ជាតិ
​សង្គម​ស៊ីវិល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ថ្មី​របស់​ឡាវ​លើ​បរិស្ថាន​
07, Feb 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Ngum នៅ​​ក្នុង​ប្រទេស​ ឡាវ ឆ្នាំ​២០១៨។
រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Ngum នៅ​​ក្នុង​ប្រទេស​ ឡាវ ឆ្នាំ​២០១៨។
ដោយ: VOA
ភ្នំពេញ ៖ ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា បានបង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត​របស់​ឡាវ​នៅលើ​ដង​ទន្លេមេគង្គ ដែល​ពួកគេ​អះអាងថា​នឹងធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ ហើយ​ប៉ះពាល់​ផល​ត្រី​និង​ដីល្បាប់​នៅ​ផ្នែក​ខាងក្រោម​។​

 
​ប្រទេស​ឡាវ​គ្រោង​នឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត ឈ្មោះថា Luang Prabang​ដែលមាន​ទំហំ​ថាមពល ១៤៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ចុងឆ្នាំ​២០២០​នេះ​។ នេះ​ជា​គម្រោង​ទី​៥ ក្នុងចំណោម​គម្រោង​នៃ​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ដង​ទន្លេមេគង្គ​សរុប​ទាំង​៩​របស់​ឡាវ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​៥​ដែល​រួមមាន បណ្តាញ​ការពារ​ទន្លេសេសាន ស្រែ​ពក សេកុង អង្គការ FACT វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ និង​អង្គការ​ភូមិ​ខ្ញុំ បានបញ្ជាក់​ពី​កង្វល់​របស់​ពួកគេ​ថា​៖ «​ការ​បម្លាស់​ទី​របស់​ត្រី លំហូរ​ជលសា​ស្ត្រ និង​កំណក​កករ​ដីល្បាប់ គឺជា​ផលប៉ះពាល់​ឆ្លងដែន​ដែល​នឹង​កើតមាន​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នៅលើ​តួ​ទន្លេ​មេ​»​។ ពួកគេ​លើកឡើងថា គម្រោង​នេះ រួម​នឹង​គម្រោង​ដែលមាន​ស្រាប់​«​នឹង​បង្ក​ផលប៉ះពាល់​បន្ថែមទៀត​ដល់​លំហូរ​ជល​សាស្ត្រ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ក្រោម នឹង​ជួប​ប្រទេស​ញឹកញាប់​នូវ​កម្រិត​លំហូរ​ទឹក​ទាប ពោលគឺ​ការប្រែប្រួល​របប​ទឹក​ហូរ​មាន​កម្រិត​កាន់តែ​ខ្ពស់​»​។​
 
​នេះ​ជា​ទំនប់​វា​រី​អគ្គិសនី​ចម្រូងចម្រាស​ថ្មី​មួយទៀត​នៅ​ផ្នែក​ខាងលើ​ទន្លេមេគង្គ បន្ទាប់ពី​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​(Xayaburi) និង​ដន សា​ហុង​។ ក្រៅពី​ទំនប់​ទាំងនេះ រដ្ឋាភិបាល​ឡាវ​ក៏​នឹង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ប៉ាក់ បេង​(Pak Beng)​មួយទៀត​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​១៥៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​~​ឡាវ​។​
 
​បើតាម​អង្គ​ការដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា គម្រោង​ស្ថាបនា​ទំនប់ Luang Prabang នេះ «​នឹង​កាត់បន្ថយ​ជា​អតិបរមា​នូវ​បរិមាណ​កំណក​កករ​ឬ​ដីល្បាប់ ដែល​ចាក់​បំពេញ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ក្រោម ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ការបាក់​ច្រាំងទន្លេ និង​ប៉ះពាល់​ដល់​ការប្រកប​របរ​នេសាទ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាងក្រោម​»​។​
 
