COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ ជនបរទេស​ចូលមក​កម្ពុជា ត្រូវមាន​លិខិតបញ្ជាក់​សុខភាព និង​បណ្ណ​ធានារ៉ាប់រង ដែលមាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​
28, Mar 2020 , 2:02 pm        
រូបភាព
 
​ភ្នំពេញ​៖ កម្ពុជា​សម្រេច​ផ្អាក​ការផ្តល់​ទិដ្ឋាការ​រយៈពេល​១​ខែ សម្រាប់​ភ្ញៀវ​បរទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​COVID-19​។ ប៉ុន្តែ​បើ​ជនបរទេស​នោះ មានបំណង​ចូលមក​កម្ពុជា​នោះ ពួកគេ​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព និង​បណ្ណ​ធានារ៉ាប់រង ដែលមាន​ទឹកប្រាក់​មិន​ក្រោម​៥​ម៉ឹ​ន​ដុល្លារ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៨ មីនា​។​


​ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ការចម្លង​នៃ​វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​-១៩) ស្របតាម​វិធានការ​នានា របស់​បណ្តា​ប្រទេស​អាស៊ាន​នោះ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​វិធានការ​រឹតបន្តឹង​ជា​បណ្តោះអាសន្ន ក្នុងការ​ចូលមក​កម្ពុ​ជា បន្ថែម​ពីលើ​វិធានការ​នានា​របស់​ក្រសួង​សុខ​ភិ​បាល​កន្លងមក​។​
 
​តាមរយៈ​ក្រសួងការបរទេស រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក​គោលការណ៍​លើកលែង​ទិដ្ឋាការ និង​ការផ្តល់​ទិដ្ឋាការ​ទេសចរ ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និ​ច​(e-Visa) និង​ទិដ្ឋាការ​នៅពេល​មកដល់ (Visa on Arrival) ជូន​ជនបរទេស​ទាំងអស់ ក្នុង​រយៈពេល​មួយខែ​។​
 
​ប៉ុន្តែ​បើសិនជា​ជនបរទេស​ណា មានបំណង​ធ្វើដំណើរ​ចូលមក​កម្ពុជា​នោះ ពួកគេ​ត្រូវ​ស្នើសុំ​ទិដ្ឋាការ​ជាមុន នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​។ មិនតែប៉ុណ្ណោះ ជនបរទេស​គ្រប់រូប​ត្រូវ​ផ្តល់នូវ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្នែក​សុខភាព​នៃ​ប្រទេស​របស់​សាមីខ្លួន ដែលមាន​សុពល​ភាពមិន​លើសពី ៧២​ម៉ោង មុនពេល​ធ្វើដំណើរ ដើម្បី​បញ្ជាក់ថា​ខ្លួន​ពុំមាន​វីរុស​កូ​រ៉ូ​ណា​(COVID-19)​ឡើយ​។ លើសពីនេះ ជនបរទេស​ត្រូវមាន​ឯកសារ​ធានា រ៉ាប់រង ដែល​បញ្ជាក់​ពី​ការ​រ៉ាប់រង​សុខភាព ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច ៥០.០០០ ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​។ នេះ​បើតាម​ក្រសួងការបរទេស​។​
 
​ត្រង់ចំណុច​នេះ ក្រសួងការបរទេស បាន​សង្កត់ធ្ងន់ថា ៖«​តម្រូវកា​រវិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព និង​ឯកសារ​ធានារ៉ាប់រង​សុខ​ភាពមិន​ត្រូវបាន​អនុវត្ត ចំពោះ​ជនបរទេស ដែល​កាន់​ទិដ្ឋាការ​ការទូត (​ទិដ្ឋាការ​ប្រភេទ A) ឬ​ទិដ្ឋាការ​ផ្លូវការ (​ទិដ្ឋាការ ប្រភេទ B) របស់​កម្ពុជា​»​។​
​បើតាម​ក្រសួងការបរទេស​ដដែល ជនបរទេស​ដែល​ចូលមក​កម្ពុជា នឹងត្រូវ​ត្រួតពិនិត្យ​ហានិភ័យ​សុខភាព ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​រា​ជ​រដ្ឋាភិបាល មុននឹង​អនុញ្ញាត​ឱ្យចូល​ក្នុងប្រទេស​។ ជនបរទេស​នោះ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ស្របតាម​វិធានការ​ច​ត្តា​ឡី​ស័ក ឬ​វិធានការ​នានា ដែល​បាន​កំណត់ដោយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​នេះ ។​
 
«​រាល់​ការ​រឹតបន្តឹង​ក្នុងការ​ធ្វើដំណើរ​ខាងលើ គឺមាន​លក្ខណៈ​ជា​បណ្តោះអាសន្ន ហើយនឹង​ត្រូវ​ពិនិត្យឡើងវិញ​ជាប្រចាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកលើ​ការវិវត្តន៍​នៃ​ស្ថាន​ភាពជា​សកល​ពាក់ព័ន្ធ​នឹង​វីរុស​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​បន្ថែមថា វិធានការ​ទាំងនេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​ទៅ​។​
​គិត​ត្រឹម​ថ្ងៃទី​២៨ មីនា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 មាន​ចំនួន​១០២​នាក់ ក្នុងនោះ​ជាសះស្បើយ​១៣​នាក់​ហើយ​។ ក្នុងចំណោម​អ្នកជា​សះស្បើយ​នេះ មាន​ជនជាតិខ្មែរ​១១​នាក់ អង់គ្លេស​១​នាក់ និង​ចិន​១​នាក់​៕
 
 

Tag:
 COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com