ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ បូរ៉ា ដើរ​តាម​ការសម្រេច​ឪពុក​ខ្លួន ខណៈ​លោក គង់ សភា ដើរ​តាម​លោក សម រង្ស៊ី​
14, Dec 2018 , 5:00 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​រដ្ឋសភា​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​នោះ ស្រាប់តែ​អ្នកនយោបាយ​ត្រកូល​»​គង់​» ប្រកាស​ពី​ជំហរ​ខ្លួន នៅក្នុង​ផ្លូវ​នយោបាយ​នេះ​។ លោក គង់ គាំ និង​លោក គង់ បូរ៉ា សម្រេច​ត្រៀម​យក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ខណៈដែល​លោក គង់ សភា ប្រកាស​ជំហរ​មិន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​នេះឡើយ​។​

 
​ផ្ទុយ​ពី​ការអំពាវនាវ​របស់លោក សម រង្ស៊ី លោក គង់ គាំ និង​លោក គង់ បូរ៉ា ប្រកាស​ពី​ជំហរ​ខ្លួន ក្នុងការ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តាមច្បាប់​ត្រង់​មាត្រា​៤៥​ថ្មី (​ស្ទួន​១) ដែល​អនុញ្ញាត​។ លោក គង់ គាំ ដែលជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី ក្នុង​ឆាកនយោបាយ​ប្រឆាំង​ជាង​២០​ឆ្នាំ​មកនេះ បាន​ត្រៀមខ្លួន​ដាក់​លិខិត​ស្នើសុំ​ធ្វើ​នយោបាយ​វិញ​រួចហើយ ក្រោយពី​ឮដំណឹង​ថា​មាត្រា​ច្បាប់​ខាងលើ​បាន​ចូល​ជា​ធរមាន​។ ប៉ុន្តែ​ការសុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​របស់លោក គង់ គាំ នៅពេលនេះ គឺ​មិន​នៅ​បន្ត​រួមរស់​ជាមួយ​លោក សម រង្ស៊ី ដូច​មុន​ទេ ពោលគឺ​លោក​នឹង​ចូលទៅ​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​កូនប្រុស​ខ្លួន គឺ​លោក គង់ មុនី​កា ដែលជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​វិញ​។ 
 
​លោក គង់ គាំ ដែល​បាន​តស៊ូ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ដែលមាន​អនុស្សាវរីយ​រាប់មិនអស់ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ នៅ​ជួយ​កូនប្រុស​ខ្ញុំ​ហើយ​។ គណបក្ស​ឆន្ទៈ​ខ្មែរ ជា​ប៉ូល​ប្រឆាំង​ថ្មី សម្រាប់​អ្នកជំនាន់ក្រោយ​»​។​
 
​មិន​ខុសពី​ឪពុក​ខ្លួន លោក គង់ បូរ៉ា ក៏​សម្រេចចិត្ត​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ ប្រាសចាក​ការស្នើសុំ​របស់​មេដឹកនាំ​ខ្លួន​លោក សម រង្ស៊ី ដែរ​។ សម្រាប់​លោក គង់ បូរ៉ា ការជ្រើសរើស​ផ្លូវ​ធ្វើ​នយោបាយ​វិញ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​រូបលោក ។ 
 
​នៅពេល​សួរថា តើ​លោក​ជ្រើស​រើសយក​សិទ្ធិ​ធ្វើ​នយោបាយ​នេះ បានន័យថា លោក​នឹង​ឈប់​ធ្វើ​នយោបាយ​រួមរស់​ជាមួយ​លោក សម រង្ស៊ី ទៀតហើយ​? លោក គង់ បូរ៉ា ឆ្លើយតប​ថា លោក​នឹងមិន​នៅ​រួមរស់​ជាមួយ​លោក សម រង្ស៊ី ទៀតឡើយ ហើយ​លោក​ក៏​មិនទាន់​ច្បាស់​ថា នឹងចូលរួម​ជាមួយ​អ្នកណា​ដែរ​។​
 
«​ខណៈដែល​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ត្រូវគេ​មើលឃើញថា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែល​ជាប់​បម្រាម​អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ ខ្ញុំ​ប្រាកដជា ជ្រើស​យក​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ផ្ទុយគ្នា​ពី​ជំហរ​របស់ លោក សម រង្ស៊ី  ដោយ​ខ្ញុំ​យល់ថា​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់​របស់​ប្រទេស​ជា​ផ្លូវ​ភ្លឺ ។​ខ្ញុំ​គិត​ផ្សេង ពី​លោក សម រង្ស៊ី ហើយ​ក្រោយ​ទទួលបាន​សិទ្ធិ ខ្ញុំ​មិនអាច​ធ្វើជា​មួយ​អ្នក​គ្មាន​សិទ្ធិ​នោះ​ទៀត​ទេ​។ (​នៅពេលនេះ​)​ខ្ញុំ​មិនទាន់មាន​សិទ្ធ ខ្ញុំ​មិនទាន់​សំរេចចិត្ត​ចូលរួម​នយោបាយ​ជាមួយ​អ្នកណា​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ បូរ៉ា​។​
 
​ទាំង​លោក គង់ គាំ និង​លោក គង់ បូរ៉ា សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​អស់ជំនឿ​ចិត្ត​លើ​លោក សម រង្ស៊ី ដែលជា​មេដឹកនាំ​ខ្លួន អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​។​
 
