កីឡាជាតិ
ជាតិ
កម្ពុជា​គ្រោង​បញ្ជូន​គ្រូបង្វឹក​កីឡា​អុកចត្រង្គ​ទៅ​បណ្តុះបណ្តាល​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​
31, Mar 2017 , 8:39 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
ដោយ:
​ដើម្បី​ទាក់ទាញ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​គ្រោង​បញ្ជូន​គ្រូបង្វឹក​ទៅ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នៃ​ការលេង​អុក​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​មិនចេះ​លេង​កីឡា​មួយ​នេះ​។ ឬ​ម្យ៉ាងទៀត​ហៅ​បណ្តា​ប្រទេស​ទាំង​នោះមក​ហ្វឹកហាត់​នៅ​កម្ពុជា​។



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា កម្ពុជា​គ្រោង​នឹង​បញ្ជូន​អ្នកជំនាញ​ខាង​ផ្នែក​កីឡា​អុកចត្រង្គ​ឲ្យ​ទៅ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នៃ​ការលេង​កីឡា​អុកចត្រង្គ​ដល់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​មិនចេះ​លេង​កីឡា​មួយ​នេះ​។

​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន​មាន​ប្រទេសមួយ​ចំនួន​ហើយ​ដែល​ចេះ​លេង​កីឡា​អុកចត្រង្គ តែ​ក៏​នៅមាន​ប្រទេស​មិនទាន់​ចេះ​លេង​ផងដែរ ដូចជា​វៀតណាម​, ហ្វីលីពីន​, ម៉ាឡេស៊ី និង​សិង្ហ​បុរី ជាដើម​។ ដូច្នេះ​ប្រទេស​ទាំងនេះ ជា​គោលដៅ​ដំបូង​របស់​កម្ពុជា​ដែល​ត្រូវធ្វើ​ការបណ្តុះបណ្តាល គឺ​តាមរយៈ​ការបញ្ជូន​គ្រូបង្វឹក​កម្ពុជា​ទៅកាន់​ប្រទេស​ទាំងនោះ ឬ​បើក​វគ្គ​បណ្តុះបណ្តាល​ដោយ​ហៅ​ប្រទេស​ទាំងនោះ​ឲ្យ​ចូលរួម​។



​ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា លោក វ៉ា​ត់ ចំរើន ដែល​បាន​កោតសរសើរ​ពី​ការរៀបចំ​ការប្រកួត​លើកដំបូង​របស់​សហព័ន្ធ​កីឡា​អុក​ច​ត្រ​កម្ពុជា​បាន​បញ្ជាក់ថា​៖«​ឆ្នាំនេះ​យើង​ពង្រឹង​ផ្នែក​បច្ចេកទេស​ផ្ទៃក្នុង​ឲ្យ​បានល្អ នៅ​ឆ្នាំក្រោយ​អាច​បញ្ជូន​គ្រូ​យើង​ទៅធ្វើ​ការបង្រៀន​នៅតាម​ប្រទេស​នានា​ដែលជា​សមាជិក​អាស៊ាន​របស់​យើង ដើម្បី​ឲ្យ​ពួកគេ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​»​។

​លោក​បន្ថែមថា​៖«​មាន​ប្រទេស​ខ្លះ​ដូចជា​មី​យ៉ាន់​ម៉ា ឡាវ និង​ថៃ ជាដើម​មាន​របៀប​លេង​ស្រដៀង​យើង​អស់ហើយ ប៉ុន្តែ​នៅមាន​វៀតណាម ហ្វីលីពីន សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដែល​គេ​អត់​ដែល​លេង​កីឡា​អុក​របស់​យើង ហេតុនេះ​យើង​ត្រូវ​ទៅ​បង្ហាត់​គេ​ពី​បច្ចេកទេស ឬក៏​ហៅ​គេ​មក​បណ្តុះបណ្តាល​នៅទីនេះ អ៊ីចឹង​សូម​ត្រៀមខ្លួន ដើម្បី​គោលដៅ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​របស់​យើង​»​។​



​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​រៀបចំ​ចងក្រង​ឯកសារ​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​កីឡា​នេះ​ដាក់​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​ត្រួតពិនិត្យ ដើម្បី​កែប្រែ​នូវ​រាល់​ចំណុច​ខ្វះខាត​សម្រាប់​រក្សា​ទុកជា​ឯកសារ ព្រោះ កម្ពុជា គ្រោង​យ​កីឡា​នេះ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គ​យូ​នី​ស្កូ​។ លោក រំពឹងថា កីឡា​អុកចត្រង្គ​នឹង​ក្លាយជា​កីឡា​សក្តានុពល​មួយ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ព្រោះ​វា​កីឡា​បែប​វប្បធម៌ ប្រពៃណី​របស់​កម្ពុជា​៕


Tag:
 អុកចត្រង្គ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com