RFI
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងហ្វឹក​ហាត់​របៀបកម្ចាត់​​ដ្រូន​ខុស​ច្បាប់​បង្ហោះ​ពេល​ប្រកួត​កីឡាអូឡាពិក
16, Mar 2024 , 9:29 am        
រូបភាព
បារាំងហ្វឹកហាត់របៀបកម្ចាត់ដ្រូនខុសច្បាប់បង្ហោះពេលប្រកួតកីឡាអូឡាពិក ©Fabrice COFFRINI  AFP
បារាំងហ្វឹកហាត់របៀបកម្ចាត់ដ្រូនខុសច្បាប់បង្ហោះពេលប្រកួតកីឡាអូឡាពិក ©Fabrice COFFRINI AFP
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ថ្ងៃ​​ព្រហស្បតិ៍​ទី​១៤​មីនា​២០២៤​ ជា​លើក​ទីមួយ​ កងទ័ពជើង​​អាកាស​បារាំង សហការ​ជាមួយ​នគរបាល​និង​កង​អាវុធ​ហត្ថ​ បាន​ចាប់​ផ្តើមហាត់​ហ្វឹកហ្វឺន ទ្រង់ទ្រាយ​ធំ អំពី​របៀប​​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ប្រើប្រាស់​ដ្រូន​ខុស​ច្បាប់​ ដែល​អាច​មាន​ច្រើន​នៅ​ក្នុង​អំឡុង​​ពេល​ប្រកួត​កីឡាអូឡាំពិក។

 
នៅបួន​ខែកន្លះ​មុន​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​ចាប់​បើក កងទ័ពជើង​អាកាស​បារាំង​សហការ​ជាមួយ​ក្រុម​នគរបាល និង​កង​អាវុធ​ហត្ថ​ បាន​ដឹកនាំ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​អំពី​របៀប​កម្ចាត់​ដ្រូន​ ដោយប្រើ​​ប្រព័ន្ធ​ផ្សេងៗ​គ្នាជា​ច្រើន។ ប្រព័ន្ធ​ទាំង​នោះ​មាន​ដូច​ជា ដ្រូន​ធុន​ធ្ងន់​មាន​បំពាក់​រាដា​ កាមេរ៉ា និង​ប្រដាប់​វាស់​ចម្ងាយ​ ដើម្បី​កំណត់​ទីតាំង​ឬ​ចំណុច​ហោះចេញ​របស់​ដ្រូន​ខុស​ច្បាប់។ ប្រព័ន្ធ​​ឬ​កាំភ្លើង​សម្រាប់​រារាំង រំខាន​ការ​ហោះ​ឡើង​របស់​ដ្រូន​ពី​ចម្ងាយ​ ។ល។ និង។ល។ ទៅ​តាម​កម្មវិធី​របស់​ដ្រូននីមួយៗ ភ្នាក់ងារ​បារាំង​អាច​ បញ្ឈប់ អាច​​ឱ្យ​ហោះ​ចេញ ឬអាច​ទម្លាក់​ដ្រូន​ល្មើស​បាន។
 
លំហាត់​សាកល្បងរយៈ​ពេល​ពីរ​សប្តាហ៍ ជា​ការ​ត្រៀម​លក្ខណៈ​ប្រឈមទល់​នឹង​ការ​គំរាមកំហែង​ភេរវកម្មផង ចលនាតវ៉ា​​ប្រឆាំង​ផង និង​សកម្មភាពបែប​​ទំនើង​ ឬ​របស់​ក្រុម​ជន​ខិល​ខូច ដែល​ចង់​ទៅថត​កម្មវិធី​កីឡាអូឡាំពិក​ដោយ​ប្រើ​ដ្រូន​ផ្ទាល់​ខ្លួន​។ កូន​មីក្រូ កូន​ដ្រូន​តូចៗ ឬ​ក៏​ឧបករណ៍​ហោះហើរជា​ល្បែងដែល​​អាច​ច្រលំ​នឹង​សត្វស្លាប​ ហើយ​មិន​មែនជា​តំណាង​គ្រោះថ្នាក់ និង​នាំ​ឱ្យ​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​​សម្រាប់​កម្មវិធី​ខ្នាត​អន្តរជាតិ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​គេ​សង្កេត​ឃើញ​មាន​កាន់​តែ​ច្រើន និង​កាន់​តែ​ពេញ​និយម​នា​រយៈ​ពេលបី​​​ឆ្នាំចុងក្រោយ​មក​នេះ។
 