​បើទោះជា​ឪពុក និង​បងប្រុស​ខ្លួន គិត​បែប​អវិជ្ជមាន​លើ​លោក សម រង្ស៊ី ក្តី ប៉ុន្តែ​លោក គង់ សភា មើលមិនឃើញ​បែប​នោះឡើយ​។ សម្រាប់​លោក គង់ សភា លោក សម រង្ស៊ី គឺជា​មេដឹកនាំ​ល្អ​ម្នាក់ នៅក្នុង​ក្រសែភ្នែក​ខ្លួន​។ ផ្ទុយ​ពី​ឪពុក និង​បងប្រុស​ខ្លួន លោក គង់ សភា សម្រេចចិត្ត​មិន​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ឡើយ ដោយ​អនុលោម​តាម​ការអំពាវនាវ​រប​ស់លោក សម រង្ស៊ី​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី ពី​ប្រទេស​កាណាដា តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​រងគ្រោះ​ដោយសារតែ​អំពើហិង្សា​មួយ នៅក្បែរ​រដ្ឋសភា កាលពី​ជាង​៣​ឆ្នាំមុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ស្នើសុំ​(​សិទ្ធិ​នយោបាយ​) ទេ​ព្រោះ​មិនដឹង​ខ្លួន​ថា មាន​កំហុស​អ្វី​បានជា​គេ​បិទ​សិទ្ធ​របស់ខ្ញុំ​។ គេ​វាយ​យើង​ហើយ​ឲ្យ​យើង​ទៅសុំ​ទោស​គេ​ទៀត​ដូច​វា​ហួសហេតុ​ពេក​ហើយ​។ តាមពិត​ខ្ញុំ​បាន​មើលឃើញ​និង​សម្រេចចិត្ត​មុន​ការអំពាវនាវ​របស់លោក​ប្រធាន​ទៅទៀត ដូច្នេះ​គំនិត​ខ្ញុំ​វា​ស្របគ្នា​ទៅ​តាប​ការអំពាវនាវ​នោះ​»​។​
 
​ដ្បិត​លោក គង់ សភា សម្រេចចិត្ត​នយោបាយ​ខុសពី​ឪពុក និង​បងប្រុស​ខ្លួន​ក្តី ប៉ុន្តែ​លោក អះអាងថា គ្រួសារ​លោក មិនបាន​ឈ្លោះ​គ្នា ឬ​បែកបាក់​គ្នា ដោយសារ​ជំហរ​នយោបាយ​នោះទេ​។ បើតាម​លោក គង់ សភា ជំហរ​របស់ខ្លួន រួមទាំង​ឪពុក និង​បងប្រុស នៅក្នុង​ឆាកនយោបាយ​នេះ គឺជា​ការបង្ហាញ​ឲ្យ​សាធារណៈជន​បានឃើញ ពី​នយោបាយ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​
 
«​សម្រាប់​នយោបាយ​ប្រជាធិបតេយ្យ​វា​អាស្រ័យ​លើ​ទស្សនៈ ឆន្ទ​: និង​គោលដៅ​ដែល​យើង​មើលឃើញ ហើយក៏​មិនអាច​បង្ខំ​បានទេ ព្រោះ​គាត់​មើលឃើញ​ផ្សេង​។ តែ​សម្រាប់​ការគោរព​ក្នុងនាម​លោកឪពុក​នៅតែ​ជា​អ្នកមានគុណ​ដ៏​សំខាន់​សម្រាប់​ជីវិត​របស់ខ្ញុំ​»​។ នេះ​ជាការ​អះអាង​របស់លោក គង់ សភា​។​
 
​លោក សម រង្ស៊ី ដែលជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ននេះ បានស្នើ​ឲ្យ​មន្ត្រី​អតីត​បក្ស​ខ្លួន​ទាំង​១១៨​នាក់ (​ក្នុងនោះ​ស្លាប់​ម្នាក់ គឺ​លោក ជាម ចាន់នី​) កុំ​ឲ្យ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ឡើយ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ពួកគេ​គឺជា​មនុស្ស​ល្ងង់ ហើយ​ក្បត់​គណបក្ស រួមទាំង​លោក កឹម សុខា ផងដែរ​។​
 
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​១) បាន​ថ្វាយ​ព្រះរាជ​អំណាច​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ប្រោស​ព្រះរាជទាន​នីតិសម្បទា ដល់​អ្នក​ជាប់​បម្រាម ហើយ​ឲ្យ​ពួកគេ ចូលធ្វើ​នយោបាយ​វិញ​។ ហើយ​អ្នក ដែលមាន​សិទ្ធិ​ថ្វាយ​សំណើ​នេះ ទៅ​ព្រះមហាក្សត្រ គឺ​នាយករដ្ឋមន្ត្រី​។​
 
​ទាក់ទង​នឹង​ការស្នើ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​នីតិសម្បទា ដល់​អ្នក​ជាប់​បម្រាម​នេះ ទំនងជា​មិនអាច​ស្នើ​ឲ្យ​ទាំង​១១៧​នាក់​បានឡើយ ពោលគឺ​ស្នើសុំ​ផ្ដល់​សិទ្ធិ​នយោបាយ​វិញ​នេះ អាចធ្វើ​ទៅបាន ចំពោះ​អ្នក​ជាប់​បម្រាម​ណា ដែល​អនុវត្តតាម​សាលក្រម​របស់​តុលាការ​កំពូល​បានល្អ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកំពង់ស្ពឺ​៕
 

Tag:
 គង់ គាំ​
  គង់ បូរ៉ា​
  គង់ សភា​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com