ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
​ដាច់​ភ្លើង ដាច់​ចំណូល​! អ្នកលក់​ទឹកអំពៅ កាហ្វេ អ្នកបោក​អ៊ុត​...​ត្អូញ​
21, Mar 2019 , 10:20 am        
រូបភាព
ភ្នំពេញ​៖ បាត់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​យ៉ាងតិច​ក៏​ពី​៦០​ទៅ​៧០​ភាគរយ​ដែរ​។ នេះ​ជាការ​ត្អែ​ញ​ត្អែ​រ​របស់​អាជីវករ​នៅ​ផ្សារ​ទូល​ទំពូង និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ នៅពេលដែល​សារព័ត៌មាន ThmeyThmey ទៅ​សាកសួរ ខណៈ​ពួកគាត់​កំពុង​រង់ចាំ​ពន្លឺ​អគ្គិសនី​។ អាជីវករ​ទាំងនោះ មានដូចជា​អ្នកលក់​សម្លៀកបំពាក់​ក្នុង​ផ្សារ អ្នកលក់​ទឹកអំពៅ កាហ្វេ និង​អាជីវករ​បោក​អ៊ុត ជាដើម​។​

 
«​ពេល​មាន​ភ្លើង​ធម្មតា ខ្ញុំ​លក់បាន​ក្នុង​រង្វង់​៣០០​ដុល្លារ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​រយៈពេល​ដែល​ដាច់​ភ្លើង​មួយថ្ងៃ​ព្រឹក មួយថ្ងៃ​ល្ងាច​នេះ ខ្ញុំ​រកបាន​តែ​ពី​៤០ ទៅ ៥០​ដុល្លារ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​តម្អូញ​របស់​អ្នកស្រី ឡា​ត សំណាង អាជីវករ​លក់​សម្លៀក​បំពាក់​ម្នាក់​នៅក្នុង​ផ្សារ​ទួល​ទំពូង​។​


 
​កំពុង​មមាញឹក​រៀប​ខោអាវ​ម៉ូត​ស្អាត​ដាក់​ខាងលើ​ដើម្បី​ទាក់ទាញ​អតិថិជន អាជីវករ​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ៤​ថ្ងៃ​ហើយ ដែល​គាត់​រង់ចាំ​ម៉ូយ​យ៉ាង​រប៉េះរប៉ោះ ដោយសារ​ភ្លើងអគ្គិសនី​មិន​ទៀងទាត់​។ គាត់​បាន​បញ្ជាក់ថា ភ្លើង​ដែលមាន​គឺ​ប្រើប្រាស់​បាន​តែមួយព្រឹក ឬ​តែមួយ​ល្ងាច​ទេ ក្នុង​មួយថ្ងៃ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២០​មីនា ផ្សារ​ទូល​ទំពូង​ទាំងមូល មាន​ភ្លើង​ប្រើប្រាស់​នៅពេល​ព្រឹក និង បាន​ដាច់​ភ្លើង​ចាប់ពី​ម៉ោង​១១​ថ្ងៃត្រង់ ដល់​ម៉ោង​៦​ល្ងាច​។ 




 
​ស្ថាន​ភាពមិន​ខុសគ្នា​នោះឡើយ សម្រាប់​អ្នកស្រី នី សុគន្ធា ដែលជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​។ ដោយ​ក្តៅ​ស្អុះស្អាប់ អតិថិជន​ជាទូទៅ​មិនអាច​ចូល​តថ្លៃ ឬ​មើល​ទំនិញ​យូរ​នោះឡើយ ដោយ​ពួកគាត់​ទៅ​ហួស មក​ហួស​។​
 