ដ្រូន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ ជា​អាវុធ​ក្នុង​ជម្លោះ​​ផ្សេងៗ ដូចជា​នៅ​ហ្កាហ្សា ឬ​នៅ​អ៊ុយក្រែន ដោយមួយខែៗ​​ភាគី​​ជម្លោះ​បានចំណាយ​​ដ្រូន​គ្រប់​ធុន​អស់ចំនួន​​១ម៉ឺន​គ្រឿង។ នេះ​បើ​តាម​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង។ នៅក្នុង​ប្រទេសបារាំង​​ និន្នាការ​ប្រើ​ដ្រូន​ក៏​បាន​កើន​ឡើង​គួរ​ជា​ទី​កត់​សម្គាល់​ដែរ៖ ៤សែន​គ្រឿង​នៅឆ្នាំ​២០១៧ ហើយ​ឥលូវ​មាន​ដល់​ទៅ​​ជាង​បីលាន​​គ្រឿង​​​។
 
ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើ​ដ្រូន​ក្នុង​​អំឡុង​ពេល​ប្រកូត​កីឡាអូឡាំពិក ជា​​ប្រតិបត្តិការ​ធំធេង​ខ្លាំង​ជាង​បង្អស់​។ ជា​ការ​ប្រៀប​ធៀប ក្នុងហែក្បួន​ព្យុះហយាត្រ​នា​​ថ្ងៃ​បុណ្យ​ជាតិ​១៤​កក្កដា​២០២៣ ប្រតិបត្តិការ​ប្រឆាំង​ដ្រូន​មាន​ទំហំ​៤០ម៉ោង ការ​ប្រកួត​កីឡា​រ៉ូប៊ី​ពិភពលោក ចំនួន​២ពាន់​ម៉ោង ឯ​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​ឆ្នាំ​២០២៤​ត្រូវការ​ដល់​ទៅ​២ម៉ឺន​ម៉ោងឯណោះ។ ជាសរុប​បារាំង​នឹង​រាយ​ប្រព័ន្ធ​ចាប់ដ្រូន​ធុនធ្ងន់​ចំនួន​១៥ ក្នុង​មាន​មួយ​ជា​ប្រព័ន្ធ​របស់​អង់គ្លេស​ ​ចាំ​ចាប់​ដ្រូន​ល្មើស​ ព្រមទាំង​​កាំភ្លើង​រំខាន​ដំណើរការ​ដ្រូន កាំភ្លើង​កាំរស្មី​ឡាស៊ែរ ឬ​ដ្រូន​​ចាប់​ដ្រូន​ RapidEagle ដោយ​មាន​បំពាក់​សំណាញ់​ផង។ ដែន​អាកាស​ ​ត្រូវ​ស្ថិតនៅ​​ក្រោម​ការ​ការពារ​យ៉ាង​តឹង​តែងពីសំណាក់​ក្រសួង​ការពារជាតិ ដែល​គ្រោង​ហាមឃាត់​ការ​ហោះហើរ​ទាំង​ស្រុង​តែ​ម្តង​លើ​ផ្ទៃ​មេឃ​ក្រុង​​ប៉ារីស​ក្នុង​រង្វង់​អង្កត់​ផ្ចិត​១៥០គីឡូម៉ែត្រ​ នៅថ្ងៃ​បើក​កម្មវិធី៕

© រក្សាសិទ្ធិដោយ thmeythmey.com