COVID-19
ជាតិ
សង្គមជាតិ
មហាផ្ទៃសម្រេចឲ្យភ្ញៀវទេសចរផុតទិដ្ឋាការ អាចបន្តស្នាក់នៅកម្ពុជា រហូតដល់ជំងឺCOVID-19ស្ងប់ស្ងាត់ រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ ដែលមកលេង និងស្នាក់នៅកម្ពុជា ហើយហួសកំណត់ទិដ្ឋាការនៅអំឡុងពេលនេះ អាចបន្តស្នាក់នៅកម្ពុជាទៀតបាន រហូតដល់ជំងឺCOVID-19 ត្រូវបានទប់ស្កាត់។ នេះបើតាមក្រសួងមហាផ្ទៃ ដែលឆ្លើយតបទៅអាមេរិក ដែលស្នើសុំកម្ពុជាយោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋខ្លួន ដែលកំពុងស្នាក់នៅកម្ពុជា ទាំងផុតទិដ្ឋាការ ព្រោះមិនអាចត្រឡប់ទៅអាមេរិកវិញបាន ដោយសារជំងឺCOVID-19កំពុងរាតត្បាត។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាននិយាយថា ប្រជាជនអាមេរិកនៅកម្ពុជាបច្ចុប្បន្ន (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលផុតសុពលភាពទិដ្ឋាការ មិនអាចត្រលប់ទៅមាតុភូមិវិញបានទេ ដោយសារជើងហោះហើរត្រូវបានពន្យាពេល និងបិទ និងជើងហោះហើរដោយគ្មានការកំណត់ ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ។ ដោយសារបញ្ហាលំបាករបស់ប្រជាជនខ្លួននេះហើយ ទើបស្ថានទូតអាមេរិកស្នើក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួល និងយោគយល់ចំពោះប្រជាជនអាមេរិក ទម្រាំពួកគេអាចត្រលប់ទៅប្រទេសវិញ ក្រោយជំងឺCOVID-19ស្ងប់ស្ងាត់។
ក្រសួងមហាផ្ទៃ យល់ព្រមតាមសំណើរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះ។ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍នៅកម្ពុជា មិនថាតែភ្ញៀវអាមេរិកទេ គឺអាចបន្តការស្នាក់នៅបណ្ដោះអាសន្ន រហូតដល់ជំងឺCOVID-19 ត្រូវបានកម្ចាត់។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បាននិយាយដូច្នេះថា៖«យើងយល់គ្នាទៅវិញទៅមក ដោយសារអ្នកទេសចរគាត់មកវាជាក់ស្តែងពិតមែន យើងត្រូវចាត់ចែងតាមករណីនីមួយៗ ដោយយើងមានការពិនិត្យវិច្ច័យដោយមានការយកចិត្តទុកដាក់។ ពួកគាត់ត្រូវពន្យាពេលជើងយន្តហោះ។ យើងមិនចាំបាច់ទៅផាកវិន័យ ឬត្រូវតែបង្ខំឲ្យចាកចេញនោះទេ ដោយសារតែកាលៈទេសៈនេះវាកើតឡើងទូទាំងប្រទេសទៅហើយ»។
ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៣០ មីនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក W. Patrick Murphy បានអះអាងថា អាមេរិកនឹងមិនបំភ្លេចគុណកម្ពុជាដែលបានអន្តរាគមន៍ដល់នាវា Westerdam ឲ្យចូលចតនៅកំពង់ផែព្រះសីហនុ និងបានស្វាគមន៍ភ្ញៀវទេសចរអាមេរិក និងអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈឡើយ។ បើតាមលោក Murphy អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ។ លោកបានសន្យាថា លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ» នៅពេលស្ថានការណ៍ជំងឺ COVID-19 បានធូរស្រាល។
កន្លងមកស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ក៏បានស្នើសុំឲ្យអាមេរិកជួយសម្រួលឲ្យនិស្សិតខ្មែរ១២នាក់ បន្តរស់នៅប្រទេសអាមេរិកដែរ ដើម្បីជៀសវាងកុំឲ្យឆ្លងCOVID-19 តាមរយៈការធ្វើដំណើរ។
ជាមួយគ្នានេះ កម្ពុជាបានសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។ ប៉ុន្តែបើជនបរទេសនោះ មានបំណងចូលមកកម្ពុជានោះ ពួកគេត្រូវមានលិខិតបញ្ជាក់សុខភាព និងបណ្ណធានារ៉ាប់រង ដែលមានទឹកប្រាក់មិនក្រោម៥ម៉ឺនដុល្លារ។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ មីនា។
គិតត្រឹមថ្ងៃទី៣១ ខែមីនានេះ នៅកម្ពុជាមានអ្នកជំងឺដល់ទៅ១០៩នាក់ និងជាសះស្បើយចំនួន២៣នាក់៕
Tag:
ភ្ញៀវទេសចរ
អាមេរិក
ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com