​អ្នកស្រី សុគន្ធា ទទួលស្គាល់​ពី​បញ្ហា​កង្វះ​អគ្គិសនី​នៅ​ភ្នំពេញ ក៏ដូចជា​នៅ​កម្ពុជា​ទាំងមូល ប៉ុន្តែ​គាត់​មានកូន​សំណូមពរ​មួយ​។ អាជីវករ​រូបនេះ បានស្នើ​តាមរយៈ ThmeyThmey ថា​៖ «​បើ​ផ្តាច់​ភ្លើងអគ្គិសនី​ក្នុង​ផ្សារ សូម​ឲ្យ​ផ្ដាច់​ភ្លើង​តែ​ពេលព្រឹក​បាន​ហើយ ព្រោះ​ជាទូទៅ​នៅ​ចន្លោះ​ម៉ោង​១១​ថ្ងៃត្រង់ ដល់​ម៉ោង​៦​ល្ងាច​ហ្នឹង  គឺ​ម៉ោង​ពេញ​លក់ដាច់​ខ្លាំង​តែម្តង សម្រាប់​អ្នកផ្សារ​។  ដូចនេះ​បើ​ល្អប្រសើរ​ជាង​ដាច់​ថ្ងៃ​»​។​
 
​គាត់​ពន្យល់​បន្ថែមថា ថ្វី​ដ្បិត​អាជីវករ​នីមួយៗ​ក្នុង​ផ្សារ មាន​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​តូប​លក់​របស់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​វា​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភ្ញៀវ ដែល​ចូល​ផ្សារ​មក​ទិញ​ទំនិញ​នោះទេ​។ ព្រោះ​វា​មាន​ភាព​ងងឹត​ក្នុង​ផ្សារ ក្តៅ និង​ហប់​ជាដើម​។ កាលណា​មាន​ភាព​ងងឹត​ក្នុង​ផ្សារ​គឺ​គ្មាន​មក​ចូល​ទិញ​អ្វី​ទេ​។​
​ងាក​ទៅ​អ្នកលក់​កាហ្វេ​ដែល​ប្រើ​ម៉ាស៊ីន​ឆុង​វិញ គ្មាន​ភ្លើង​គឺ​ស្មើនឹង​គ្មាន​លុយ​ចូល​ហោប៉ៅ​។ លោក ម៉ន សុខុន ដែល​ប្រក​បរបរ​នេះ​នៅ​ជិត​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ បញ្ជាក់ថា កាហ្វេ​របស់លោក​ជាទូទៅ​គឺ​លក់ដាច់​នៅពេល​ព្រឹក ប៉ុន្តែ​ភ្លើង​ដាច់​ចំ​ម៉ោង​មាស​នេះ​តែម្តង​។​


 
​លោក​រៀបរាប់ថា​៖ «​រយៈពេល​ចុងក្រោយ​នេះ ខ្ញុំ​លក់​កាហ្វេ​បានតែ​ពី​៣០​ទៅ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយសារតែ​អគ្គិសនី​មិន​ទៀងទាត់​។ ជាទូទៅ​បើ​មាន​ភ្លើង​ធម្មតា គ្រាន់​តែមួយព្រឹក ខ្ញុំ​អាច​រកចំណូលបាន​ច្រើនជាង​នេះ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក សុខុន អាច​បន្ត​រកបាន​ចំណូល​តក់ៗ តាមរយៈ​ការលក់​កាហ្វេ​ទឹកដោះគោ កាហ្វេ​ទឹកកក និង​កាហ្វេ​មួយចំនួន​ដែល​ប្រើ​ដៃ ប៉ុន្តែ​លោក​មិនអាច​បំពេញតម្រូវការ​ភ្ញៀវ​ដែល​កុម្ម៉ង់ Hot Americano, Ice Cappucccino ឬ​ឡា​ត់​តេ​នោះឡើយ​។​
 
​ប្រសិនបើ​បច្ចេកវិទ្យា​មិន​ទំនើប​ទេនោះ អ្នកស្រី នាង សុ​ផា ប្រហែលជា​មិនមាន​បញ្ហា​អាជីវកម្ម​របស់ខ្លួន​នោះឡើយ​។ លក់​ទឹកអំពៅ​នៅ​ទល់មុខ​វិទ្យាស្ថាន វ៉ាន់ដា អស់​រយៈពេល​១២​ឆ្នាំ អ្នកស្រី សុ​ផា បាន​ប្តូរ​ពី​ឧបករណ៍​កិន​ទឹកអំពៅ​ដោយ​ប្រើ​ដៃ​ទៅជា​ម៉ាស៊ីន​កិន​ដែល​ប្រើ​អគ្គិសនី​។​


