ជាតិ
លោក អេម៉ានុយអែល ម៉ាក្រុង កោតសរសើរបេសកកម្ម និងជំហរកម្ពុជាលើឆាកអន្តរជាតិ
19, Jan 2024 , 10:35 am        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ទទួលស្វាគមន៍​សម្តេច ហ៊ុន ម៉ាណែត នៅវិមានអេលិហ្សេ កាលពីថ្ងៃទី​១៨ ខែមករា។ មេដឹកនាំទាំងពីរមាន​អាយុ​៤៦​ឆ្នាំដូចគ្នា ដោយនាយករដ្ឋមន្ត្រី​កម្ពុជា​អាយុ​បងត្រឹម២ខែ។ រូបថត AFP
លោក អេម៉ានុយអែល ម៉ាក្រុង ទទួលស្វាគមន៍​សម្តេច ហ៊ុន ម៉ាណែត នៅវិមានអេលិហ្សេ កាលពីថ្ងៃទី​១៨ ខែមករា។ មេដឹកនាំទាំងពីរមាន​អាយុ​៤៦​ឆ្នាំដូចគ្នា ដោយនាយករដ្ឋមន្ត្រី​កម្ពុជា​អាយុ​បងត្រឹម២ខែ។ រូបថត AFP
ដោយ: រួបរួម
នៅវិមានអេលីហ្សេ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើបដិសណ្ឋារៈយ៉ាងកក់ក្តៅចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា។ ក្នុងសន្និសីទសារព័ត៌មានរួម លោក ម៉ាក្រុង បានលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព និងគោលជំហរច្បាស់លាស់លើឆាកអន្តរជាតិ។ សម្តេច ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មីរបស់កម្ពុជា សន្យាពូនជ្រុំ និងបន្តពង្រឹងពង្រីកទំនាក់ទំនង ដែលអាចមានលទ្ធភាពលើកកម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសពីរ។



អត្ថបទទាក់ទង


ការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាជាតិ ត្រូវបានលោក អេម៉ានុយអែល ម៉ាក្រុង ចាត់ទុកថា ជាវិភាគទានដ៏ធំមួយរបស់កម្ពុជាសម្រាប់តំបន់អាស៊ី។ ជាមួយគ្នានេះ លោកប្រធានាធិបតីបារាំង បានកោតសរសើរជំហររបស់កម្ពុជា ដែលប្រឆាំងនឹងការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៨ ខែមករា នោះ លោក ម៉ាក្រុង បាននឹកដល់ជំនួបជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីជាងមួយឆ្នាំមុន ដោយលោកហៅថា «មិត្តដ៏ជិតស្និទ្ធ»។ លោកបានរំលឹកពីតួនាទីបារាំងការស្វែងរកសន្តិភាពនៅកម្ពុជាចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសក្នុងនាមជាសហប្រធានជាមួយប្រទេសជប៉ុន លើការអភិរក្សតំបន់អង្គរ។



ក្នុងរយៈពេលតែ១៣ ប៉ុណ្ណោះ លោក ម៉ាក្រុង បានស្វាគមន៍ដំណើរទស្សនកិច្ចឥស្សរជនកំពូលកម្ពុជាដល់ទៅ៣លើក ក្នុងនោះសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់មកព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) លោកប្រធានាធិបតីបារាំង បានបញ្ជាក់អំពីកញ្ចប់ថវិកាជំនួយ២០០លានដុល្លារសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកថាមពល និងប្រព័ន្ធទឹកស្អាត។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការរួមចំណែករបស់បារាំងក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសតាមរយៈ AFD ដែលបានជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយស្ថិតលើមាគ៌ាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

«ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ»។ ប្រមុខរដ្ឋាភិបាលថ្មីរបស់កម្ពុជា បានអះអាងយ៉ាងដូច្នេះនៅចំពោះមុខភាគីបារាំង។



នៅមុនចេញដំណើរទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វីស សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគបារាំង ហើយសម្តេចក៏បានលើកឡើងពីសារសំខាន់របស់វិស័យឯកជនក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរផងដែរ

«ការជួយ និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង នឹងជួយលើកទឹកចិត្តឱ្យវិស័យឯកជនបានធ្វើការទំនាក់ទំនង និងវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន»។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយរំពឹងថា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ក្រុមហ៊ុនធំៗបារាំង នឹងមានវត្តមាននៅកម្ពុជា ជាបន្តបន្ទាប់ បន្ថែមលើក្រុមហ៊ុនសក្តានុពលដែលមានស្រាប់ដូចជា Vinci, Accord, TotalEnergie ជាដើម។

សម្តេច ហ៊ុន ម៉ាណែត ជូនពរភាគីបារាំងឆ្ពោះទៅជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក, បារ៉ាឡាំពិក និងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ហើយអរគុណសមភាគីបារាំងដែលបានគាំទ្របេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នាឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រៅពីជំនួបទ្វេភាគីជាមួយលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយ លោក Gerard Larcher ប្រធានព្រឹទ្ធសភាបារាំង, លោកស្រី Yael Braun-Pivet ប្រធានរដ្ឋសភាបារាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com