ជាតិ
សេដ្ឋកិច្ច
បញ្ចប់​ការស៊ើបអង្កេត សំណុំរឿង​អាជ្ញាធរ​ខ្មែរ​បើកដៃ​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ ក្រោយ​សួរ​អ្នកពាក់ព័ន្ធ​ជាង​៤០​នាក់​
31, Mar 2017 , 10:02 am        
រូបភាព
រូបភាពពីហ្វេសប៊ុក Phorn Sophal
រូបភាពពីហ្វេសប៊ុក Phorn Sophal
​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​អាជ្ញាធរ​ខ្មែរ​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ នៅ​ព្រំដែន​អូរ​ហុច ខេត្តមណ្ឌលគិរី បាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃទី​២៩ ខែមីនា​។ បិទ​បញ្ចប់ ក្រោយ​ចំណាយពេល​ចំនួន​១០​ថ្ងៃ និង​បាន​ស្តាប់​ចម្លើយ​អ្នកពាក់ព័ន្ធ​ជាង​៤០​នាក់​។​



​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បិទ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត នៅ​ថ្ងៃទី​២៩ ខែមីនា លើ​សំណុំរឿង​អាជ្ញាធរ​ខ្មែរ​ឃុបឃិត​ជាមួយ​ឈ្មួញ​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ នៅ​ព្រំដែន​អូរ​ហុច ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចំណាយពេល​១០​ថ្ងៃ​នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ស៊ើបអង្កេត និង​បាន​សាកសួរ​អ្នកពាក់ព័ន្ធ​ជាង​៤០​នាក់​។ នេះ​បើ​យោងតាម​កាសែត​ភ្នំពេញ​បុ​ស្តិ៍ ដែល​បន្ត​បញ្ជាក់​ពី​សមាសភាព​អ្នក​ដែល​ត្រូវបាន​សាកសួរ​ទាំងនោះ​ថា រួមមាន​មន្ត្រីនគរបាល ទាហាន និង​មន្ត្រី​អាវុធហត្ថ​ជាដើម​។

​លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មិនទាន់​អាច​បញ្ជាក់​បានទេ​ថា គណៈកម្មការ​ជាតិ​នឹង​ចាត់វិធានការ​បែបណា​ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​ករណីនេះ លោក អេង ហ៊ី ដែលជា​អ្នកនាំពាក្យ​ឲ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​នោះ បញ្ជាក់​ដូច្នេះ​៖«​មិនទាន់​សម្រេច​បែបណា​ទេ យើង​រង់ចាំ​ការប្រជុំ​សម្រេច​ពី​គណៈកម្មាការ​ជាតិ​សិន​»​។​

​កាលពី​ខែកុម្ភៈ​កន្លងទៅ អាជ្ញាធរ​កម្ពុជា បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​បក្ខពួក​ចំនួន ៧ នាក់ ពេលដែល​ពួកគេ​កំពុង​ដឹកឈើ​ចេញពី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី​។ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ស៊ើបអង្កេត​ករណីនេះ​ដែរ នៅ​ដើមខែ​មីនា និង​បាន​រកឃើញថា​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ អ៊ុក ញ៉ បាន​សូក​ប្រាក់​១៧ ម៉ឺន​ដុល្លារ ដល់​មន្ត្រី​ខ្មែរ​ជាច្រើន​នាក់ ជា​ថ្នូ​នឹង​ការអនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ​៕


Tag:
 បទល្មើស​
 ​ ព្រៃឈើ​
 ​ ពុករលួយ​
 ​ វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com