COVID-19
អន្តរជាតិ
សិង្ហបុរី អនុញ្ញាតឲ្យអ្នកដំណើប្ដូរជើងហោះហើរតាមប្រទេសខ្លួនចាប់ពីដើមខែមិថុនា ព្រលានយន្តហោះ Changi សិង្ហបុរី (AFP)
× សិង្ហបុរី នឹងអនុញ្ញាតឲ្យអ្នកដំណើរផ្លាស់ប្ដូរជើងហោះហើរនៅព្រលានយន្តហោះ Changi ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ ខណៈរដ្ឋាភិបាលត្រៀមលក្ខណៈបន្ធូរបន្ថយការរឹតត្បិត COVID-19 ខ្លះ និងបើកព្រំដែនជាបណ្ដើរៗឡើងវិញ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់សិង្ហបុរី (CAAS) នៅថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថា ចំណាត់ការរឹងត្អឹង នឹងត្រូវដាក់ឲ្យអនុវត្តដើម្បីធានាថា អ្នកដំណើរពុំដើរហើរទៅណាឆ្ងាយពីទីតាំងកំណត់របស់ពួកគេ នៅព្រលានយន្តហោះអំឡុងរង់ចាំប្តូរជើងហោះហើរ។ អាជ្ញាធរក៏ធានាឲ្យបានដែរថា អ្នកដំណើរទាំងនេះ មិនលាយឡំជាមួយអ្នកដំណើរផ្សេងទៀតនៅព្រលានយន្តហោះផងដែរ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia បុគ្គលិកព្រលានយន្តហោះ ក៏នឹងតម្រូវឲ្យពាក់សម្ភារការពារផ្ទាល់ខ្លួន នៅពេលប្រាស័យទាក់ទងជាមួយអ្នកដំណើរ។ ម្យ៉ាងទៀត អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់សិង្ហបុរី (CAAS) អះអាងថា វិធានការបង្ការទុកដែលមានស្រាប់ដូចជា រក្សាគម្លាតសុវត្ថិភាព និងការត្រួតពិនិត្យកម្ពៅអ្នកដំណើរនិងបុគ្គលិក នឹងនៅតែបន្តអនុវត្តដដែល។ បច្ចុប្បន្ន អ្នកដំណើរបរទេស ត្រូវអនុញ្ញាតឲ្យផ្លាស់ប្តូរជើងហោះហើរតាមរយៈសិង្ហបុរី ប្រសិនបើពួកគេជិះលើយន្តហោះដែលរៀបចំឡើងរដ្ឋាភិបាលពួកគេប៉ុណ្ណោះ។
ដោយឡែក ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី ១៩ ខែឧសភា បានលើកឡើងថា សិង្ហបុរី នឹងបើកព្រំដែនឡើងវិញជាបណ្ដើរៗ ដោយបន្តអនុវត្តវិធានការការពារ។ គោលដៅ គឺដើម្បីអនុញ្ញាតឲ្យប្រជាជនសិង្ហបុរីធ្វើសកម្មភាពចាំបាច់នៅបរទេស និងសម្រាប់ជនបរទេសចូលទៅកាន់ប្រទេសសិង្ហបុរី និងផ្លាស់ប្តូរជើងហោះហើរតាមរយៈប្រទេសខ្លួន។
ទាក់ទិនរឿងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់សិង្ហបុរី (CAAS) អះអាងថា ក្រុមហ៊ុនអាកាសចរណ៍ គួរដាក់សំណើពួកគេសម្រាប់ផ្ទេរអ្នកដំណើរតាមរយៈព្រលានយន្តហោះ Changi របស់សិង្ហបុរី។ ត្រង់ចំណុចនេះ អាជ្ញាធរបន្ថែមថា សំណើពួកគេនឹងត្រូវវាយតម្លៃ ដោយមើលទៅលើសុវត្ថិភាពអាកាសចរណ៍ សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរ។
គិតត្រឹមថ្ងៃទី២១ ខែឧសភា ប្រទេស សិង្ហបុរី មានករណីឆ្លង COVID-19 សរុប ២៩ ៨១២ករណី ក្នុងនោះករណីថ្មីមាន ៤៤៨នាក់។ អ្នកស្លាប់មាន ២២ នាក់ ហើយអ្នកជាសះស្បើយមាន ១១ ២០៧នាក់។ នេះបើតាមវេបសាយ worldometers ៕
Tag:
សិង្ហបុរី
ព្រលានយន្តហោះ Changi
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com