រហូតមកដល់ពេលនេះ សមត្ថកិច្ច រកមិនទាន់ឃើញជនល្មើស ដែលប្រើកាំភ្លើងបាញ់ត្រូវប្រជាពលរដ្ឋម្នាក់ នៅខេត្តព្រះសីហនុនោះទេ ហើយសមត្ថកិច្ច ក៏មិនទាន់មានចម្លើយឲ្យច្បាស់លាស់ដែរ ដោយម្តងបកស្រាយបែបនេះ ហើយម្តង បកស្រាយបែបនោះ។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានការបកស្រាយម្តងទៀតតាមរយៈការធ្វើសន្និសីទកាសែតដោយ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាក់ទងនឹងអំពើហិង្សារវាងកម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ លោក ប្រាប់អ្នកកាសែតថា ក្នុងចំណោមកម្លាំងប្រដាប់អាវុធ ដែលឈមមុខជាមួយប្រជាពលរដ្ឋ មានកម្លាំងកងរាជអាវុធហត្ថ១០០នាក់ ដោយមានកាំភ្លើងវែង១០ដើម និង កាំភ្លើងខ្លី៦ដើមក្នុងដៃ។
លោកឧត្តមសេនីយ៍ត្រី បន្តថា កងរាជអាវុធហត្ថ បានបាញ់កាំភ្លើង៦គ្រាប់ឡើងលើ ដោយសារទប់នឹងកំហឹងពុំបាន ពេលប្រជាពលរដ្ឋ ប្រើអំពើហិង្សា ដូចជា ប្រើដំបង គប់ដុំថ្ម គប់ដង និងបាញ់ចម្ពាម ជាដើម។ ប៉ុន្តែ លោក អះអាងថា ចំពោះគ្រាប់កាំភ្លើង ដែលបាញ់ត្រូវប្រជាពលរដ្ឋម្នាក់ មិនមែនជាគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថឡើយ។
អ្នកនាំពាក្យរូបនេះ បកស្រាយថា កម្លាំងជំនាញខាងកងរាជអាវុធហត្ថ បានយកគ្រាប់កាំភ្លើង ដែលនៅក្នុងខ្លួនជនរងគ្រោះ ទៅពិនិត្យជាមួយនឹងគ្រាប់កាំភ្លើង ដែលកងរាជអាវុធហត្ថបានបាញ់ ហើយលទ្ធផលបង្ហាញថា គ្រាប់កាំភ្លើងទាំងនោះ គឺប្រភេទ K59 ដូចគ្នា ប៉ុន្តែ គ្រាប់កាំភ្លើង K59 ដែលនៅក្នុងខ្លួនជនរងគ្រោះ គឺជាគ្រាប់កាំភ្លើងកែច្នៃ ដូច្នេះ វាមិនមែនជាគ្រាប់កាំភ្លើង ដែលបាញ់ចេញពីកាំភ្លើងរបស់កងរាជអាវុធហត្ថទេ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនទាន់ដឹងថាគ្រាប់កាំភ្លើងនោះមកពីណាទេ។ យើងកំពុងស្រាវជ្រាវបន្ត»។
បើរាប់ទៅ មានការបកស្រាយ៣ដងហើយ ពីរឿងគ្រាប់កាំភ្លើងដែលបាញ់ត្រូវប្រជាពលរដ្ឋនេះ តែការបកស្រាយទាំងនេះ សុទ្ធតែខុសគ្នា។ លើកទី១ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដែលជាអ្នកទទួលបញ្ជាដឹកនាំកម្លាំងចុះទៅអនុវត្តដីកា បានបកស្រាយថា គ្រាប់កាំភ្លើងនោះ ប្រហែលជាគ្រាប់កាំភ្លើងរបស់ជនបាតដៃទី៣ ដែលបានឆ្លៀតឱកាសបាញ់ប្រជាពលរដ្ឋ ដើម្បីទម្លាក់កំហុសឲ្យសមត្ថកិច្ច។ តែក្រោយមក លោក ក៏បកស្រាយលើកទី២ថា សមត្ថកិច្ច បានបាញ់កាំភ្លើងឡើងលើ ហើយប្រហែលជាគ្រាប់កាំភ្លើងនោះ ធ្លាក់មកវិញ ក៏ត្រូវប្រជាពលរដ្ឋ។
បច្ចុប្បន្ន លោក ពៅ សារ័ត្ន ដែលរងរបួសដោយសារគ្រាប់កាំភ្លើង កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយទេ។ លោក អេង ហ៊ី អះអាងថា លោក ពៅ សារ័ត្ន បានធូរស្បើយហើយ។
លោក អេង ហ៊ី ថ្លែងថា គណៈកម្មការចំពោះកិច្ច ដែលលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតឡើងដើម្បីឲ្យចុះទៅស្រាវជ្រាវពីរឿងនេះ បានរកឃើញកងរាជអាវុធហត្ថ៥នាក់ និង យោធិនម្នាក់ ដែលត្រូវរងពិន័យ ពាក់ព័ន្ធនឹងអំពើហិង្សា ហើយក្រុមប្រឹក្សាវិន័យកងរាជអាវុហត្ថ បានបើកកិច្ចប្រជុំនិងសម្រេចរួចហើយ ពីការដាក់ពិន័យលើអ្នកទាំងនោះ។
ក្នុងចំណោមពួកគេ មាន៤នាក់ គ្រាន់តែត្រូវបានស្តីបន្ទោសជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ ពីសំណាក់ក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ ឯ២នាក់ទៀត ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវប្រឈមមុខជាមួយតុលាការ។
លោកវរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រងការស្តីបន្ទោស ព្រោះលោក មានកំហុស ដោយសារធ្វេសប្រហែសក្នុងការគ្រប់គ្រងកម្លាំង រហូតបណ្តាលកងរាជអាវុធហត្ថ ប្រើអំពើហិង្សា។
លោក សេក កុម្ភៈ (មិនបញ្ជាក់ឋានន្តរសក្តិ) រងការស្តីបន្ទោស ដោយសារបានបាញ់កាំភ្លើងម៉ាក AK ៤គ្រាប់ឡើងលើ។
លោក ស៊ឹម វាសនា ជំនួយការការិយាល័យនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ រងការស្តីបន្ទោស ព្រោះបានបាញ់កាំភ្លើងម៉ាក់ CF98 ២គ្រាប់ឡើងលើ។
លោក ពុធ ចាន់ (មិនបញ្ជាក់ឋានន្តរសក្តិ) ពុំបានប្រើអំពើហិង្សាឡើយ តែលោកនៅតែរងការស្តីបន្ទោស ព្រោះលោក នៅជិតនឹងអ្នកដែលប្រើអំហើហិង្សា ហើយបែរជាមិនព្រមហាមឃាត់។
ចំណែក លោកព្រឹទ្ធបាលទោល សុខ ធារិទ្ធ ត្រូវបានផ្អាកការងារពីក្របខណ្ឌ ព្រោះតែបានប្រើអំពើហិង្សា ដោយបានធាក់ប្រជាពលរដ្ឋម្នាក់ ពេលប្រជាពលរដ្ឋនោះ ត្រូវសមត្ថកិច្ចចាប់បាន ហើយដៃទាំង២ ត្រូវបានចងស្លាបសេក និង អង្គុយលុតជង្គង់។ ក្រៅពីផ្អាកការងារ កងរាជអាវុធហត្ថ ថែមទាំងកសាងសំណុំរឿងរបស់ព្រឹទ្ធបាលទោលរូបនេះ ទៅតុលាការផងដែរ។
ដោយឡែក យោធិនស័ក្តិ២ម្នាក់ (មិនបញ្ចេញឈ្មោះ) ដែលយកកាំភ្លើងម៉ាក AK ទៅវាយប្រជាពលរដ្ឋពីក្រោយ ដែលអង្គុយលុតជង្គង់និងដៃត្រូវបានចងស្លាបសេកនោះ ត្រូវបានដកចេញពីក្របខណ្ឌ ហើយត្រូវបានកសាងសំណុំរឿងទៅតុលាការ ជាមួយព្រឹទ្ធបាលទោល សុខ ធារិទ្ធ។
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្តីបន្ទោសឲ្យរដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើកម្លាំងយោធា ឲ្យចុះទៅអនុវត្តដីការបស់តុលាការកំពូល ជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ។ រដ្ឋមន្រ្តីមហាផ្ទៃ ក្រើនរម្លឹកថា រដ្ឋបាលខេត្ត អាចប្រើកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថបាន តែមិនអាចប្រើកម្លាំងយោធាឡើយ។ រដ្ឋមន្រ្តីរូបនេះ ប្រាប់ថា កុំឲ្យមានករណីបែបនេះ កើតឡើងសាជាថ្មី ព្រោះវា ជាទង្វើខុសច្បាប់។
ចំពោះការប្រើអំពើហិង្សានិងការផ្ទុះអាវុធ ពីសំណាក់កម្លាំងកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ លោក អេង ហ៊ី ក្នុងនាមកងរាជអាវុធហត្ថ បានសម្តែងការសោកស្តាយ ហើយលោក ក៏សុំទោសក្នុងសន្និសីទកាសែតនោះផងដែរ។
កាលពីដើមខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ២០០មាក់ បាននាំតវ៉ា នៅពេលតុលាការកំពូល ចេញដីកាស្ថាពរសម្រេចឲ្យឧកញ៉ាម្នាក់ ឈ្នះក្តីពួកគាត់ លើរឿងដីធ្លីនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ពេលនោះ មានកម្លាំងទាំង៣ប្រភេទតែម្តង គឺកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដែលចុះទៅអនុវត្តដីការបស់តុលាការកំពូល ហើយក៏ប្រឈមមុខជាមួយប្រជាពលរដ្ឋ រហូតដល់ផ្ទុះអំពើហិង្សា។
មកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច បានស្ងៀមស្ងាត់។ ប៉ុន្តែ ប្រជាពលរដ្ឋ ប្រហែលជាមិនទាន់បញ្ឈប់ការតវ៉ាឡើយ ព្រោះពួកគាត់ នៅតែមិនសុខចិត្ត និងចាត់ទុកសាលដីការបស់តុលាការកំពូល ដែលឲ្យពួកគាត់ចាញ់ក្តី ថាជារឿងអយុត្តិធម៌៕