ជាតិ
ត្រីគល់រាំង ត្រីត្រសក់ក្រហម និងត្រីកម្រផ្សេងទៀត បន្តមានលក់នៅទីផ្សារនៅក្រចេះ និងនាំចេញបន្ត រូបភាពពីអង្គការWWF
× ភ្នំពេញ៖ អង្គការ WWF បានរកឃើញទីតាំងធំៗចំនួន៣ នៅខេត្តក្រចេះ ដាក់លក់ត្រីសរុបចំនួន៣៥ប្រភេទ ក្នុងចំណោមនោះ មានប្រភេទត្រីកម្រដូចជា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីត្រចៀកដំរី និងបបែលទឹកសាប ជាដើម។ នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ថា WWF ដែលបានចុះអង្កេតរយៈពេល១៨ថ្ងៃ បានកត់ត្រាត្រីចំនួន៥.៥៩៦ គីឡូក្រាម ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងមួយថ្ងៃ បរិមាណត្រីសរុបចំនួន៣១០គីឡូក្រាម ត្រូវបានដាក់លក់នៅតាមផ្សារនៃខេត្តក្រចេះ។ ការជួញដូរត្រីនេះ បានប្រមូលផ្ដុំនៅទីតាំងធំៗចំនួន៣ រួមមាន កោះខ្ញែ អូរម្រះ និងត្បូងខ្លា ហើយត្រីដែលបានប្រមូលទិញពីទីតាំងទាំងនេះ ត្រូវបានដឹកទៅទីផ្សារខេត្តស្ទឹងត្រែង បន្ទាប់មកបញ្ជូនទៅរតនគីរី និងបន្តទៅប្រទេសវៀតណាម។ ហើយដឹកជញ្ជូនទៅកាន់ប្រទេសឡាវដោយកាត់តាមអន្លង់ឈើទាល និងទៅកាន់ភ្នំពេញ និងខេត្តសៀមរាបតាមរថយន្តឈ្នួល។
រូបភាពពីអង្គការWWF
បើតាមការសន្និដ្ឋានរបស់អង្គការWWF ត្រីដែលបានដាក់លក់នៅទីផ្សារ គឺជាត្រីដែលបានចាប់ពីអន្លង់ទឹកជ្រៅនៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ដោយបានប្រើប្រាស់ឧបករណ៍ស្របច្បាប់និងខុសច្បាប់។ ជាមួយគ្នានេះ របាយការណ៍ ស្ដីពីការពង្រឹងការអនុវត្តច្បាប់ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង បានបង្ហាញថា ចំនួនមងនេសាទដែលដកហូតបានពីការបង្ក្រាបបទល្មើសជលផលក្នុងចន្លោះខែធ្នូ ឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២០ មានប្រវែងសរុបចំនួន៣៩.១៦២ម៉ែត្រ កើនឡើង៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨-២០១៩។ រីឯ ការប្រើប្រាស់សន្ទួចរនងមានចំនួន ៣៧.០៤០ម៉ែត្រ កើនឡើង ៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨- ២០១៩។
រូបភាពពីអង្គការWWF
រដ្ឋបាលជលផល និងអង្គការWWF បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការលើការពង្រឹងអនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះការនេសាទខុសច្បាប់ និងជួញដូរប្រភេទត្រីជិត។ ការនេសាទ និងជួញដូរត្រីជិតផុតពូជនេះ មិនត្រឹមជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ វាក៏ជាការបង្កហានីភ័យខ្ពស់ ដល់ធនធានជលផល ជាពិសេសប្រភេទត្រីមេសំខាន់ៗ និងសត្វផ្សោតផងដែរ ៕
រូបភាពពីអង្គការWWF
រូបភាពពីអង្គការWWF
© រក្សាសិទ្ធិដោយ thmeythmey.com