កីឡាជាតិ
ជាតិ
លោក ស សុខា ព្រមាន​ដាក់ពិន័យ​មន្ទីរ​ណា ដែល​មិន​អនុវត្តតាម​គោលការណ៍​ក្រសួង​អប់រំ​
08, Feb 2020 , 8:30 am        
រូបភាព
ដោយ:
 លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមាន​ចាត់​វិធាន​ដាក់ពិន័យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​ណា ដែល​មិន​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​។ លោក ក៏​ព្រមាន​ប្រើ​វិធានការ​វះកាត់​លើ​មន្ត្រី​ខិលខូច ដែល​ប្រើ​វិស័យ​កីឡា ដើម្បី​សំងំសុខ​ផងដែរ​។ លោក​ចាត់ទុក​បញ្ហា​ទាំងនេះ ជា​កត្តា​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។​

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ព្រមាន​ប្រើ​វិធាន​ដាក់ពិន័យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​ណា​ដែល​អនុវត្ត​ប្រាសចាក​ពី​វិធាន និង​គោលការណ៍​របស់ខ្លួន ដែល​បាន​ដាក់ចេញ​ឲ្យ​អនុវត្ត​។ ការព្រមាន​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​សង្កេតឃើញ​នៅមាន​មន្ទីរ​មួយចំនួន​មិនបាន​អនុវត្តតាម​អ្វីដែល​ក្រសួង​បានកំណត់​។ ប៉ុន្តែ ពួកគេ ក៏​សង្កេតឃើញ​មន្ទីរ​មួយចំនួនធំ​បាន​អនុវត្ត​ត្រឹម​ត្រូវបាន​គោលការណ៍​ផងដែរ​។   
 
«​ការតាមដាន ការចុះឈ្មោះ​របស់​កីឡាករ​កីឡាការិនី​គឺ​សំខាន់​ណាស់ ព្រោះ​ធ្វើ​ឲ្យ​យើង​ដឹងថា​ពួកគាត់​មកពី​ខាង​ណា​។ បើ​យើង​មើល​ឧទាហរណ៍​ក្រុម​បាល់ទះ​មួយ​មាន​កីឡាករ​៥​នាក់​មកពី​សាលា​តែមួយ យើង​ត្រូវតែ​ដាក់​សញ្ញា​សួរ ហើយ​យើង​អាច​ឈានទៅ​ដាក់ពិន័យ​មន្ទីរ​មួយចំនួន​ដែល​មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​»​។ លោក ស សុខា លើកឡើង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវិស័យ​អប់រំ​កាយ​និង​កីឡា​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។  
 
​វិធាន​និង​គោលការណ៍​ដែល​មន្ទីរអប់រំ​យុវជន​និង​កីឡា​អនុវត្ត​មិនបាន​ត្រឹមត្រូវ​រួមមាន ខ្វះ​ការយកចិត្តទុកដាក់​អភិវឌ្ឍន៍​វិស័យ​កីឡា​តាម​សាលា ពុំមាន​របាយការណ៍​ជាក់លាក់​ពាក់ព័ន្ធ​នឹង​ផែនការ​សកម្មភាព និង​ហិរញ្ញវត្ថុ ខ្វះ​ការទំនាក់ទំនង​រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​។ ជាពិសេស មាន​ភាពមិនប្រក្រតី​ក្នុងការ​បញ្ជូន​កីឡាករ​ឲ្យ​មក​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​ការបញ្ជូន​មន្ត្រី​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាដើម​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក ស សុខា រដ្ឋា​លេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​
 
​មុន​ឈានដល់​ការដាក់ពិន័យ ដែល​នឹង​អនុវត្ត​ចាប់​ឆ្នាំ​២០២០ ក្រសួង​អប់រំ នឹង​ណែនាំ​ដល់​មន្ទីរ ការិយាល័យ ដែល​ទទួលបន្ទុក​លើ​វិស័យ​កីឡា​ឲ្យ​ចូលរួម​និង​កែប្រែ​រាល់​ចំណុច​ខ្វះខាត​របស់​ពួកគេ​។ ប៉ុន្តែ​បើ​រកឃើញថា​មន្ទីរ ឬ​ការិយាល័យ​ណា​នៅតែ​អនុវត្ត​ផ្ទុយ​ពី​វិធាន ឬ​គោលការណ៍ ក្រសួង​អាចឈាន​ដល់​ប្រើ​វិធានការ​កំណែទម្រង់ ឬ​វះកាត់​សាច់​ស្អុយ​ក៏​ថា​បាន​។   
 
«​សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នាពេលខាងមុខ ចំពោះ​កីឡាករ​កីឡាការិនី​មក​តាមរយៈ​សាលាក្តី ក្រុម​ក្តី​ដែល​តំណាង​ឲ្យ​ខេត្ត​នីមួយៗ យើង​នឹងមាន​ការណែនាំ​បន្ថែម​ទៅដល់​មន្ទីរ ក៏ដូចជា​ប្រធាន​កា​រិ​យា​ដែល​ទទួលបន្ទុក​លើ​វិស័យ​កីឡា ឲ្យ​គាត់​ចូលរួម​កែទម្រង់​ទាំងអស់គ្នា ព្រោះ​ការងារ​នេះ​បើ​គាត់​ពុំមាន​ភាពស្មោះត្រង់ និង​ភាព​ទទួលខុសត្រូវ​ទេ អ្នក​ដែល​ឡើងមក​គឺ​ដដែលៗ គ្មាន​គុណភាព​ដល់ទី​បញ្ចប់​។ ដូច្នេះ​ការអភិវឌ្ឍ​ធនធានមនុស្ស​នឹង​សាបសូន្យ​តាម​នឹង​»​។ នេះ​ជាការ​បន្ថែម​របស់លោក ស សុខា​។ 
  
​កូនប្រុស​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ក៏​ព្រមាន​ប្រើ​វិធានការ​កែទម្រង់ និង​វះកាត់​លើ​មន្ត្រី​ដែល​បម្រើ​ការងារ​នៅតាម​នាយដ្ឋាន​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​ផងដែរ​។ លោក​សង្កត់ធ្ងន់ថា មាន​មន្ត្រី​ខិលខូច​មួយចំនួន​បាន​ប្រើ​វិស័យ​កីឡា​ធ្វើជា​មុខ​ជំនួញ ដើម្បី​រកប្រាក់​ចំណូល​សំងំសុខ​ផងដែរ​។ លោក​ប្តេជ្ញា​ថា នឹង​ព្យាយាម​កាត់បន្ថយ​បញ្ហា​នេះ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣៕  

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com