​អង្គការ​ទាំងនោះ​លើកឡើង​ទៀតថា ផែនការ​សាងសង់​ទំនប់​នេះ​នៅ​ចុងឆ្នាំ​២០២០ នឹងមិន​ផ្តល់​ពេល​គ្រប់គ្រាន់ ដើម្បី​សិក្សា​បន្ថែម​ទៅលើ​សំណើ​របស់​អ្នកពាក់ព័ន្ធ​ឲ្យ​បាន​រួចរាល់​មុន​ការចាប់ផ្តើម​សាងសង់​ឡើយ​។​
 
VOA​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​បានទេ​។ ហើយ​VOA​ក៏​មិនអាច​សុំ​ការឆ្លើយតប​ពី​ស្ថានទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​បានដែរ​។​
 
​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ឡាវ អំពី​ទំនប់​វា​រី​អគ្គិសនី Luang Prabang នេះ ដែល​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅពេលនេះ​ដោយ​លោ​កថា​រង់ចាំ​ពេល​លោក​ត្រឡប់មក​កម្ពុជា​វិញ​។​
 
​អ្នកស្រី ផ្លោក សា​រេ​ត អាយុ​៤៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ដំ​រែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ នៅលើ​កោះ​ត្នោត ក្នុង​ទឹកទន្លេ​មេគង្គ បាន​ថ្លែងប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ទឹកទន្លេ​បាន​ស្រក​ខុសពី​ធម្មតា ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ពិបាក​ក្នុងការ​ធ្វើស្រែ​ចម្ការ ដាំ​បន្លែ និង​នេសាទ​។ អ្នកស្រី​បន្តថា បច្ចុប្បន្ននេះ ទឹកទន្លេ បាន​ស្រក​ខ្លាំង រហូតដល់​ពិបាកធ្វើ​ដំណើរ​តាម​ទូក ដោយសារ​មាន​ថ្ម​ច្រើន​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​តែ​ឥឡូវនេះ រដូវប្រាំង​បែរជា​មានទឹក​ឡើងវិញ ឬក៏​មិនទាន់​ចូល​រដូវប្រាំង​ពិតប្រាកដ បែរជា​ទឹក​ស្រក​ខ្លាំង​វិញ​អញ្ចឹង​។ មើលឃើញ​ថ្ម ពិបាក​បើកកាណូត​។ ហើយ​ជួនណា​ទៅ វា​ស្រក​ខ្លាំង ជួនណា​ទៅ វា​ឡើងៗ​ទៅ​។ ដូច​ថា​ដំណាំ​យើង​ដាំ​តាម​មាត់ច្រាំង ជិត​ទឹក​អី លិច​អស់​អញ្ចឹង​ទៅ​»​។​
 
​អ្នកស្រី​ស្នើ​ឲ្យ​មានការ​បញ្ឈប់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ដង​ទន្លេមេគង្គ ដើម្បី​ធានាថា​ប្រជាជន​នៅ​ខាងក្រោម មិន​រង​ផលប៉ះពាល់​ដោយសារ​ទំនប់​ទាំងអស់នេះ​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​ទោះបី​ទំនប់​មិនកើត​នៅ​ស្រុក​ខ្មែរ​ច្រើន​ក៏ដោយ កើត​នៅលើ​ប្រទេស​គេ​ក៏ដោយ ក៏​ប៉ះពាល់​មកដល់​ស្រុក​ខ្មែរ​ដែល​ពួកយើង​នៅក្រោម​ទំនប់​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​មុន ដូច​ខ្ញុំ​ថា​តាំងពី​ទឹកទន្លេ ការរស់នៅ​របស់​ត្រី ស្មៅ​បាត់​ទន្លេ អាច​វា​ងាប់​បណ្តើរៗ ដោយសារ​មាន​ស្លែ​មានអី​»​។​
 
​ការសាងសង់​ទំនប់​ថ្មី Luang Prabang នេះ​ត្រូវ​រំពឹងថា​នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០២០​ហើយ​និង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៧​។​ថាមពល​ដែល​ផលិត​បាន​ពី​ទំនប់​នេះ​អាច​នឹងត្រូវ​លក់​ឲ្យ​ទៅ​ប្រទេស​ថៃ​ឬ​វៀតណាម​៕
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com