អន្តរជាតិ
លោក Patrick Murphy ត្រូវ​លោក ត្រាំ ស្នើ​តែងតាំង​ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ឡើងវិញ​
22, Mar 2019 , 12:18 pm        
រូបភាព
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
​លោក Patrick Murphy ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្នើ​តែងតាំង​ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ម្ដងទៀត​។ លោក Murphy ដែលជា​បច្ចុប្បន្ន​ជា​ឧបការី​រង​ទទួល​កិច្ចការ​អាស៊ី​នៅ​ក្រសួងការបរទេស​អាមេរិក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២២ ខែមីនា ថា បេក្ខភាព​របស់លោក​ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​កាលពី​ខែមករា​កន្លងទៅ​។

 
​លោក Patrick Murphy នៅតែ​ជា​បេក្ខជន​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដដែល​។ បេក្ខភាព​របស់លោក Murphy ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជូន​ជាថ្មី​ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​សុំ​ការអនុម័ត​ក្នុង​ខែមករា បន្ទាប់ពី​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បង្វិល​ត្រឡប់​ទៅ​ឲ្យ​លោក ត្រាំ វិញ​។​
 
 
​ការបញ្ជូន​ត្រឡប់​វិញ​នេះ ធ្វើឡើង​បន្ទាប់ពី​បេក្ខភាព​របស់លោក Murphy មិន​ត្រូវបាន​ព្រឹទ្ធសភា​នីតិកាល​ទី​១១៥ យល់ព្រម​ឡើយ​។ បច្ចុប្បន្ននេះ បេក្ខភាព​របស់លោក កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​ព្រឹទ្ធសភា​នីតិកាល​ទី​១១៦ ។ តាមច្បាប់​របស់​អាមេរិក អគ្គរដ្ឋទូត​នៅ​បរទេស​ត្រូវមាន​ការយ​ល់​ព្រម​ពី​ព្រឹទ្ធសភា​សិន ទើប​អាច​កាន់តំណែង​បាន​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២២ ខែមីនា លោក Murphy ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បានស្នើ​តែងតាំង​ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​បេក្ខភាព​របស់ខ្ញុំ​ត្រូវបាន​ស្នើឡើង​វិញ​ក្នុង​ខែមករា ហើយ​កំពុង​ស្ថិតក្នុង​ដៃ​របស់​ព្រឹទ្ធសភា​។ យើង​រង់ចាំ​ការពិចារណា​ថែមទៀត​របស់​ព្រឹទ្ធសភា​»​។​
 
​បើ​មានការ​ឯកភាព​ពី​ព្រឹទ្ធសភា​អាមេរិក លោក Patrick Murphy ដែល​បច្ចុប្បន្ន​ជា​ឧបការ​រី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹង​ជំនួស​តំណែង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt តាម​ការស្នើសុំ​តែង​តាំងរបស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៕
 

Tag:
 ​កម្ពុជា​
  អាមេរិក​
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com