ជាតិ
ស្នងការរងរាជធានីភ្នំពេញ​ ថាមានអង្គការ៣បានផ្តល់ថវិកាឱ្យបុគ្គលិកណាហ្គាវើលដ៍រៀប​​ចំ​ការតវ៉ា
04, Jan 2022 , 2:01 pm        
រូបភាព
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ឆ្វេង) លោក ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ(កណ្តាល) និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ(ស្តាំ) នាសន្និសីទសារព័ត៌មាន ស្តីពីការឃាត់ខ្លួនមេដឹកនាំធ្វើចលនា​ អុកឡុក​ និងញុះញង់ដោយខុសច្បាប់ នៅមុខណាហ្កាវើលចំនួន ​៩ នាក់​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​នៅថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២២​។
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ឆ្វេង) លោក ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ(កណ្តាល) និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ(ស្តាំ) នាសន្និសីទសារព័ត៌មាន ស្តីពីការឃាត់ខ្លួនមេដឹកនាំធ្វើចលនា​ អុកឡុក​ និងញុះញង់ដោយខុសច្បាប់ នៅមុខណាហ្កាវើលចំនួន ​៩ នាក់​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​នៅថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២២​។
ភ្នំពេញ៖ ស្នងការរងរាជធានីភ្នំពេញអះអាងថា ករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការរៀបចំពីអង្គការចំនួន៣ ដោយផ្ដល់ថវិកាឲ្យពួកគេ រៀបចំការតវ៉ាជាដំណាក់កាល។

 
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការឃាត់ខ្លួនអ្នកនាំធ្វើចលនាបាតុកម្មដោយខុសច្បាប់ នៅមុខណាហ្គាវើលដ៍ចំនួន៩នាក់» នៅព្រឹកថ្ងៃទី៤ ខែមករានេះ ស្នងការរាជធានីភ្នំពេញ បានបង្ហាញភស្តុតាងពីសំឡេង និងគម្រោងរៀបចំធ្វើការតវ៉ា។ លោក ហ៊ុន សុធី ស្នងការរងរាជធានភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការផ្ដល់ថវិកាគាំទ្រពីខាងក្រោយ ដោយអង្គការចំនួនបី ក្នុងនោះមានអង្គការចំនួន២នៅក្នុងស្រុក និងមួយទៀតនៅក្រៅស្រុក។ ជាមួយគ្នាដែរ លោកក៏បានបង្ហាញសារជាសំឡេង ក្នុងការរៀបចំគម្រោងប្រមូលផ្ដុំគ្នាតវ៉ា និងញុះញង់ឲ្យបុគ្គលិកចេញតវ៉ាផងដែរ។ 
 
មនុស្ស៩នាក់ ដែលត្រូវតុលាការចោទប្រកាន់នោះមានឈ្មោះ ១ឈឹម ស៊ីថរ, ២រី សុវណ្ណឌី, ៣សុន ស្រីពេជ, ៤ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ។ អ្នកទាំង៩នាក់នោះ មាន៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅ​តុលាការ។ ចំណែក ៣នាក់ទៀត បានរត់គេចខ្លួន មានឈ្មោះ ឈឹម ស៊ីថរ, សុខ ណារិទ្ធិ និងលោក សុខ គង្គ។ 
 
លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា​ស្ថាប័នតុលាការ បានសាកសួរជនទាំង៦រូបនោះ ហើយតាមចម្លើយពួកគេសារភាពទទួលស្គាល់ថា ក្រុមខ្លួន ពិតជាទទួលលុយ ពីក្រៅប្រទេសពិតមែន។ «ជនសង្ស័យទាំង៦នាក់នោះ បាន​ឆ្លើយសារភាពទទួលស្គាល់ថា ពិតជាមានការផ្ដល់ និងការឧបត្ថម្ភនូវថវិកា ដោយខុសច្បាប់ មកចិញ្ចឹមចលនានោះពិតប្រាកដ៏មែន ជាពិសេសតាមរយៈ ឈឹម ស៊ីថរ»។ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបន្ថែមថា នៅមានសំឡេងសារ និងសំឡេងប្រជុំ ដែលជាភស្តុតាងជាច្រើនទៀត។
 
លោក សេង ហៀង បានបង្ហាញថា បង្ហាញព័ត៌មានបឋមថា មេសហជីពនៃក្រុមតវ៉ានោះ បានទទួលម្ដង៥ពាន់ដុល្លារ ហើយមានចំនួនច្រើនដល់រាប់ម៉ឺនដុល្លារ ប៉ុន្តែលោកសុំមិនទាន់បង្ហាញព័ត៌មានលម្អិត។ 
 
មកដល់ពេលនេះ សារព័ត៌មានថ្មីៗ ពុំទាន់សុំការឆ្លើយតបបានពីកញ្ញា ឈឹម ស៊ីថរ បាននៅឡើយទេ។ 
 
កាលពីថ្ងៃទី៣មករា លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា សមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកតវ៉ា១៧នាក់បន្ថែមទៀត ដើម្បីសារសួរនិងបន្តនីតិវិធីតាមច្បាប់៕ 
 
អត្ថបទទាក់ទង
 
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com