ជាតិ
ជិត​បោះឆ្នោត មេបក្ស​ប្រឆាំង ផ្ញើ​សារ​នយោបាយ​បែប​ទន់ភ្លន់ ជា​ញឹកញាប់​
30, Mar 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត មេបក្ស​ប្រឆាំង បាន​ហាម​មិន​ឲ្យ​មន្ត្រី​របស់ខ្លួន រួមទាំង​អ្នកគាំទ្រ ជេរប្រទេច ឬ ប្រើ​វោហារសាស្ត្រ ដើម្បី​វាយប្រហារ គណបក្ស​ដទៃ​។  មេបក្ស​ប្រឆាំង នៅតែ​យល់ថា ការយកចិត្តទុកដាក់​ពី​ផ្ទៃក្នុង​របស់ខ្លួន​ឯង ក្នុង​រដូវ​ការបោះឆ្នោត គឺ​ប្រសើរ​ជាង​ការចំណាយ​ពេលវេលា ទៅ​ខ្វល់ខ្វាយ​ពី​គណបក្ស​ផ្សេងទៀត​។



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មន្ត្រី​របស់ខ្លួន រួមទាំង​អ្នកគាំទ្រ និយាយ ឬ ធ្វើ​សក​មុ្ម​ភាព​ណាមួយ ដែល​បង្ក​ការឈឺចាប់​ដល់​អ្នក​ទៃ​នោះទេ ខណៈ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ កាន់តែ​ខិតជិត​មកដល់​។ ឯកឧត្តម កឹម សុខា មិន​ត្រឹមតែ​បញ្ជូន​សារ​ខាងលើ  ទៅក្នុង​រង្វង់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុ​ណោះ​ទេ តែ​ក៏​ចង់​ឲ្យ​អ្នកនយោបាយ ឬ​អ្នកគាំទ្រ​នៃ​គណបក្ស​ផ្សេងទៀត ប្រកាន់ខ្ជាប់​នូវ​ឥរិយាបទ​បែបនេះ​ដែរ​។

​ឯកឧត្តម កឹម សុខា លើកឡើង​ដូច្នេះ នៅ​ចំពោះមុខ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យឧទ្ទិសកុសល​ដ​ល់​បាតុករ​១៦​នាក់ ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែកដៃ​ចំនួន​៤​គ្រាប់ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧​។ មេបក្ស​ប្រឆាំង​រូបនេះ បាន​សង្កត់ធ្ងន់ៗ​ថា​៖«​ទោះបី​មាន​ទស្សនៈ​ផ្សេងគ្នា ក្នុងការ​ប្រកួតប្រជែង ដើម្បី​ដណ្តើម​សំឡេងឆ្នោត ក៏ដោយ ក៏​យើង​ត្រូវតែ​ជៀស​ឲ្យ​បាន​នូវ​អំពើហិង្សា កា​ជេរប្រមាថ ការ​មួលបង្កាច់ ការគំរាមកំហែង​។ ទាំងអស់នេះ ទោះបី​អ្នកណា​ចាញ់ អ្នកណា​ឈ្នះ ក៏ដោយ ប្រ​ហែ​ជា​អត់​មានការ​ឈឺចាប់​ទេ​។ តែបើ​នៅតែមាន​អំពើ​អយុត្តិធម៌ ចាញ់ឈ្នះ​ហើយ វា​នៅតែមាន​ការឈឺចាប់​អ៊ីចឹង​»​។

​និយាយ​ដល់​រឿង​យុត្តិធម៌ មេបក្ស​ប្រឆាំង​ខាងលើ ក៏បាន​រម្លឹក​ដល់​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​បាតុករ​១៦​នាក់ បាន​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀត រងរបួស​។ ឯកឧត្តម កឹម សុខា យល់ថា ដើម្បី​បញ្ចប់​ការឈឺចាប់ លុះត្រា​ជនរងគ្រោះ និង​ក្រុមគ្រួសា​នៃរ​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែក ទទួលបាន​យុត្តិធម៌​។ សម្រាប់​ឯកឧត្តម កឹម សុខា  រយៈពេល​២០​ឆ្នាំ​មកនេះ គឺ​ល្មម​សមគួរ​ហើយ ដែល​សមត្ថកិច្ច និង​តុលាការ ត្រូវរ​កក​យុត្តិធម៌ ជួន​ជនរងគ្រោះ​ទាំងនោះ​។

​គេ​សង្កេតឃើញថា ឯកឧត្តម កឹម សុខា បាន​ព្យាយាម​បញ្ចេញ​សារ​នយោបាយ បែបនេះ ជារឿយៗ​។ នៅក្នុង​បេសកកម្ម​ចុះ​ទៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា មួយ​រយៈកាល​មកនេះ ឯកឧត្តម កឹម សុខា តែង​ផ្ញើ​សារ​នយោបាយ​ខាងលើ ទៅកាន់​សកម្មជន បេក្ខជន​ឃុំ​-​សង្កាត់ និង​មន្ត្រី​នៅតាម​មូលដ្ឋាន​៕


Tag:
 កឹម សុខា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com