អន្តរជាតិ
ជេ​ក ម៉ា ហៅ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ជា​រឿង​ល្ងីល្ងើ​បំផុត​ក្នុង​ពិភពលោក​
07, Nov 2018 , 8:39 am        
រូបភាព
ដោយ:
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Alibaba  លោក​ជេ​ក ម៉ា កាលពី​ថ្ងៃទី​០៥ ខែ​វិ​ច្ឆ​កា បាន​បរិហារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ថា​ជា រឿង​ដ៏​ល្ងង់ខ្លៅ​បំផុត​មួយ​ក្នុង​ពិភពលោក​។

 
​លោក ម៉ា ដែលជា​បុរស​មាន​ជាងគេ​បំផុត​ក្នុងប្រទេស​ចិន​នេះ បាន​ចេញមុខ​រិះគន់​ឥត​សំចៃមាត់​ទៅលើ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ដែល​ភាគី​ទាំងសងខាង​បាន​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​គ្នា​ទៅវិញ​ទៅមុខ គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ខណៈ​នេះ គេ​មិនទាន់​មើលឃើញ មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​នេះ បង្ហាញ​សញ្ញាណ​នៃ​ការ​ថមថយ​នៅឡើយ​នោះទេ​។ 
 
​បន្ថែម​ពី​ការរិះគន់​យ៉ាង​ដូច្នេះ  ថ្លែង​នៅក្នុង​វេទិកា​ជំនួញ​មួយ ដែល​ប្រព្រឹត្តឡើង​នៅក្រៅ​ព្រឹត្តិការណ៍​ពិ​ពណ៌​នាំចូល​អន្តរជាតិ​ក្នុង​ទីក្រុង សៀង​ហៃ លោក ម៉ា បាន​លើកឡើងថា​៖«​ពាណិជ្ជកម្ម​គឺ​តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​…​ហើយ​គ្មាន​បុគ្គល​ណា​អាច​បញ្ឈប់​ពាណិជ្ជកម្ម​សេរី​បានឡើយ​»​។ 
 
​បើតាម​សារព័ត៌មាន South China Morning Post  លោក ម៉ា ដែល​ស្ថិតក្នុង​វ័យ​៥៤ និង​ទើបតែ​បានប្រកាស​ចូលនិវត្តន៍​ថ្មីៗ​កន្លងទៅនេះ  បានបញ្ជាក់​ទៀតថា ប្រទេស​ចិន​កំពុង​ផ្លាស់ប្តូរ​ចេញពី «​គំរូ​នៃ​ការនាំចេញ​» ទៅជា «​គំរូ​នៃ​ការនាំ​ចូល​» វិញ ដែល​វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំធេង​មួយ​សម្រាប់​ក្រុង​ប៉េកាំង​តែម្តង​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី លោក ម៉ា ដែលមាន​លុយ​សរុប​ជិត ៣៨​ពាន់​លាន​ដុល្លារ​នេះ បាន​សង្កត់ធ្ងន់ថា អំឡុង​គ្រា​លំបាក ក៏មាន​ឱកាស​ផងដែរ​។ ត្រង់នេះ​លោក​បាន​បកស្រាយ​បែបនេះ​៖«​ជំនួញ​ជាច្រើន​នឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ  ប៉ុន្តែ​វា​ក៏​នឹងមាន​ផល​វិជ្ជមាន​សម្រាប់​អ្នកប្រើប្រាស់​ជាច្រើន​ផងដែរ​»​។  
 
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ការលើកឡើង​របស់លោក​ម៉ា​គឺធ្វើឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង​ថា អនុវត្ត «​គោលនយោបាយ​ពាណិជ្ជកម្ម​អយុត្តិធម៌​»​។ ទាក់ទិន​នឹង​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​ប្រក្រតី​របស់​ចិន​នេះ  រដ្ឋបាល​លោក​ត្រាំ បាន​អះអាងថា វា​បាន​បង្ក​ទៅជា​ឱទ​ន​ភាព​ពាណិជ្ជកម្ម​យ៉ាង​សម្បើម​ក្រៃលែង សម្រាប់​សហរដ្ឋអាមេរិក ចាប់តាំងពី​ចិន​បាន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០១​មក​៕
 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  លោក​ជេ​ក ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com