RFI
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងហ្វឹកហាត់របៀបកម្ចាត់ដ្រូនខុសច្បាប់បង្ហោះពេលប្រកួតកីឡាអូឡាពិក បារាំងហ្វឹកហាត់របៀបកម្ចាត់ដ្រូនខុសច្បាប់បង្ហោះពេលប្រកួតកីឡាអូឡាពិក ©Fabrice COFFRINI AFP
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ថ្ងៃព្រហស្បតិ៍ទី១៤មីនា២០២៤ ជាលើកទីមួយ កងទ័ពជើងអាកាសបារាំង សហការជាមួយនគរបាលនិងកងអាវុធហត្ថ បានចាប់ផ្តើមហាត់ហ្វឹកហ្វឺន ទ្រង់ទ្រាយធំ អំពីរបៀបប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ដ្រូនខុសច្បាប់ ដែលអាចមានច្រើននៅក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក។
នៅបួនខែកន្លះមុនការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសចាប់បើក កងទ័ពជើងអាកាសបារាំងសហការជាមួយក្រុមនគរបាល និងកងអាវុធហត្ថ បានដឹកនាំធ្វើលំហាត់ហ្វឹកហ្វឺនអំពីរបៀបកម្ចាត់ដ្រូន ដោយប្រើប្រព័ន្ធផ្សេងៗគ្នាជាច្រើន។ ប្រព័ន្ធទាំងនោះមានដូចជា ដ្រូនធុនធ្ងន់មានបំពាក់រាដា កាមេរ៉ា និងប្រដាប់វាស់ចម្ងាយ ដើម្បីកំណត់ទីតាំងឬចំណុចហោះចេញរបស់ដ្រូនខុសច្បាប់។ ប្រព័ន្ធឬកាំភ្លើងសម្រាប់រារាំង រំខានការហោះឡើងរបស់ដ្រូនពីចម្ងាយ ។ល។ និង។ល។ ទៅតាមកម្មវិធីរបស់ដ្រូននីមួយៗ ភ្នាក់ងារបារាំងអាច បញ្ឈប់ អាចឱ្យហោះចេញ ឬអាចទម្លាក់ដ្រូនល្មើសបាន។
លំហាត់សាកល្បងរយៈពេលពីរសប្តាហ៍ ជាការត្រៀមលក្ខណៈប្រឈមទល់នឹងការគំរាមកំហែងភេរវកម្មផង ចលនាតវ៉ាប្រឆាំងផង និងសកម្មភាពបែបទំនើង ឬរបស់ក្រុមជនខិលខូច ដែលចង់ទៅថតកម្មវិធីកីឡាអូឡាំពិកដោយប្រើដ្រូនផ្ទាល់ខ្លួន។ កូនមីក្រូ កូនដ្រូនតូចៗ ឬក៏ឧបករណ៍ហោះហើរជាល្បែងដែលអាចច្រលំនឹងសត្វស្លាប ហើយមិនមែនជាតំណាងគ្រោះថ្នាក់ និងនាំឱ្យមានការខូចខាតធ្ងន់ធ្ងរសម្រាប់កម្មវិធីខ្នាតអន្តរជាតិទេ ប៉ុន្តែជាអ្វីដែលគេសង្កេតឃើញមានកាន់តែច្រើន និងកាន់តែពេញនិយមនារយៈពេលបីឆ្នាំចុងក្រោយមកនេះ។
ដ្រូនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ជាអាវុធក្នុងជម្លោះផ្សេងៗ ដូចជានៅហ្កាហ្សា ឬនៅអ៊ុយក្រែន ដោយមួយខែៗភាគីជម្លោះបានចំណាយដ្រូនគ្រប់ធុនអស់ចំនួន១ម៉ឺនគ្រឿង។ នេះបើតាមវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង។ នៅក្នុងប្រទេសបារាំង និន្នាការប្រើដ្រូនក៏បានកើនឡើងគួរជាទីកត់សម្គាល់ដែរ៖ ៤សែនគ្រឿងនៅឆ្នាំ២០១៧ ហើយឥលូវមានដល់ទៅជាងបីលានគ្រឿង។
ការប្រយុទ្ធប្រឆាំងនឹងការប្រើដ្រូនក្នុងអំឡុងពេលប្រកូតកីឡាអូឡាំពិក ជាប្រតិបត្តិការធំធេងខ្លាំងជាងបង្អស់។ ជាការប្រៀបធៀប ក្នុងហែក្បួនព្យុះហយាត្រនាថ្ងៃបុណ្យជាតិ១៤កក្កដា២០២៣ ប្រតិបត្តិការប្រឆាំងដ្រូនមានទំហំ៤០ម៉ោង ការប្រកួតកីឡារ៉ូប៊ីពិភពលោក ចំនួន២ពាន់ម៉ោង ឯការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ត្រូវការដល់ទៅ២ម៉ឺនម៉ោងឯណោះ។ ជាសរុបបារាំងនឹងរាយប្រព័ន្ធចាប់ដ្រូនធុនធ្ងន់ចំនួន១៥ ក្នុងមានមួយជាប្រព័ន្ធរបស់អង់គ្លេស ចាំចាប់ដ្រូនល្មើស ព្រមទាំងកាំភ្លើងរំខានដំណើរការដ្រូន កាំភ្លើងកាំរស្មីឡាស៊ែរ ឬដ្រូនចាប់ដ្រូន RapidEagle ដោយមានបំពាក់សំណាញ់ផង។ ដែនអាកាស ត្រូវស្ថិតនៅក្រោមការការពារយ៉ាងតឹងតែងពីសំណាក់ក្រសួងការពារជាតិ ដែលគ្រោងហាមឃាត់ការហោះហើរទាំងស្រុងតែម្តងលើផ្ទៃមេឃក្រុងប៉ារីសក្នុងរង្វង់អង្កត់ផ្ចិត១៥០គីឡូម៉ែត្រ នៅថ្ងៃបើកកម្មវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com