COVID-19
អន្តរជាតិ
សុខភាពលោក ចនសុន ធូរស្រាល តែត្រូវបន្តសម្រាកនៅបន្ទប់ ICU នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (AFP)
× ស្ថានភាពជំងឺនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន កំពុងវិលត្រលប់ទៅរកភាពធូរស្រាល កាលពីថ្ងៃទី៨ ខែមេសា ខណៈលោកបានសម្រាកព្យាបាល COVID-19 ពីរថ្ងៃក្រោយមកនៅបន្ទប់ សង្គ្រោះ ICU ។
ថ្លែងនៅសន្និសីទព័ត៌មានមួយ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស Rishi Sunak បញ្ជាក់ថា បើតាមព័ត៌មានចុងក្រោយពីមន្ទីរពេទ្យ លោកនាយករដ្ឋមន្ត្រី នឹងបន្តសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ICU ។ យ៉ាងណាមិញ លោកអះអាងថា ស្ថានភាពជំងឺលោក ចនសុន កំពុងវិលទៅរកភាពធូរស្រាល។ ជាក់ស្តែង លោកបានងើបអង្គុយ ហើយជជែកលេងជាមួយក្រុមគ្រូពេទ្យ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ការធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺរបស់លោក ចនសុន ធ្វើឡើងខណៈកាសែតក្នុងស្រុកធំៗបានទទូចឲ្យពលរដ្ឋអង់គ្លេសចងចាំពាក្យផ្ដាំផ្ញើរបស់ប្រមុខដឹកនាំពួកគេនៅក្នុងចិត្ត ដោយការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាបិទប្រទេសក្នុងគោលដៅប្រយុទ្ធ COVID-19 ។ ឥឡូវនេះ ចំណាត់ការនេះ ចូលដល់សប្តាហ៍ទី៣ហើយ។
«លោក (ចនសុន) នៅកន្លែងធ្វើការដើម្បីអ្នក ឥឡូវសូមអ្នកជួយបួងសួងនៅផ្ទះសម្រាប់លោក»។ សារព័ត៌មានអង់គ្លេស The Sun ចុះផ្សាយបែបនេះនៅលើទំព័រមុខរបស់ខ្លួន។ ចំណែក សារព័ត៌មាន Daily Express ដាក់ចំណងជើងនៅទំព័រមុខថា៖«លោក បូរីស នឹងឆ្លងកាត់គ្រោះនេះបាន»។
ដោយកាន់កាតព្វកិច្ចជំនួសលោក ចនសុន រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានហៅលោកនាយករដ្ឋមន្ត្រីថា «អ្នកប្រយុទ្ធ» ហើយរំពឹងទុកថា លោកនឹងត្រលប់មកដឹកនាំពលរដ្ឋអង់គ្លេសទាំងអស់ឆ្លងកាត់វិវបត្តិមួយនេះនាពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ចនសុន ត្រូវបានបញ្ជូនទៅកាន់បន្ទប់ ICU កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយចំណាយពេលមួយយប់ថ្ងៃអាទិត្យក្នុងមន្ទីរពេទ្យ។ ហើយការបញ្ជូនលោកទៅពេទ្យនេះ ធ្វើឡើង១០ថ្ងៃក្រោយលោកសម្រាកព្យាបាលCOVID-19នៅផ្ទះដោយខ្លួនឯង តែរោគសញ្ញាជំងឺលោកនៅតែមិនធូរស្បើយ៕
Tag:
ចក្រភពអង់គ្លេស
COVID-19
ICU
© រក្សាសិទ្ធិដោយ thmeythmey.com