ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណារ៉ា មិន​ចោល​នយោបាយ​ឡើយ ហើយ​បន្ត​ប្រកួត​ជាមួយ​យុវជន​CPP
28, Aug 2018 , 1:20 pm        
រូបភាព
ភ្នំពេញ​៖ ក្រោយ​ចេញពី​ពន្ធនាគារ​ភ្លាម លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ជំហរ​បន្តធ្វើ​នយោបាយ​ទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។ គោលដៅ​ដែល​លោក មា​ជ សុវណ្ណារ៉ា បានកំណត់​នោះ គឺ​ការប្រកួត​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាពិសេស​កូនៗ​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។



សូមស្ដាប់សំឡេង

 
«​ខ្ញុំ​ត្រូវធ្វើ​នយោបាយ​បន្តទៀត ព្រោះ​ខ្ញុំ​ជាប់ឃុំ​ក្នុង​គុក​ដោយសារ​រឿង​ហេតុផល​នយោបាយ រឿង​អ្វីដែល​ខ្ញុំ​ត្រូវ​រត់ចោលស្រុក​បន្តទៀត​។ ខ្ញុំ​ត្រូវធ្វើ​នយោបាយ​បន្តទៀត ប៉ុន្តែ​ខ្ញុំ​ត្រូវធ្វើ​នយោបាយ​(​ប្រកួត​) ជាមួយ គឺ ហ៊ុន ម៉ា​ណែ​ត ,​ហ៊ុន ម៉ានិត ,​ហ៊ុន ម៉ា​នី គឺត្រូវធ្វើ​ជាមួយគ្នា​។ ហើយ​កុំ​គិតថា ខ្ញុំ មា​ជ សុវណ្ណារ៉ា និង​អ្នក​១៣​នាក់ គេ​ដោះលែង​វិញ​នេះ គេ​ទិញ​ក្បាល​បាន​នោះ គឺ​អត់​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មា​ជ សុវណ្ណារ៉ា ដែល​ដាក់​គោលដៅ​នយោបាយ ប្រកួតប្រជែង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្សកាន់អំណាច​។​
 
​មូលហេតុ​ដែល​លោក មា​ជ សុវណ្ណារ៉ា ដាក់​ទិសដៅ​នយោបាយ​ប្រជែង​ជាមួយ​អ្នកនយោបាយ​វ័យក្មេង​របស់​បក្ស​កាន់អំណាច​នេះ ដោយសារ​លោក សម្លឹង​ឃើញថា យុវជន​ជំនាន់​ក្រោយ នឹង​ប្រើប្រាស់​វប្បធម៌​នយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សារ​ជាតិ​បាន​ច្រើនជាង​អ្នកនយោបាយ​ជំនាន់​មុន ពោលគឺ​ការធ្វើ​នយោបាយ​ដោយ​សន្តិភាព គ្មាន​ការចាប់​ឃុំខ្លួន​អ្នកនយោបាយ​ឡើយ​។ 
 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ​សកម្មជន​ជាប់ពន្ធនាគារ ទាំងយប់​កណ្ដាល​អា​ធ្រា​ត​ថ្ងៃទី​២៨ សីហា​នេះ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបង្ហាញ​ផ្នត់គំនិត​នយោបាយ​ខ្លួន​ដូច្នេះ​ថា​៖«​ខ្ញុំ​នៅ​ស្រុក​អាមេរិក​១០​ឆ្នាំ គេ​មិនដែល​ចាប់​អ្នកនយោបាយ​ដាក់គុក​ទេ ប៉ុន្តែ​រឿង​ក្នុង​អតីតកាល​យើង​ត្រូវ​បំភ្លេចចោល ហើយ​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​របស់លោក ហ៊ុន សែន គាត់​នឹង​យល់​។ ហើយ​កូន​គាត់​ជំនាន់​ក្រោយ​ដែល​ធ្វើ​ជាមួយ​ខ្ញុំ​បន្តទៀត ដោយ​ប្រើ​បញ្ញា​។ គាត់​(​កូន​សម្ដេច ហ៊ុន សែន​)​បណ្ឌិត ខ្ញុំ​មាន​អនុបណ្ឌិត គាត់​មាន​វោ​ហោ​សព្ទ​នយោបាយ​ជា​រឿង​របស់គាត់​។ ខ្ញុំ​មាន​ជំនាញ​បង្រៀន​មនុស្ស ខ្ញុំ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​អប់រំ​គ្នា ឲ្យ​ចេះ​ស្រលាញ់គ្នា គឺ​ខ្មែរ​ឯកភាពគ្នា ដូច្នេះ​មិនចាំបាច់​មាន​អ្នកណា​មកចាក់​បំបែក​ខ្មែរ​ទៀត​ទេ​»​។​
 
​តែ​យ៉ាងណា​លោក មា​ជ សុវណ្ណារ៉ា មិនទាន់​អាច​បញ្ជាក់ថា លោក​នឹងធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ណាមួយ​ឡើយ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ តាម​អំណាច​សាលក្រម​របស់​តុលាការ​កំពូល​។ លោក មា​ជ សុវណ្ណារ៉ា រង់​ចាំមើល​វត្តមាន​លោក កឹម សុខា ដែលជា​មេដឹកនាំ​ខ្លួន រួច​ចេញពី​ពន្ធនាគារ​សិន ។ ក្នុងន័យនេះ​លោក មា​ជ សុវណ្ណារ៉ា សង្ឃឹមថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្ដល់​ការអនុគ្រោះ​ដល់​លោក កឹម សុខា ដោយ​ស្នើ​ទៅ​ព្រះមហាក្សត្រ លើកលែងទោស​ដូច​ពួកខ្លួន​ទាំង​១៤​នាក់ រួមទាំង​នយោបាយ សកម្មជន​ដីធ្លី និង​អ្នកវិភាគ​នេះដែរ​។ 
 
​គួរ​បញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១៣​នាក់​ទៀត ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​ប្រព្រឹត្ត​ក្រោយ​បោះឆ្នោត​កាលពី​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ម្តុំ​វត្តភ្នំ​។​។ លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិ​ទ្ធ និង​លោក ឃី​ន ជំរឿន ដែល​ជាប់ចោទ​ដឹកនាំ​ធ្វើ​កុបកម្ម ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​២០​ឆ្នាំ​។ ចំណែក ១១​នាក់ ដែល​ជាប់ចោទ​ចូលរួម​ចលនា​កុបកម្ម ជាប់ទោស​៧​ឆ្នាំ​ក្នុង​ម្នាក់ៗ រួមមាន ស៊ុំ ពុ​ទ្ធី លោក នាង សុ​ឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រ​សំណាង លោក កែ ឃីម លោក យា ថុង លោក យន់ គឹម​ហួរ និង​លោក រឿន ចិ​ត្រា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com