ជាតិ
​ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម និង​ត្រី​កម្រ​ផ្សេងទៀត បន្ត​មាន​លក់​នៅ​ទីផ្សារ​នៅ​ក្រចេះ និង​នាំចេញ​បន្ត​
06, Jul 2020 , 8:59 am        
រូបភាព
រូបភាពពីអង្គការWWF
រូបភាពពីអង្គការWWF
​ភ្នំពេញ​៖ អង្គការ WWF បាន​រកឃើញ​ទីតាំង​ធំៗ​ចំនួន​៣ នៅ​ខេត្តក្រចេះ ដាក់លក់​ត្រី​សរុប​ចំនួន​៣៥​ប្រភេទ ក្នុងចំណោម​នោះ មាន​ប្រភេទ​ត្រី​កម្រ​ដូចជា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ត្រចៀកដំរី និង​បបែល​ទឹកសាប ជាដើម​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់​ថា WWF ដែល​បាន​ចុះ​អង្កេត​រយៈពេល​១៨​ថ្ងៃ បាន​កត់ត្រា​ត្រី​ចំនួន​៥.៥៩៦ គីឡូក្រាម ។​



​របាយការណ៍​ដដែល​បាន​បង្ហាញថា ក្នុង​មួយថ្ងៃ បរិមាណ​ត្រី​សរុប​ចំនួន​៣១០​គីឡូក្រាម ត្រូវបាន​ដាក់លក់​នៅតាម​ផ្សារ​នៃ​ខេត្តក្រចេះ​។ ការជួញដូរ​ត្រី​នេះ បាន​ប្រមូលផ្ដុំ​នៅ​ទីតាំង​ធំៗ​ចំនួន​៣ រួមមាន កោះ​ខ្ញែ អូរ​ម្រះ និង​ត្បូង​ខ្លា ហើយ​ត្រី​ដែល​បាន​ប្រមូល​ទិញ​ពី​ទីតាំង​ទាំងនេះ ត្រូវបាន​ដឹក​ទៅ​ទីផ្សារ​ខេត្តស្ទឹងត្រែង បន្ទាប់មក​បញ្ជូនទៅរ​តន​គី​រី និង​បន្តទៅ​ប្រទេស​វៀតណាម​។ ហើយ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ឡាវ​ដោយ​កាត់​តាម​អន្លង់​ឈើទាល និង​ទៅកាន់​ភ្នំពេញ និង​ខេត្តសៀមរាប​តាម​រថយន្តឈ្នួល​។ 

 រូបភាពពីអង្គការWWF

​បើតាម​ការសន្និដ្ឋានរ​បស់​អង្គការ​WWF ត្រី​ដែល​បានដាក់​លក់​នៅ​ទីផ្សារ គឺជា​ត្រី​ដែល​បាន​ចាប់ពី​អន្លង់​ទឹក​ជ្រៅ​នៅក្នុង​តំបន់​គ្រប់គ្រង​និង​ការពារ​សត្វ​ផ្សោត ដោយបាន​ប្រើប្រាស់​ឧបករណ៍​ស្របច្បាប់​និង​ខុសច្បាប់​។ ជាមួយគ្នានេះ របាយការណ៍ ស្ដីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង បាន​បង្ហាញថា ចំនួន​មង​នេសាទ​ដែល​ដកហូត​បាន​ពី​ការបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​ចន្លោះ​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២០ មាន​ប្រវែង​សរុប​ចំនួន​៣៩.១៦២​ម៉ែត្រ កើនឡើង​៣៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨-២០១៩​។ រីឯ ការប្រើប្រាស់​ស​ន្ទួ​ចរ​នង​មាន​ចំនួន ៣៧.០៤០​ម៉ែត្រ កើនឡើង ៤៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨- ២០១៩​។​

 រូបភាពពីអង្គការWWF
​រដ្ឋបាល​ជលផល និង​អង្គការ​WWF បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​លើ​ការពង្រឹង​អនុវត្តន៍​ច្បាប់​ឱ្យបាន​តឹងរ៉ឹង ចំពោះ​ការនេសាទ​ខុសច្បាប់ និង​ជួញដូរ​ប្រភេទ​ត្រី​ជិត​។ ការនេសាទ និង​ជួញដូរ​ត្រី​ជិត​ផុត​ពូជ​នេះ មិន​ត្រឹម​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ វា​ក៏​ជាការ​បង្ក​ហា​នី​ភ័យ​ខ្ពស់ ដល់​ធនធាន​ជលផល ជាពិសេស​ប្រភេទ​ត្រី​មេ​សំខាន់ៗ និង​សត្វ​ផ្សោត​ផងដែរ ៕


រូបភាពពីអង្គការWWF


 រូបភាពពីអង្គការWWF
 

Tag:
 ត្រី​កម្រ​
 ​ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com