អន្តរជាតិ
បវរកញ្ញា​ហ្វីលីពីន Catriona Gray ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨
17, Dec 2018 , 9:39 pm        
រូបភាព
ដោយ: រួបរួម
​បវរកញ្ញា​ហ្វីលីពីន Catriona Gray អាយុ​២៤​ឆ្នាំ ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដោយបាន​ឈ្នះ​ពិន្ទុ​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Tamaryn Green និង​បវរកញ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា Sthefany Gutierrez​។​

 
 
Catriona Gray ដែលមាន​ឪពុក​ជា​ជនជាតិ​អូស្ត្រាលី និង​ម្តាយ​ជា​ជនជាតិ​ហ្វីលីពីន គឺជា​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ទូរទស្សន៍ តារាចម្រៀង តារា​បង្ហាញ​ម៉ូត និង​ជា​តារាភាពយន្ត​មួយរូប​ផងដែរ​។ នាង​ជា​បវរកញ្ញា​ទី​បួន​របស់​ហ្វីលីពីន​ដែល​បានឈ្នះ​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​។​
 
Gray ត្រូវ​បន្ត​តំណែង​ពី​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Demi-Leigh Nel-Peters​។ ក្រៅពី​បវរកញ្ញា​ឯក​រង​ទីមួយ Tamaryn Green និង​រង​ទី​ពីរ Sthefany Gutierrez បវ​កញ្ញា​ផ្សេងទៀត​ដែល​ជាប់​ក្នុងចំណោម Top 10 រួមមាន Kiara Ortega (​ព័រ​តូ​រី​កូ​), H'Hen Niê (​វៀតណាម​), Marta Stepien (​កាណាដា​), Natalia Carvajal (​កូ​ស្តា​រី​កា​),  Akisha Albert (​គួ​រ៉ា​កាវ​), Manita Devkota (​នេ​ប៉ាល់​) និង Sophida Kanchanarin (​ថៃ​)​។​
 
​បវរកញ្ញា​ស្ថិតក្នុង​ចំណោម Top 20 រួមមាន Francesca Hung (​អូស្ត្រាលី​), Zoe Brunet (​បែលហ្ស៊ិក​), Mayra Dias (​ប្រេ​ស៊ី​ល​), Dee-Ann Kentish-Rogers (​អង់គ្លេស​), Enikő Kecskès (​ហុង​គ្រី​), Sonia Fergina Citra (​ឥណ្ឌូណេស៊ី​), Grainne Gallanagh (​អៀរ​ឡង់​), Emily Maddison (​ហ្សា​ម៉ៃ​អ៊ី​ក​), Magdalena Swat (​ប៉ូឡូញ​) និង Sarah Rose Summers (​អាមេរិក​)​។​
 
​បវ​កញ្ញា​កម្ពុជា រឿន ស៊ី​ណាត ស្ថិតក្នុង​ចំណោម​បេ​ក្ខ​នារី ទាំង​៩៤​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ប៉ុន្តែ​ទទួលបាន​ពាន​ណាមួយ​ឡើយ​។ ក្រៅពីនេះ បវរកញ្ញា​អូស្ត្រាលី Francesca Hung ទទួលបាន​ពាន Congeniality (​សំដៅលើ​ភាពស្និទ្ធស្នាល រួសរាយ រាក់ទាក់ និង​ចុះសម្រុង​ជាមួយ​អ្នកដទៃ​) បវរកញ្ញា​ឡាវ On-anong Homsombath ទទួលពាន Best National Costume (​សម្លៀកបំពាក់​ប្រពៃណី​ល្អ​ដាច់​គេ​) និង​បវរកញ្ញា​អាល់​បា​នី Trejsi Sejdina ឈ្នះ​ពាន​ផ្នែក​រូបថត​ស្អាត​ដាច់​គេ Photogenic៕ 

Tag:
 បវរកញ្ញា​ចក្រ​វា​ឡ
© រក្សាសិទ្ធិដោយ thmeythmey.com