ជាតិ
​​​ន​យោ​បាយ​ជាតិ​
រុស្ស៊ី​ជួយ​សង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ឲ្យ​កម្ពុជា​?
30, Mar 2017 , 11:30 pm        
រូបភាព
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០១៧នេះ។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០១៧នេះ។
ដោយ:
ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ឯកភាព​ផ្តល់​អាហារូបករណ៍​ដល់​និ​ស្សិ​តខ្មែរលើ​​​វិស័យ​​​ថាមពល​​នុយ​​ក្លេអ៊ែរ​។​



​ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅ​រសៀល ថ្ងៃទី​៣០ ខែមីនា​នេះ លោក អ៊ុច បូរិទ្ធ បាន​បញ្ជាក់ថា ជំនួប​រវាង​លោក និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី គឺជា​កិច្ច​ពិគ្រោះ​នយោបាយ​ក្នុង​ក្របខណ្ឌ​អនុស្សារណៈ​យោគយល់​ចំនួន​២៣​ ដែល​រដ្ឋាភិបាល​ទាំង​ពីរបាន ឯកភាពគ្នា ក្នុង​ឆ្នាំ​២០១៥ និង​២០១៦​កន្លងទៅ​។​ ត្រង់​ចំ​ណុ​ចនេះ លោក​បាន​បង្ហើប​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​នុយ​ក្លេ​អ៊ែរ ដោយ​លោក​បាន​ប្រាប់ថា លោក​បានស្នើ​រុស្ស៊ី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​។

ជាការ​ឆ្លើយតប រុស្ស៊ី​បាន​ឯកភាព​នឹង​សំណើ​របស់​កម្ពុជា​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួងការបរទេស បញ្ជាក់​នាទី​ស្តី​ក្រសួងការបរទេស​។​ ​បន្ថែម​ពីនេះ លោក​បាន​បន្ត​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បានស្នើ​រុស្ស៊ី​ជួយ​សង់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​អំពី ថាមពលនុយក្លេអ៊ែរ​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​វិស័យ​ថាមពល​អគ្គិសនី​របស់​កម្ពុជា នៅ​ថ្ងៃ​អនាគត​។

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​រុស្ស៊ី​នឹង​ចាប់ផ្តើម​សង់រោង​ចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅពេលណា​? លោក បូរិទ្ធ ពុំ​អាច​បញ្ជាក់បាន​នោះទេ​។ លោក​គ្រាន់តែ​ឆ្លើយតប​ថា ពួកគេ​ត្រូវការ​ពេលវេលា​សិក្សា​យូរអង្វែង​ថែមទៀត​។ «​បច្ចុប្បន្ននេះ យើង​ត្រូវការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ សម្រាប់​អភិវឌ្ឍ​វិស័យនេះ​នៅ​កម្ពុជា​សិន ពិសេស​គឺ វិស័យ​អគ្គិសនី មុនពេល​សង់រោង​ចក្រ​។ ប្រសិនបើ​រុស្ស៊ី​ជួយ​សង់​រោងចក្រ​នុយក្លេអ៊ែរ​ពេលនេះ យើង​ប្រាកដជា​មិនអាច​ទាន់​ចេះ​គ្រប់គ្រង​ទេ​។ មិត្ត​រុស្ស៊ី​បាន​សន្យាថា ត្រៀម​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំងអស់​»​។ រដ្ឋលេខាធិការក្រសួងការបរទេស​ប​ញ្ជា​ក់​ ដូច្នេះ មុននឹង​បន្ថែមថា រុស្ស៊ី ​បានចាត់ទុក​កម្ពុជា​ ជា​មិត្ត​ដ៏​ទុកចិត្ត​បំផុត​ក្នុង​តំបន់​នេះ​។

​តម្លៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រោះ​កម្ពុជា​ពឹងផ្អែក​ការនាំ​ចូល​អគ្គីសនី​ពី​ប្រទេសជិតខាង​ដូចជា ឡាវ  វៀតណាម និង​ថៃ​ជាសំខាន់​។  ត្រង់ចំណុច​នេះ លោក បូរិទ្ធ បាន​បន្ត​សង្កត់ធ្ងន់ថា ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ​ប្រឈម​នឹងការខ្វះខាត​ថាមពល​អ​គី្គ​ស​នី​ ដែលមាន​តម្លៃថោក មានគុណ​ភាព និង​មាន​ប្រភព​ត្រឹមត្រូវ​។ ហេតុនេះ លោក​ចាត់ទុកថា វា​ប្រាកដជា​ប្រយោជន៍​សំខាន់ ព្រោះ​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​ថាមពល​ដែលមាន​តម្លៃថោក ដើម្បី​ជំរុញ​លំហូរ​ចូល​នៃ​ទុនវិនិយោគ​បរទេស និង​បំពេញតម្រូវការ​ថាមពល​ក្នុងស្រុក​ផង​។​ លោក​រំពឹងថា កិច្ចព្រមព្រៀង​ទាំងនេះ នឹង​ជំរុញ​កំណើន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​រុស្ស៊ី​មក​កម្ពុជា​ថែមទៀត​។

បន្ថែម​លើសពីនេះ ​ក្រៅពី​បង្ហើប​ពី​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ថាមពល លោក​បន្ត​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា និង​រុស្ស៊ី​ ​​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៧​បន្ថែម​ទៀត ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុងអំឡុង​ខែកក្កដា ឬ​សីហា ខាងមុខ នៅ​​ក្រុង​ម៊ូ​ស្កូ ប្រទេស​រុស្ស៊ី​។​

​តាម​ប្រសាសន៍​លោក អ៊ុច បូរិទ្ធ កិច្ចព្រមព្រៀង​ដែល​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​គ្រោង​ចុះហត្ថលេខា​នោះ រួមមាន អនុស្សារណៈ​ស្តីពី កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, ពិធីសារ​អនុម័ត​អនុសាសន៍​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​ប្រភេទ​ខុសគ្នា​, អនុស្សារណៈ​យោគយល់​ស្តីពី វិស័យ​យុវជន ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​, កិច្ចសហប្រតិបត្តិការ​ប្រើប្រាស់​ថាមពលអាតូមិច​ក្នុងទិសដៅ​សន្តិភាព​, កិច្ចព្រមព្រៀង​លើ​ការ​សហប្រតិបត្តិការ​ផ្នែក​យោធា និង​ការការពារ​កម្មសិទ្ធិបញ្ញា រួមទាំង​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត​រវាង​ក្រសួងការបរទេស​ទ្វេភាគី និង​ឯកសារ​មួយចំនួនទៀត​ដែល​ស្ថិត​កំពុង​ការពិភាក្សាគ្នា​។​

​គួរ​កត់សម្គាល់ថា បច្ចុប្បន្នប្រទេស​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍ ​កំពុង​ផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់​ផែនការ​ជំរុញ​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ ​រួមមាន ប្រទេស​វៀតណាម និង​ហ្វីលីពីន ជាដើម​។ សម្រាប់​វៀតណាម​កន្លង​មក គេ​ក៏​ពឹង​រុស្ស៊ី​ឲ្យ​ជួយ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះដែរ​៕



Tag:
 ​អ៊ុច បូរិទ្ធ​
  នុយក្លេអ៊ែរ​
  Igor Morgulo
  រុស្សី​
  ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com