កីឡាជាតិ
ជាតិ
ឆ្នាំ​២០១៩​នេះ ស្ត្រី​ខ្មែរ​ពីររូប​នឹង​មមាញឹក​ក្នុង​ការងារ​គ្រប់គ្រង​ក្លិប​បាល់ទាត់​ក្របខណ្ឌ​កំពូល​
04, Jan 2019 , 3:57 pm        
រូបភាព
ដោយ:
​អ្នកស្រី ពុធ ធីតា និង​អ្នកស្រី កែ សួន សុ​ភី ត្រូវ​តាំង​ជា​បន្តបន្ទាប់​ក្នុង​តំណែង​ជា​ប្រធាន​ក្លិប​កីឡាបាល់ទាត់​ក្នុង​ក្របខណ្ឌ​កំពូល​របស់​កម្ពុជា​។ អ្នកស្រី ធីតា ដែលជា​អ្នកជំនួញ​ល្បីឈ្មោះ​ម្នាក់ ក្លាយជា​ប្រធាន​ក្លិប​បឹងកេត​តាំងពី​ខែឧសភា មុន​ពេលដែល​អ្នកស្រី កែ សួន សុ​ភី ឡើង​គ្រប់គ្រង​ក្លិប​វិសាខា ជំនួស​ស្វាមី ចាប់ពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨​មក​។​

 
 
​បើទោះបីជា​តំណែង​ជា​ប្រធាន​ក្លិប​មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​បង្វឹក​ក៏ដោយ ប៉ុន្តែ​ស្ត្រី​ទាំងពីរ​រូបនេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ក្រុម​រៀងៗ​ខ្លួន ជាពិសេស​សកម្មភាព​នៅ​ក្រៅ​ទីលាន​។ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ នេះ គេ​មិនទាន់​ឃើញ​កម្មវិធី​ប្រកួត​ផ្លូវការ​នោះឡើយ តែ​នេះ​ជា​កំណត់ត្រា​ដំបូង​បំផុត​ក្នុង​បាល់ទាត់​កម្ពុជា ដែលមាន​ស្ត្រី​រហូតដល់​ទៅ​២​រូប​ក្លាយជា​ក្បាលម៉ាស៊ីន​កំពូល​របស់​ក្លិប​។​


 
​អ្នកស្រី ពុធ ធីតា ដែលមាន​ស្វាមី​ជនជាតិ​ថៃ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត ជំនួស​លោក ស៊ីវ ថា ស្ថាបនិក​ក្លិប​នេះ ដែល​ប្រកាស​ដកខ្លួន​។ ការតែងតាំង​ធ្វើឡើង កាលពីដើម​ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​គ្រួសារ​អ្នកស្រី​មាន​ភាគហ៊ុន​ធំជាងគេ​។ 
 
​បច្ចុប្បន្ន​អ្នកស្រី ពុធ ធីតា កំពុង​មមាញឹក​ជាមួយ​ការសាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ម្តុំ​បឹង​ស្នោរ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ការសាងសង់​នេះ គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​មុន​បើក​រដូវ​កាល​ថ្មី​។ 


 
​លោកស្រី កែ សួន​សុ​ភី ត្រូវបានតែងតាំង​ជា​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ជំនួស​ស្វាមី​របស់ខ្លួន គឺ​លោក ស សុខា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការតែងតាំង​នេះ ត្រូវបាន​ប្រកាស​ក្នុង​កម្មវិធី​ផ្លូវការ​មួយ​របស់​ក្លិប​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ឪពុក​បង្កើត​លោក ស សុខា​។​


 
​ការតែងតាំង​នេះ គឺ​ដើម្បី​ជំនួស​លោក ស សុខា ដែល​មមាញឹក​ជាមួយ​ក្នុង​ស្ថាប័នរដ្ឋ ពិសេស​ក្នុងតួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​លោក​សន្យា​បន្ត​ជំរុញ​លើកទឹកចិត្ត​ក្រុមការងារ​របស់ខ្លួន​។ បច្ចុប្បន្ន​ក្លិប​នេះ ក៏​កំពុង​មមាញឹក​ជាមួយ​ការសាងសង់​ទីលាន​ម្តុំ​ហ្គ្រេ​ន​ភ្នំពេញ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។​


 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ អ្នកស្រី ពុធ ធីតា និង​អ្នកស្រី កែ សួន​សុ​ភី ក៏​ធ្លាប់​ឆ្លើយឆ្លង​គ្នា​ផងដែរ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាង​រួមគ្នា​លើ​ការអភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Khaphy Sar [​ដែល​ទំនងជា​កម្មសិទ្ធិ​របស់​អ្នកស្រី កែ សួន សុ​ភី​] បាន Tag ឈ្មោះ​គណនី​អ្នកស្រី​ពុធ ធីតា [Thyda Puth] នៅលើ​ព័ត៌មាន​មួយ​។​


 
​ក្នុងការ​សន្ទនា​នោះ អ្នកស្រី ពុធ ធីតា បាន​អបអរ​អ្នកស្រី កែ សួន​សុ​ភី ដែល​បាន​ក្លាយជា​ប្រធាន​ក្លិប​វិសាខា​។ អ្នកស្រី ធីតា បាន​សរសេរ​ទៅ​អ្នកស្រី សួន​សុ​ភី​ថា រួមគ្នា​ទៅមុខ​ដើម្បី​បាល់ទាត់​ជាតិ និង​លី​គ​កម្ពុជា​។ អ្នកស្រី សុ​ភី តប​វិញ​ថា «​ស៊ូ​ស៊ូ​» ជាមួយ​ការបង្ហាញ emoji លើក​សាច់ដុំ​បីដូច​គ្នា​។​
 
​ភរិយា​របស់លោក រិទ្ធី សំណាង ម្ចាស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏​ជា​ស្ត្រី​ម្នាក់​ស្រឡាញ់​បាល់ទាត់​ខ្លាំង​ផងដែរ ដោយ​គាត់​តែងតែ​បង្ហាញ​វត្តមាន​ជាមួយ​ស្វាមី ជាពិសេស​នៅ​រាល់​ការប្រកួត​ធំៗ​របស់​ក្លិប​៕
 

Tag:
 ​បាល់ទាត់​
  ពុធ ធីតា​
  កែ សួន​សុ​ភី​
© រក្សាសិទ្ធិដោយ thmeythmey.com