 
​ភ្លើង​មិន​ទៀងទាត់ ស្ត្រី​រូបនេះ សុខចិត្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​តែម្តង​។ គាត់​បញ្ជាក់ថា​៖ «​ពេល​ដាច់​ភ្លើង​ម្តងៗ​ខ្ញុំ​មិនបាន​លក់ដូរ​ទេ ព្រោះ​គ្មាន​កម្លាំង​ដៃ​កៀប ដោយ​ម៉ាស៊ីន​នោះ​វា​តឹង និង​ពិបាក​កៀប​ខ្លាំង​»​។ 
 
​បើតាម​ស្រី្ត​ចំណាស់​រូបនេះ ក្នុង​រយៈពេល​ដាច់​ភ្លើង​ដាច់​ជិត​មួយ​សប្តាហ៍​មកនេះ អ្នកស្រី លក់​ទឹកអំពៅ​បាន ឬ​អស់​ជិត​២​បាច់​ប៉ុណ្ណោះ ធៀប​នឹង​ថ្ងៃ​ដែល​បាន​ប្រើប្រាស់​ពេញលេញ​វិញ អាច​លក់បាន​ជិត​៤​បាច់​ក្នុង​មួយថ្ងៃ​។​


 
​កាន់តែ​ងងឹតមុខ​ឈឹង​សម្រាប់​អ្នកស្រី  សេង ប៉ូលីស អាជីវកម្ម​បោក​អ៊ុត​សម្លៀកបំពាក់ នៅក្បែរ​វិទ្យាស្ថាន​វ៉ាន់ដា ដូចគ្នា​។ ការ​ដាច់​ភ្លើង​នេះ បានធ្វើឱ្យ​កកស្ទះ​ចរន្ត​ការងារ​ដែល​ភ្ញៀវ​យក​ខោអាវ​មក​បោក​អ៊ុត ហើយ​ការកកស្ទះ​ការងារ​នេះ បាន​នាំឱ្យ​អ្នកស្រី​បាត់ប្រាក់​ចំណូល​ប្រចាំថ្ងៃ រហូត​ជិត​៧០​ភាគរយ​ផងដែរ​។ 


 
​អ្នកស្រី សេង ប៉ូ លី​ស បាន​អះអាង​ដូ​ច្នេ​៖« ពេល​ដាច់​ភ្លើង​អស់​៥-៦​ថ្ងៃ​កន្លងមកនេះ ជា​មធ្យម​ខ្ញុំ​អា​ចរក​ចំណូល​ពី​អាជីវកម្ម​ខ្ញុំ​បាន​ត្រឹម​២៥ ទៅ​៤០​ដុល្លារ បើ​ប្រៀបធៀប​ទៅនឹង​ថ្ងៃ​ដែលមាន​ភ្លើង​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ខ្ញុំ​អាច​រកចំណូលបាន​១០០​ទៅ​១២០​ដុល្លារ​ក្នុង​មួយថ្ងៃ​»​។ 
 
​យោងតាម​សេចក្តីជូនដំណឹង​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃទី​១៨​មីនា ចរន្ត​អគ្គស​នី​នេះ បាន​កាត់បន្ថយ​ការផ្គត់ផ្គង់​នៅពេល​ថ្ងៃ​រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​រក្សា​ការផ្គត់ផ្គង់​ពេលយប់​។ យ៉ាងណា អគ្គិសនី​កម្ពុជា លើកឡើងថា ថ្ងៃបុណ្យ​ជាតិ និង​ថ្ងៃអាទិត្យ ត្រូវបាន​រក្សា​ការផ្គត់ផ្គង់​អគ្គិសនី​ជាធម្មតា​។ 
 
​ខណៈ​កំពុង​សិក្សា​រក​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែមទៀត ស្ថាប័ន​រដ្ឋាភិបាល​ក៏ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ផងដែរ​៕

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com