កីឡាអន្តរជាតិ
អន្តរជាតិ
ករណីរំលោភ៖ កិច្ចសន្យារាប់ពាន់លានដុល្លាររបស់ Ronaldo ជាមួយ Nike អាចរងផលប៉ះពាល់
× រឿងក្តីក្តាំរំលោភសេពសន្ថវៈលើស្ត្រីអាមេរិកម្នាក់របស់ Cristiano Ronaldo បាននិងកំពុងធ្វើឲ្យមានបញ្ហាជាមួយក្រុមហ៊ុនសម្លៀកបំពាក់ Nike ដែលបានចុះកិច្ចសន្យា ស្ពនស័រដល់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះក្នុងរង្វង់ទឹកប្រាក់ដ៏ច្រើនសន្ធឹក។
ក្រុមហ៊ុនផលិតសម្ភារកីឡាយក្សរបស់អាមេរិក Nike ដែលមានកិច្ចសន្យាក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ជាមួយខ្សែប្រយុទ្ធចំណូលថ្មី Juventus កំពុងបន្តតាមដានស្ថានការណ៍ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់ជុំវិញការចោទប្រកាន់ពីបទរំលោភរបស់ Ronaldo។
នាង Kathryn Mayorga បានចោទអតីតខ្សែប្រយុទ្ធឆ្នើម Real Madrid វ័យ៣៣ឆ្នាំ ថាបានរំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៩។
ក្នុងឆ្នាំ ២០១០ ស្ត្រីដែលមានវ័យ៣៤ឆ្នាំខាងលើត្រូវបានគេផ្សាយថាបានឈានដល់ការដោះស្រាយក្រៅផ្លូវការជាមួយ Ronaldo ដោយមានការបង់ប្រាក់ចំនួន ៣៧៥,០០០ដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមមិនបញ្ចេញរឿងនេះជាសារធារណៈ។
ជុំវិញការចោទប្រកាន់នេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំបានបដិសេធយ៉ាងដាច់អហង្ការ និងត្រៀមឲ្យមេធាវីខ្លួនប្តឹងវាយបកទៅទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់វិញ ដែលជាអ្នកចេញផ្សាយព័ត៌មានអាស្រូវនេះដំបូងគេ។
ដោយសារតែមានរឿងអាស្រូវសេពសន្ថវៈលើស្ត្រីអតីតគ្រូបង្រៀនអាមេរិកនេះ ខាងភាគីក្រុមហ៊ុន Nike និងក្រុមហ៊ុនវីដេអូហ្គេម EA Sports ដែលមានមូលដ្ឋាននៅអាមេរិក ហើយកំពុងមានកិច្ចសន្យាក្នុងរង្វង់ទឹកប្រាក់ដ៏ច្រើនជាមួយ Ronaldo នោះ ហាក់ថ្នាំងថ្នាក់នឹងបញ្ហាខាងលើនេះ។ តែយ៉ាងក្រុមហ៊ុនទាំងពីរក៏កំពុងតាមដានរឿងនេះ ដោយសង្ឃឹមថា Ronaldo នឹងមិនប្រព្រឹត្តិអ្វីដូចដែលគេបានចោទនោះ។
បើតាមទស្សនាវដ្តី Forbes ម្ចាស់ពាន Ballon d'Or ៥សម័យ ជាអត្តពលិកម្នាក់ក្នុងចំណោម ៣នាក់ប៉ុណ្ណោះ ដែលមានកិច្ចសន្យារយៈពេលពេញមួយជីវិតជាមួយ Nike ក្នុងនោះមានកីឡាករបាល់បោះ NBA របស់អាមេរិក LeBron James និង Michael Jordan៕
Tag:
បាល់ទាត់
Cristiano Ronaldo
Nike
EA Sports
រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com