ភ្នំពេញ៖ លោក អ៊ួ ដារិទ្ធ ច្នៃរូបថតសខ្មៅ ឱ្យទៅជាទម្រង់សិល្បៈស្រមោលដ៏ល្អស្អាត និងអាចកំណត់អត្តសញ្ញាណរូបបានយ៉ាងច្បាស់ ដែលជាសិល្បៈប្លែកពីគេ សម្រាប់តាំងលម្អផ្ទះ។ អំពូលភ្លើង បន្ទះលោហៈ និងក្រដាសស្អិតជាដើម ជាធាតុផ្សំសំខាន់ ដែលបុរសធ្វើការក្នុងវិស័យភាពយន្ត ពាក់ព័ន្ធនឹងបច្ចេកទេសភ្លើងរូបនេះ អាចយកទៅផ្គុំបង្កើតជាស្រមោលរូបព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និងរូបភាពផ្សេងៗ។
មិនមែនជារឿងចៃដន្យឡើយ សម្រាប់លោក អ៊ួ ដារិទ្ធ ដែលជាអ្នកតុបតែងឆាកក្នុងវិស័យខ្សែភាពយន្ត ឬហៅថា Art Director ក្នុងការធ្វើឱ្យគំនិតច្នៃប្រឌិតសិល្បៈស្រមោល តាមបច្ចេកទេសថ្មីរបស់ខ្លួន អាចលេចចេញជារូបរាងនោះ។
ដោយសារការចាប់អារម្មណ៍ និងស្ងើចសរសើរពីភាពអស្ចារ្យនៃបច្ចេកទេស សម្ដែងសិល្បៈល្ខោនស្រមោលស្បែក ដែលជាមរតកដូនតាខ្មែរបានបន្សល់ទុក តាំងតែពីតូចមក ទើបធ្វើឱ្យបុរសវ័យ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ ចាប់ផ្ដើមបង្កើតគំនិតច្នៃប្រឌិតរបស់ខ្លួន និងក្រោយពីបានមើលរូបថតស្រមោលចម្រឹងបង្អួច ប្រាសាទអង្គរវត្ត ដែលឆ្លុះឱ្យឃើញជាទ្រុងទ្រាយប្រាសាទមានកំពូល៣និងកំពូល៥។
លោក អ៊ួ ដារិទ្ធ កំពុងធ្វើការលើសិល្បៈស្រមោលរបស់ខ្លួន
គំរូនៃស្រមោលចម្រឹងបង្អួចប្រាសាទ គឺជាគន្លឹះដ៏ធំមួយ សម្រាប់លោក អ៊ួ ដារិទ្ធ ក្នុងការត្រួសត្រាយវិថីច្នៃប្រឌិតថ្មី។ ប៉ុន្តែទោះជាយ៉ាងណា យុវជនសម្បុរសមានសក់ខ្លីរាបរយរូបនេះ នៅតែខំស្រាវជ្រាវបន្ថែមនូវគំនិតច្នៃប្រឌិតសិល្បៈស្រមោល ពីបណ្ដាប្រទេសជឿនលឿននានា តាមរយៈGoogle និង Youtube ក៏ដើម្បីរំលេចសិល្បៈស្រមោលថ្មីមួយដែលមិនចម្លងគេ។
អង្គុយក្នុងហាងកាហ្វេមួយកន្លែង ដែលតុបតែងលម្អដោយគំនូរសហសម័យ និងមានតម្កល់សៀវភៅជាច្រើនក្បាល ទុកសម្រាប់ឱ្យអតិថិជនបានសិក្សាស្រាវជ្រាវ លោក អ៊ួ ដារិទ្ធ បញ្ជាក់បន្ថែមដូច្នេះ៖«ខ្ញុំចាប់ផ្ដើមស្រាវជ្រាវពីសិល្បៈស្រមោលនៅលើពិភពលោក ថាគេដើរដល់ណាហើយ ជាពិសេសប្រទេសជប៉ុន និងអ៊ីតាលី។ ខ្ញុំចាប់អារម្មណ៍សិល្បៈស្រមោលនៅប្រទេសអ៊ីតាលី គេដាក់ភ្លើងនៅជញ្ជាំងសារមន្ទីរ ដែលពន្លឺបាញ់ទៅបន្ទះលោហៈ ចេញជារូបរាងមនុស្ស ប៉ុន្តែយើងមិនអាចសម្គាល់បានថាជាបុគ្គលណាម្នាក់ទេ។ អ្វីដែលខ្ញុំចង់បានគឺការកំណត់អត្តសញ្ញាណរូបនរណាម្នាក់ឱ្យបានច្បាស់លាស់»។
សិល្បៈល្ខោនស្រមោលស្បែកតូច (រូបផ្ដល់ឱ្យដោយលោក មាឃ)
ប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត លើបច្ចេកទេសស្រមោល ប្រមាណ២ឆ្នាំ ដោយភាគច្រើនធ្វើការក្នុងគម្រោងរបស់បរទេស លោក អ៊ួ ដារិទ្ធ ដែលបានច្នៃពេលទំនេរក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ទៅបង្កើតគំនិតថ្មីលើសិល្បៈស្រមោល មានក្ដីប្រាថ្នាសង់ស្រមោលឱ្យចេញជារូបប្រាសាទអង្គរវត្ត សម្រាប់ការងារបន្ទាប់។ យ៉ាងណាក៏ដោយ បុរសកូនពៅក្នុងចំណោមបងប្អូន២នាក់ ដែលរៀនជំនាញវិស្វកររូបនេះ បើកទូលាយសម្រាប់អតិថិជន ដែលមានបំណងចង់ឱ្យលោកធ្វើរូបជូន។
«គ្រាន់តែជាបំណងប្រាថ្នាប៉ុណ្ណោះ ការងារធំបន្ទាប់ គឺខ្ញុំចង់បង្កើតស្រមោលឱ្យចេញជារូបប្រាសាទអង្គរវត្ត តែខ្ញុំនៅមិនទាន់ដឹងថាធ្វើបាន ឬក៏មិនបាននៅឡើយទេ។ ទោះជាយ៉ាងណា ខ្ញុំនឹងព្យាយាមសាកល្បង។ ការងារនេះមានការលំបាកច្រើន គឺការប៉ាន់ពីស្រមោល និងការជ្រើសរើសអំពូល ព្រោះអំពូលខ្លះវាធ្វើឱ្យមានស្រមោលរំខាន»។ នេះជាការពន្យល់បន្ថែមពីលោក អ៊ួ ដារិទ្ធ។
សិល្បៈស្រមោលដែលលោក អ៊ួ ដារិទ្ធ ធ្វើឡើង គឺប្រើភ្លើងបញ្ចាំងទៅលើបន្ទះលោហៈ ដែលបានរៀបជាទម្រង់អ្វីមួយ ហើយបង្កើតបានជារូបអត្តសញ្ញាណច្បាស់លាស់។ សិល្បៈនេះត្រូវបានរៀបចំ មានរាងដូចទៅនឹងស៊ុមរូបថត ដែលអាចផ្លាស់ទីតាំងបានតាមចំណង់ចំណូលចិត្ត៕
សូមអញ្ជើញទស្សនាវីដេអូបទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មី ជាមួយលោក អ៊ួ ដារិទ្ធ អ្នកច្នៃសិល្បៈស្រមោលបច្ចេកទេសថ្មីដូចតទៅ៖