព
មេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន (រូបភាព Xinhua)
មេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន (រូបភាព Xinhua)
​ចំពេល​ទំនាក់ទំនង​មិនល្អ​ស្រាប់​ផង សមាជិក​ព្រឹទ្ធសភា​អាមេរិក John McCain បាន​បង្ក​ការខឹង​សម្បារ​ក្នុងចំណោម​ប្រជាជន​កូរ៉េខាងជើង ដោយបាន​ប្រើស​ម្ដី​មិន​សមរម្យ​ដាក់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ។ លោក McCain បាន​ហៅ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ជា​ក្មេង​ល្ងីល្ងើ​មិនដឹង​អី អំឡុងពេលសម្ភាស​តាម​ទូរទស្សន៍​កាលពី​ថ្ងៃទី​២២ ខែមីនា ។ កូរ៉េខាងជើង​ចាត់ទុក​សម្ដី​របស់លោក McCain ជាការ​មើលងាយមើលថោក​ប្រជាជន​កូរ៉េខាងជើង ដោយ​មិន​ខ្លាចរអែង​សោះ​។



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ MSNC សមាជិក​ព្រឹទ្ធសភា​អាមេរិក John McCain បាន​ប្រើ​សម្ដី​មិន​សមប្រកប​ហៅ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​កូនក្មេង​ល្ងីល្ងើ ខណៈ​លោក​កំពុងនិយាយ​ពី​ប្រធានបទ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការគំរាមកំហែង​វាយប្រហារ​លើ​អាមេរិក​។ សម្ដី​របស់លោក McCain ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងសម្បារ​យ៉ាងខ្លាំង ព្រោះ​ហ៊ាន​និយាយ​វាយប្រហារ​មេដឹកនាំ​ជាទី​ស្រឡាញ់​របស់​ប្រជាជន​កូរ៉េ​។​

«​ចិន​ជា​ប្រទេស​តែមួយគត់​ដែល​អាច​គ្រប់គ្រង គីម ជុង​អ៊ុន ដែលជា​ក្មេង​កន្ធាត់​ល្ងី​ល្ងង់ (crazy fat kid) កំពុង​ដឹកនាំ​កូរ៉េខាងជើង​។ ចិន​អាចធ្វើ​វា​បានតែ​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ គីម ជុង​អ៊ុន មិនមែនជា​មនុស្ស​មាន​ហេតុផល​ឡើយ មិន​ដូច Joseph Stalin ដែលមាន​ហេតុផល​សោះ​»​។ នេះ​ជា​សម្ដី​របស់លោក McCain ប្រធាន​គណៈកម្មាធិការ​កងទ័ព​របស់​ព្រឹទ្ធសភា​អាមេរិក ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Telegraph ។ សម្ដី​នេះហើយ ធ្វើ​ឲ្យ​កូរ៉េខាងជើង ក្ដៅស្លឹកត្រចៀក និង​គំរាម​វាយបក​វិញ​។​

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចាត់ទុក​ការលើកឡើង​របស់លោក McCain ជា​សម្ដី​បង្កហេតុ និង​អាចជា​ការប្រកាសសង្គ្រាម​បាន​ទៅហើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង ក៏​ហៅ​ការអធិប្បាយ​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​អាមេរិក ជា​ពាក្យ​បណ្ដាសា ដែល​បំពាន​សេចក្ដីថ្លៃថ្នូរ​របស់​កូរ៉េខាងជើង និង​មើលងាយ​ថ្នាក់ដឹកនាំ​កំពូល​របស់ខ្លួន​ទៀតផង​។ កូរ៉េខាងជើង​អះអាងថា លោក McCain និយាយ​អ្វី​គ្មាន​កោតក្រែង​ខ្លួន​សោះ​។​

​តាមពិតទៅ លោក McCain មិនមែនជា​សមាជិក​ព្រឹទ្ធសភា​ទី​១ ដែល​បង្ហាញ​ទង្វើ​មើលងាយ​ដាក់​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។ សមាជិក​ព្រឹទ្ធសភា Ted Cruz ក៏​ធ្លាប់​លើកឡើង​គំនិត ដែល​ចង់​ដាក់​លោក គីម ជុង​អ៊ុន ក្នុង​បញ្ជី​អ្នកគាំទ្រ​ភេរវកម្ម​ដែរ​។

​មេដឹកនាំ​កំពូល​វ័យក្មេង គីម ជុង​អ៊ុន ត្រូវបាន​ប្រជាជន​កូរ៉េខាងជើង​យ៉ាងខ្លាំង ហើយ​ការប្រើ​ពាក្យ​មិន​សមរម្យ​ដើម្បី​ហៅ​រូបលោក នឹងមិន​ត្រូវបាន​អត់ឱន​ឲ្យ​ឡើយ​។ ជាក់ស្ដែង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ កូរ៉េខាងជើង បានស្នើ​​ទៅកាន់​ចិន ឲ្យ​ឈប់​ហៅ​មេដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ខ្លួន​ជា​មនុស្ស​ធាត់​ទៀត​។ លោក គីម ជុង​អ៊ុន ជា​មេដឹកនាំ​កូរ៉េខាងជើង​ជំនា​ន់ទី​៣ តែ​លោក​មាន​មាឌធំ​ដោយសារ​ទម្ងន់​​ធ្ងន់​។ ដូច្នេះហើយ ទើប​គេ​និយម​ហៅ​លោក​ជាម​នុស្ស​ធាត់​តែម្ដង​៕ 


Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  អាមេរិក​
  John McCain
© រក្សាសិទ្ធិដោយ thmeythmey.com