ជាតិ
សេដ្ឋកិច្ច
GMAC៖ ការព្យួរ​EBA រយៈពេល​ខ្លី​ណាមួយ អាច​ប៉ះពាល់​ផ្ទាល់​ដល់ក​ម្មករ​រាប់សែន​នាក់​នៅ​កម្ពុជា
23, Oct 2018 , 9:59 pm        
រូបភាព
រូបភាពបានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រូបភាពបានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ បើ​សហភាព​អឺរ៉ុប ព្យួរ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​(EBA) ពី​កម្ពុជា ក្នុង​រយៈពេល​ខ្លី​ណាមួយ  វា​អាចមាន​ផលប៉ះពាល់​អវិជ្ជមានរ​យៈ​ពេល​វែង ដល់​ជីវិត​របស់​កម្មករ​ប្រមាណ​៧០​ម៉ឺន​នាក់ ក្នុង​វិស័យ​កាត់ដេរ នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ផ្ញើជូន​លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជ​កម្មគ​ណៈ​កម្ម​ការ​អឺរ៉ុប កាលពី​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១៨​។​

 
​ការព្រួយបារម្ភ​របស់ GMAC នេះ បានកើត​ឡើង ក្រោយពី​សហភាព​អឺរ៉ុប​(EU) បានប្រកាសថា ដំណើរការ​នីតិវិធី​របស់ខ្លួន លើ​ការដក ឬ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) លើ​ទំនិញ​គ្រប់មុខ​របស់​កម្ពុជា លើកលែងតែ​គ្រឿង​សព្វាវុធ ។​
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ដែល​តំណាង​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នាំចេញ ទាំងអស់​ក្នុងប្រទេស​កម្ពុជា បានស្នើ​លោកស្រី Cecilia Malmstrom យកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុងការ​សម្រេចចិត្ត​ដោយ​ពិចារណា ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (Everything But Arms- EBA) លើ​កម្ពុជា ពោលគឺ​ចៀសវាង​សំអាង​លើ​ហេតុផល​មួយចំនួន ដែលមាន​កើតឡើង​កន្លងមក​។​
 
​លិខិត​របស់​GMAC ដែល​ស្នើ​ទៅ​លោកស្រី Cecilia បាន​សរសេរ​ដូច្នេះ​ថា​៖«​យើង​ប្ដេជ្ញា​ចិត​ចំពោះ​ដំណើរការ​កែលម្អ​ជាប់​ជានិច្ច សម្រាប់​វិស័យ​របស់​យើង និង​សម្រាប់​កម្មករ​របស់​យើង​។ យើង​ត្រូវ​ការគាំទ្រ​ពី​ដៃគូ​ទាំងអស់​របស់​យើង រួមទាំង​សហភាព​អឺរ៉ុប​ដើម្បី​ធ្ចើ​វា​ឲ្យ​កើតឡើង​។ ការព្យួរ​បណ្ដោះអាសន្ន​នៃ​គម្រោង EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី រយៈពេល​ខ្លី​ណាមួយ អាចមាន​ផលប៉ះពាល់​អវិជ្ជមាន រយៈពេល​វែង​ដល់​ជីវិត​របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ​។ ភាព​រីកចម្រើន​ទាំងអស់ ដែល​កម្ពុជ​សម្រេចបាន ក្នុង​រយៈកាល​២​ទស្សវត្សរ៍​កន្លងមក​នេះ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ដៃគូ​អភិវឌ្ឍន៍ ដូចជា សហភាព​អឺរ៉ុប អាច​បំផ្លាញ​យ៉ាង​លឿន​»​។​
 
​អម​ជាមួយ​ក្តី​ព្រួយបារម្ភ​នេះ GMAC បាន​និយាយថា សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​។ ពិសេស​សម្រាប់​វិស័យ​សម្លៀកបំពាក់​និង​ស្បែកជើង​។ ក្នុងនោះ​ទំនិញ​ជាង​៤៦​ភាគរយ នៃ​សម្លៀកបំពាក់ និង​ស្បែង​ជើង​សរុប​របស់ GMAC បាន​នាំ​ចេញទៅ​សហភាព​អឺរ៉ុប​។ ហើយ GMAC ទន្ទឹងរង់ចាំ​បង្កើន​ចំនួន​នេះ​បន្ថែមទៀត នា​ឆ្នាំ​ខាងមុខ​។  
 
«​ទោះយ៉ាងណា​ក្តី យើង​នៅតែមាន​សុទិដ្ឋិនិយម​ថា វិស័យ​របស់​យើង នឹងមិន​ស្ថិតនៅក្នុង​ការដាក់ទណ្ឌកម្ម​ណាមួយ និង​មិន​ស្ថិតនៅក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​ឡើយ​។ កំណត់ត្រា​របស់​យើង ក្នុងការ​លើកកម្ពស់​អនុសញ្ញា​ចំនួន​១៥​ពាក់ព័ន្ធ នឹង​សិទ្ធិមនុស្ស និង​ការងារ​ស្នូល ព្រមទាំង​អនុសញ្ញា​ចំនួន​១២ ពាក់ព័ន្ធ​នឹង​បរិស្ថាន អភិបាលកិច្ច​ល្អ …»​។ នេះ​បើតាម​លិខិត​របស់ GMAC​។​
 
​យោងតាម​ប្រភព​ដដែល វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែង​ជើង​នៅ​កម្ពុជា បានផ្តល់​ការងារ​ដោយផ្ទាល់​ដល់ ប្រជាពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់​។ ក្នុងនោះ មាន​ជាង​៨៥​ភាគរយ ជា​ស្ត្រី​មកពី​បណ្ដា​ខេត្ត​ជនបទ​។ រៀងរាល់ខែ​ប្រាក់​ជាង​១៥០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចំណាយ​ទៅលើ​កម្មករ​ទាំងនោះ​។ ដោយឡែក ពលរដ្ឋ​២​លាន​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​១៦​លាន​នាក់ នៅ​កម្ពុជា​ពឹង​ផ្អែកលើ​វិស័យនេះ​៕  

Tag:
 សេដ្ឋកិច្ច​
  EBA
  GMAC
  Cecilia Malmstrom
© រក្សាសិទ្ធិដោយ thmeythmey.com