បវរកញ្ញាហ្វីលីពីន Catriona Gray អាយុ២៤ឆ្នាំ ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ (Miss Universe) ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅក្រុងបាងកក ប្រទេសថៃ ដោយបានឈ្នះពិន្ទុបវរកញ្ញាអាហ្វ្រិកខាងត្បូង Tamaryn Green និងបវរកញ្ញាវេណេស៊ុយអេឡា Sthefany Gutierrez។
Catriona Gray ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិហ្វីលីពីន គឺជាអ្នកអត្ថាធិប្បាយកម្មវិធីទូរទស្សន៍ តារាចម្រៀង តារាបង្ហាញម៉ូត និងជាតារាភាពយន្តមួយរូបផងដែរ។ នាងជាបវរកញ្ញាទីបួនរបស់ហ្វីលីពីនដែលបានឈ្នះមកុដបវរកញ្ញាចក្រវាឡ។
Gray ត្រូវបន្តតំណែងពីបវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters។ ក្រៅពីបវរកញ្ញាឯករងទីមួយ Tamaryn Green និងរងទីពីរ Sthefany Gutierrez បវកញ្ញាផ្សេងទៀតដែលជាប់ក្នុងចំណោម Top 10 រួមមាន Kiara Ortega (ព័រតូរីកូ), H'Hen Niê (វៀតណាម), Marta Stepien (កាណាដា), Natalia Carvajal (កូស្តារីកា), Akisha Albert (គួរ៉ាកាវ), Manita Devkota (នេប៉ាល់) និង Sophida Kanchanarin (ថៃ)។
បវរកញ្ញាស្ថិតក្នុងចំណោម Top 20 រួមមាន Francesca Hung (អូស្ត្រាលី), Zoe Brunet (បែលហ្ស៊ិក), Mayra Dias (ប្រេស៊ីល), Dee-Ann Kentish-Rogers (អង់គ្លេស), Enikő Kecskès (ហុងគ្រី), Sonia Fergina Citra (ឥណ្ឌូណេស៊ី), Grainne Gallanagh (អៀរឡង់), Emily Maddison (ហ្សាម៉ៃអ៊ីក), Magdalena Swat (ប៉ូឡូញ) និង Sarah Rose Summers (អាមេរិក)។
បវកញ្ញាកម្ពុជា រឿន ស៊ីណាត ស្ថិតក្នុងចំណោមបេក្ខនារី ទាំង៩៤នាក់ទូទាំងពិភពលោកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ប៉ុន្តែទទួលបានពានណាមួយឡើយ។ ក្រៅពីនេះ បវរកញ្ញាអូស្ត្រាលី Francesca Hung ទទួលបានពាន Congeniality (សំដៅលើភាពស្និទ្ធស្នាល រួសរាយ រាក់ទាក់ និងចុះសម្រុងជាមួយអ្នកដទៃ) បវរកញ្ញាឡាវ On-anong Homsombath ទទួលពាន Best National Costume (សម្លៀកបំពាក់ប្រពៃណីល្អដាច់គេ) និងបវរកញ្ញាអាល់បានី Trejsi Sejdina ឈ្នះពានផ្នែករូបថតស្អាតដាច់គេ Photogenic៕